អន្តរជាតិ
​មហាសេដ្ឋី​ជប៉ុន Yusaku ស្វែងរក​ដៃគូ​ជីវិត​សម្រាប់​ដំណើរ​ទៅ​ឋាន​ព្រះ​ចន្ទ​
14, Jan 2020 , 7:19 pm        
រូបភាព
ដោយ: ធីតា
​មហាសេដ្ឋី​ជប៉ុន លោក Yusaku Maezawa កំពុង​ប្រកាស​ស្វែងរក​នារី​ម្នាក់​ជា​ដៃគូ​ជីវិត សម្រាប់​រួម​ដំណើរ​ជាមួយ​លោក​ទៅកាន់​ឋាន​ព្រះ​ចន្ទ ក្រោម​ការរៀបចំ​របស់​ក្រុមហ៊ុន​អវកាស Space X​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​

 
​លោក Maezawa អាយុ​៤៤​ឆ្នាំ ជា​មហាសេដ្ឋី​ផ្នែក​រចនា​ម៉ូដ និង​សិល្បៈ​ដែលមាន​ទ្រព្យសម្បត្តិ​ប្រមាណ​១.៨​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​បច្ចុប្បន្ន​លោក​ជា​បុរស​ពោះម៉ាយ និង​មានកូន​បីនាក់​។ 
 
​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ លោក​បានប្រកាសថា លោក​ត្រៀមខ្លួន​ក្លាយជា​អ្នកទេសចរ​ដំបូង​បំផុត​ក្នុង​ដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​តាមរយៈ​អវកាស SpaceX Starship ដែល​បាន​ដែល​ត្រូវបាន​ផលិតឡើង​កាលពី​ឆ្នាំ​២០១៧​។​
 
SpaceX បាន​បញ្ជាក់ថា ដំណើរ​ទេសចរណ៍​នេះ នឹង​ចាប់ដំណើរការ​មិន​ឲ្យ​ហួស​ឆ្នាំ​២០២៣​ឡើយ​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ លោក Maezawa បានចាប់ផ្តើម​ប្រកាស​រក​ដៃគូ​ប្រចាំជីវិត ហើយ​រួម​ដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​ជាមួយ​លោក​។​
 
«​ខ្ញុំ​ចង់​ស្វែងរក​ដៃគូ​ជីវិត​។ ជាមួយនឹង​ដៃគូ​អនាគត​របស់ខ្ញុំ ខ្ញុំ​ចង់បង្ហាញ​ពី​សេចក្តីស្នេហា និង​សន្តិភាព​ពិភពលោក ពី​ភព​ផ្សេង​មួយទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក Maezawa ផ្ទាល់​។​
 
​តាមរយៈ​ព័ត៌មាន​នៅលើ https://mz.abema.tv/en.html  លោក Maezawa បានដាក់​កាលបរិច្ឆេទ​ចុងក្រោយ​ត្រឹម​ថ្ងៃទី​១៧ ខែមករា ដោយ​បេក្ខភាព​ត្រូវមាន​អាយុ​២០​ឆ្នាំ​ឡើង ជាពិសេស​ជានា​រី​ដែលមាន​បំណងប្រាថ្នា​ក្នុង​ជីវិត​ខ្ពស់ ក៏ដូចជា​សន្តិភាព​ពិភពលោក​៕

Tag:
 ឋាន​ព្រះ​ចន្ទ​
  SpaceX
© រក្សាសិទ្ធិដោយ thmeythmey.com