ជាតិ
នយោបាយជាតិ
ទ្រង់ធម្មិកោ លោក ប៉ុល ហំម លោក សុន ឆ័យ លោក យ៉ែម បុញ្ញឫទ្ធិ...មិនត្រូវឲ្យចូលសវនាការលោក កឹម សុខា
× ថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណបក្សប្រឆាំង៤រូប បានសុំចុះឈ្មោះចូលរួមសវនាការអង្គសេចក្តីលើសំណុំរឿងរបស់លោក កឹម សុខា នៅម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ តែត្រូវបដិសេដ។ នេះបើតាមព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលទ្រង់មានព្រះបន្ទូលជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៤ ខែមករា។
ព្រះអង្គម្ចាស់ ធម្មិកោ លើកឡើងថា ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងទាំង៤រូប ដែលត្រូវបដិសេធមិនឲ្យចូលរួមសវនាការដែរនោះ គឺ ព្រះអង្គម្ចាស់ខ្លួនឯង លោក ប៉ុល ហំម លោក សុន ឆ័យ និង លោក យ៉ែម បុញ្ញឫទ្ធិ ដោយរួមទាំងលោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា ផងដែរ។
បើតាមព្រះអង្គម្ចាស់ ធម្មកោ មន្ត្រីរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ លើកហេតុផលថា ការសុំចុះឈ្មោះចូលរួមសវនាការរបស់លោក កឹម សុខា គឺពេញអស់ហើយ។ ទ្រង់ មានព្រះបន្ទូលដូច្នេះ៖«គេ ថាបន្ទប់តូចចង្អៀត។ យ៉ាងណា គួរតែឲ្យគ្នាខ្ញុំម្នាក់-ពីរនាក់ចូលដែរ តែនេះ បដិសេធទាំងអស់តែម្តង។ ខ្ញុំ សោកស្តាយមែនទែន»។
ព្រះអង្គម្ចាស់ បន្តថា ព្រះអង្គម្ចាស់ និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង មិនបានទៅចុះឈ្មោះខ្លួនឯងដល់សាលាដំបូងរាជធានីភ្នំពេញនោះទេ ដោយបានបញ្ជូនបញ្ជីឈ្មោះតាមរយៈមេធាវីរបស់លោក កឹម សុខា ដើម្បីសុំចុះឈ្មោះឲ្យ។ ទោះជាត្រូវបដិសេធ តែទ្រង់ ប្រាប់ថា ទ្រង់ នឹងយាងទៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមដានមើលការបើកសវនាការនេះ។
ចំណែក លោក ប៉ុល ហំម ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ដូច្នេះថា៖«ខ្ញុំ អត់បានទៅចូលរួមសវនាការទេ ខ្ញុំ នៅផ្ទះ»។
លោក មុត ចន្ថា ជំនួយការលោក កឹម សុខា ដែលមិនបានចូលរួមសវនាការដែរនោះ បញ្ជាក់ជាថ្មីៗថា លោក កឹម សុខា និងមេធាវីទាំង៤រូប ត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមសវនាការ។ ព័ត៌មានផ្សេងទៀត ដែលថាអ្នកណាខ្លះ បានចូលរួមសវនាការនោះ លោក មុត ចន្ថា មិនបានដឹងឡើយ។
លោក អ៊ូ ច័ន្ទរ័ត្ន ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងម្នាក់ ក៏ត្រូវបានបដិសេធ ពេលលោក ឲ្យជំនួយការទៅសុំចុះឈ្មោះចូលរួមសវនាការរបស់លោក កឹម សុខា។ លោក ទទួលបានហេតុផលដូចគ្នាថា ការចុះឈ្មោះគឺពេញអស់ហើយ។ លោក សន្និដ្ឋានថា អ្នកចូលរួមក្នុងសវនាការនេះ ប្រហែលជាមានទូតបរទេសនានាផងដែរ។
តុលាការ កំណត់ឲ្យមនុស្សជាង៣០នាក់ប៉ុណ្ណោះ ចូលរួមសវនាការរបស់លោក កឹម សុខា។ សវនាការនេះ គឺដើម្បីសម្រេចថា លោក កឹម សុខា ពិតជាមានទោសដូចការចោទប្រកាន់មែន ឬក៏គ្មាន។ លោក រងពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលសំដៅថាលោក លួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕
Tag:
ធម្មិកោ
កឹម សុខា
សវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com