ក្រសួងបរិស្ថាន ផ្តល់​ថវិកា​២​ម៉ឺន​ដុល្លារ សម្រាប់​អភិរក្ស​សត្វ​ដំរី​
ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន ផ្តល់​ថវិកា​២​ម៉ឺន​ដុល្លារ សម្រាប់​អភិរក្ស​សត្វ​ដំរី​
14, Jan 2020 , 8:39 pm        
រូបភាព
មន្តី្រក្រសួងបរិស្ថានបានប្រគល់ថវិកា​ចំនួន២ម៉ឺនដុល្លារដល់​សមាគមអភិរក្សដំរី នៅខេត្ត​មណ្ឌលគិរី រូបភាពពីក្រសួង​បរិស្ថាន​
មន្តី្រក្រសួងបរិស្ថានបានប្រគល់ថវិកា​ចំនួន២ម៉ឺនដុល្លារដល់​សមាគមអភិរក្សដំរី នៅខេត្ត​មណ្ឌលគិរី រូបភាពពីក្រសួង​បរិស្ថាន​
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន ផ្តល់​ថវិកា​២​ម៉ឺន​ដុល្លារ ដល់​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា សម្រាប់​ការពារ និង​អភិរក្ស​សត្វ​ដំរី នៅ​ខេត្តរតនគិរី​។ បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន ថវិកា​ទាំងនេះ នឹង​អាចជួយ​ដល់​ការងារ​អភិរក្ស​ជីវៈចម្រុះ និង​ការ​បង្កាត់​ពូជ​សត្វ​ដំរី​បន្ថែមទៀត​។


 
​ក្រសួងបរិស្ថាន បាន​ស្រង់​សម្តី​លោក ស៊ី រ៉ា​មុនី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​នៃ​ក្រសួងបរិស្ថាន​ថា ការផ្តល់​ថវិកា ដល់​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា គឺ​ស្របតាម​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​ទិសដៅ​ការងារ សំដៅ​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព​ការងារ ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព ដើម្បី​ភាពសុខដុមរមនា​រប​ស់​ប្រជាជន កម្ពុជា​គ្រប់រូប​និង​គ្រប់​ជំនាន់​។​
 
​លោក ស៊ី រ៉ា​មុនី លើកឡើងថា ក្រសួងបរិស្ថាន មាន​ចក្ខុវិស័យ និង​បេសកកម្ម ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ការងារ គ្រប់គ្រង និង​អភិរក្ស ធនធានធម្មជាតិ និង​ការងារ​បរិស្ថាន​បន្ថែម​ទៀត​។​ បច្ចុប្បន្ន​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា មាន​សត្វ​ដំរី​៤​ក្បាល ក្នុងនោះ​ឈ្មោល​៣​ក្បាល និង​ញី​១​ក្បាល​។ 

លោកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវតា្ត ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ថវិកា២ម៉ឺនដុល្លារនេះ ជាចំណែកមួយ ក្នុងការផ្សព្វផ្សាយសកម្មភាព និងសេវាកម្មអេកូទេសចរណ៍ សម្រាប់ឲ្យភ្ញៀវទេសចរទៅទស្សនាដំរី។ លោកស្រី បន្តថា ជាពិសេស ពលរដ្ឋដែលប្រកបមុខរបរនៅទីនោះ ក៏ទទួលផលពីវិស័យទេសចរណ៍ផងដែរ។

លោកស្រី បញ្ជាក់ដូច្នេះថា៖«នេះគឺជាការលើកទឹកចិត្តដ៏វិសេសពីក្រសួងបរិស្ថាន។ សមាគមនឹងប្តេជ្ញាធ្វើការឲ្យបានសកម្ម និងប្រើថវិកាឲ្យមានប្រសិទ្ធភាព»។ លោកស្រី មានប្រសាសន៍ថា សមាគមអៃរាវតា្ត ជាសមាគមតូចមួយ ដែលមានតួនាទីសំខាន់ ក្នុងការការពារ អភិរក្សសត្វដំរី បង្កាត់ពូជសត្វដំរីស្រុក ការពារបរិស្ថាន និងជាគំរូដល់សមាគមផ្សេងទៀត ព្រមទាំងបង្ហាញដល់ពលរដ្ឋខ្មែរឲ្យដឹងពីសារៈសំខាន់នៃការអភិរក្សដំរី ការពារវប្បធម៌ និងបរិស្ថាន៕

 

Tag:
 ដំរី​
 ​ក្រសួងបរិស្ថាន​
 ​ថវិកា​
© រក្សាសិទ្ធិដោយ thmeythmey.com