អន្តរជាតិ
គូ​ស្វាមីភរិយា​ហ្វីលីពីន​១​គូ រៀប​មង្គលការ​ក្រោម​ផ្សែង​ខ្មួលខ្មាញ់​ពី​ភ្នំភ្លើង​
14, Jan 2020 , 10:47 am        
រូបភាព
ដោយ:
​ការគំរាមកំហែង​នៃ​បំផ្ទុះ​ភ្នំភ្លើង ពុំបាន​បញ្ឈប់​គូ​ស្វាមីភរិយា​ដ៏​ស្មោះស្ម័គ្រ​១​គូ​ពី​ការរៀប​អាពាហ៍ពិពាហ៍​ពួកគេ នៅក្បែរ​កោះ Taal ឡើយ ។

 
​អ្នក​ថតរូប​ជនជាតិ​ហ្វីលីពីន​ម្នាក់ ឈ្មោះថា Radolf Evan បាន​ប្រាប់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia នៅ​ថ្ងៃអាទិត្យ ១២ មករា ថា​លោក​បាន​ថតរូប​ភាព​នៃ​ការរៀបចំ​ពិធីមង្គលការ នៅ​ម៉ោង​ប្រហែល ២ រសៀល ។ ពេលនោះ មនុស្ស​នៅ​ពិធី​នេះ បានចាប់ផ្តើម​កត់សម្គាល់​សកម្ម​ភាពមិនប្រក្រតី​ពី​ភ្នំភ្លើង Taal ។​
 
​បើតាម​ប្រភព​ដដែល ភ្នំភ្លើង​នេះ មាន​ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​កសិដ្ឋាន Sovanna ក្នុង​ទីក្រុង Alfonso ក្នុង​ខេត្ត Cavite ។ ទីកន្លែង​នេះហើយ​ដែល​គូ​ស្វាមីភរិយា​ហ្វីលីពីន​មួយគូ​នេះ គឺ​លោក Chino Vaflor និង Kat Palomar បានរៀបចំ​មង្គលការ​ពួកគេ​។ 


 
​លោក Evan ដែលជា​អ្នក​ថតរូប​មង្គលការ​អាជីព​រយៈពេល​៨​ឆ្នាំ និយាយថា​៖«​យើង​គិតថា ភ្នំភ្លើង​នេះ ប្រហែលជា​មិន​រីក​រាល​ធំ​ឡើង ក៏ប៉ុន្តែ​យើង តាមដាន​ស្ថានការណ៍​នេះ​ជានិច្ច​តាម​បណ្ដាញ​សង្គម​»​។ លោក សង្កត់ធ្ងន់ថា ក្រុម​លោក ក៏បាន​គិតគូរ​ពីអ្វី​ដែល​ពួកគេ​ត្រូវធ្វើ នៅពេល​ជួបប្រទះ​នឹង​សេណា​រី​យ៉ូ​អាក្រក់​បំផុត​នោះ​។ យ៉ាងណាមិញ ពិធីមង្គលការ​នេះ បាន​ប្រារព្ធ​ទៅមុខ​ដូច​ការគ្រោងទុក​។​
 
​បើតាម​លោក Evan អ្នក​ទាំងពីរ​បានរួម​រស់​ជាមួយគ្នា​អស់​ពេល ៨​ឆ្នាំ ហើយ​បច្ចុប្បន្ន​ពួកគេ មានកូន​២​នាក់​។ ដូច្នេះ លោក យល់ថា ថ្ងៃនេះ​គឺ​ពិសេស​បែបនេះ​ណា​សម្រាប់​ពួកគេ ហើយ​នេះ​ជា​ពិធីមង្គលការ​ដ៏​គួរ​ឲ្យ​ចងចាំ​បំផុត​មួយ​។ 
 
 
​សូមបញ្ជាក់ថា កោះ​ភ្នំភ្លើង Taal មាន​ទីតាំងនៅ​ចំ​កណ្ដាល​នៃ​បឹង​មួយ​ចម្ងាយ​៧០​គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ានីល​។ ដោយមាន​សម្រស់​ធម្មជាតិ​ស្អាត និង​ស្ងប់ស្ងាត់​ល្អ ជា​គឺជា​ទីតាំង​ដ៏​ពេញនិយម​មួយ​សម្រាប់​ភ្ញៀវទេសចរ​។ ក៏ប៉ុន្តែ​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ ភ្នំភ្លើង​នេះ បាន​បាញ់​ផ្សែង​ចេញទៅ​លើ​មេឃ​យ៉ាង​ខ្មួលខ្មាញ់ ហើយ​បាន​ហុយ​ផេះ​ទាំងនោះ​ចូលទៅក្នុង​ទីក្រុង​ក្បែរ​ខាង ហើយ​សូម្បីតែ​រដ្ឋធានី​របស់​ហ្វីលីពីន​។ មនុស្ស​រាប់ពាន់​ត្រូវបាន​បង្ខំ​ឲ្យ​ជម្លៀស​ខ្លួន​ពី​ផ្ទះសម្បែង​ពួកគេ ខណៈ​ក្រុម​អ្នកជំនាញ ព្រមាន​ថា ការផ្ទុះ​ភ្នំភ្លើង​នេះ អាច​កើតឡើង​គ្រប់ពេល ហើយ​អាច​បង្ក​ជា​រលក​ស៊ូណាមិ​ទៀតផង​៕



Tag:
 ហ្វីលីពីន​
  ភ្នំភ្លើង Taal
  រៀប​អាពាហ៍ពិពាហ៍
© រក្សាសិទ្ធិដោយ thmeythmey.com