អន្តរជាតិ
លោក មូន ចេអ៊ីន៖ កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងជើងមិនទាន់ចប់ទេ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន, រូបភាព៖ Reuters
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១៤ ខែមករា បានលើកឡើងថា ច្រកចរចាជាមួយអាមេរិក កូរ៉េខាងជើងមិនទាន់បិទត្រឹមនេះទេ ហើយមនុស្សមួយចំនួន ក៏មិនត្រូវមានទុទិ្ទដ្ឋិនិយមពេកដែរ នៅពេលកិច្ចចរចានេះជាប់គាំង។
បន្ទាប់ពីកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ត្រូវបានផ្អាកចាប់តាំងពីបរាជ័យនៅទីក្រុងស្តុកខុល ស៊ុយអ៊ែតមក ជាពិសេសជាមួយការប្រកាសសាកល្បងអាវុធយុទ្ធសាស្ត្រថ្មី និងការបញ្ចប់ការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងមក មនុស្សជាច្រើនសុទ្ធតែគិតថាកិច្ចចរចាមួយនេះត្រូវបញ្ចប់ហើយ។ ប៉ុន្តែសញ្ញាមួយនេះ ហាក់ដូចជាមានពន្លឺវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនពរថ្ងៃកំណើត ដល់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ ការផ្ញើលិខិតមួយច្បាប់នេះ គឺជាសារបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ចង់មានកិច្ចចរចាជាថ្មីជាមួយទីក្រុងព្យុងយ៉ាង។
នាសន្និសីទសារព័ត៌មានឆ្នាំថ្មីនាវិមានប្រធានាធិបតី Cheong Wa Dae លោក មូន ចេអ៊ីន បានបញ្ជាក់ថា មនុស្សមួយចំនួនសុទ្ធតែបារម្ភពីការបង្កបញ្ហាថ្មីនៅចំថ្ងៃខួបរបស់លោក គីម ប៉ុន្តែវាមិនដូច្នោះឡើយ លោកត្រាំ បានផ្ញើលិខិតជូនពរដល់លោកគីម និងមានបំណងចង់ចរចាឡើងវិញ។ បើតាមប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ច្រកទ្វាសម្រាប់ចរចារវាងអាមេរិក និងកូរ៉េខាងជើង មិនទាន់បិទនៅឡើយទេ ហើយភាគីទាំងពីរនឹងត្រលប់ទៅចរចាវិញ ប្រសិនបើ សំណើត្រូវបានប្រទេសទាំងពីរទទួលយកទៅវិញទៅមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងន័យនេះ កិច្ចចរចាអាមេរិក និងកូរ៉េខាងជើង ពិតជានៅទ្រឹងមែន ប៉ុន្តែមេដឹកនាំអាមេរិក និងកូរ៉េខាងជើងនៅតែបន្តការទុកចិត្តគ្នាដដែល។ នាថ្ងៃទី៧ ខែមករា លោកមូន បានទទូចឲ្យមានវិធានការពិសេសមួយ ដើម្បីកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងជើង។
ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍មួយ កូរ៉េខាងជើងអះអាងថា បើទោះបីជាមេដឹកនាំ គីម ពេញចិត្តទៅលើទំនាក់ទំនងជាមួយលោកត្រាំ ក៏ពិតមែន ប៉ុន្តែលោកប្រមុខ នឹងមិនយកអារម្មណ៍ មកតាក់តែងគោលនយោបាយកូរ៉េខាងជើងឡើង ព្រោះវាអាចធ្វើឲ្យប៉ះពាល់ប្រយោជន៍ជាតិ។ មិនត្រឹមតែឆ្លើយតបអាមេរិកទេ សេចក្តីថ្លែងការណ៍នេះ ថែមទាំងបានបន្តុះបង្អាប់កូរ៉េខាងត្បូងផងដែរថា ព្យាយាមជ្រៀតជ្រែកចូលទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើងថែមទៀត។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយ អាមេរិក បានពិនិត្យតាមដានកូរ៉េខាងជើងយ៉ាងញឹកញាប់ បន្ទាប់ពីទីក្រុងព្យុងយ៉ាងប្រកាសឲ្យកាដូអាមេរិកនៅថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសកល និងការប្រកាសសាកល្បងអាវុធយុទ្ធសាស្ត្រថ្មីរបស់ខ្លួនឲ្យពិភពលោកមើល។ តួយ៉ាងអាមេរិក បានបញ្ជូនយន្តហោះស៊ើបការណ៍ទៅហោះលើឧបទ្វីបកូរ៉េជាបន្តបន្ទាប់ ដើម្បីពិនិត្យមើលសកម្មភាពកូរ៉េខាងជើង៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com