ជាតិ
អ្នកនាំពាក្យ​៖ នៅ​មជ្ឈិមបូព៌ា មាន​ពលករ និង​និស្សិត​ខ្មែរ​ជាង​២០០​នាក់​
14, Jan 2020 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រាប់ថា បច្ចុប្បន្ន ពលករ​ខ្មែរ  មាន​៦៨​នាក់ ចំណែក​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង កីឡា ផ្តល់ព័ត៌មាន​ថា និស្សិត​ខ្មែរ​នៅ​ទីនោះ មាន​១៤៩​នាក់ ដែល​កំពុងធ្វើការ​និង​សិក្សា តាម​បណ្តា​ប្រទេស​នានា នៅ​តំបន់​មជ្ឈិមបូព៌ា ដូចជា អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប និង រដ្ឋ​កូ​វ៉ែត ជាដើម​។​


 
​អ្នក​ពាក្យ​ទាំងពីរ សុទ្ធតែ​អះអាងថា កម្ពុជា មិនទាន់មាន​គម្រោង​ជម្លៀស​ពលករ​និង​និស្សិត​ខ្មែរ​ទាំងនោះ​ចេញពី​តំបន់​ប​ជ្ឈិ​ម​បូព៌ា​ទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា កំពុង​តាមដាន​ស្ថានភាព​ជម្លោះ​រវាង​អាមេរិក​និង​អឺ​រ៉ង់​នៅ​តំបន់​ប​ជ្ឈិ​ម​បូព៌ា​នេះ​យ៉ាង​យកចិត្តទុកដាក់​។​
 
​លោក រស់ សុ​វាចា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០ ថា ក្រសួង​អប់រំ បាន​បញ្ជូន​និស្សិត​ខ្មែរ​១១៦​នាក់ ទៅ​សិក្សា​នៅ​ប្រទេស​អេ​ហ្ស៊ី​ប និង​៣៣​នាក់​ទៀត ទៅ​សិក្សា​នៅ​រដ្ឋ​កូ​វ៉ែត​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​កំពុង​បន្ត​យកចិត្តទុកដាក់​កម្រិត​ខ្ពស់​តាមដាន​ស្ថានការណ៍ [​នៅ​មជ្ឈិមបូព៌ា​] នេះ​»​។ 
 
​ចំណែក​លោក ហេង សួរ ថ្លែងថា បច្ចុប្បន្ន ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា មិនទាន់​ឈានដល់​ចំណុច ដែល​ត្រូវ​ជម្លៀស​ពលករ​ខ្មែរ​ឡើយ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០ អ្នកនាំពាក្យ​ក្រសួង​ការងារ និយាយ​បែបនេះ​ថា​៖«​ពលរដ្ឋ​កម្ពុជា​ទាំង​៦៨​នាក់​នោះ ក្រសួង​បាន​ទាក់ទង​ជាមួយ​ជាប្រចាំ តាមរយៈ​ស្ថាន​អគ្គរាជទូត​នៅ​ទីនោះ ដោយ​ឃើញថា មិនទាន់​ដល់​ចំណុច​មួយ ដែល​ត្រូវ​ជម្លៀស​នៅឡើយ​ទេ ព្រោះ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ឆ្ងាយ​ពី​ចំណុច​ហានិភ័យ​មួយចំនួន​។ ប៉ុន្តែ​ក្រសួង និង​រដ្ឋាភិបាល ជាពិសេស​ស្ថានទូត​ប្រចាំ​នៅ​តំបន់​នោះ កំពុង​តាមដាន​លើស​ភាព​ការ​នេះ​»​។ លោក បន្ថែមថា ពលករ​ខ្មែរ​ទាំង​៦៨​នាក់​នោះ គឺជា​អ្នក​បំពេញការងារ​បម្រើ​ការ​តាម​ផ្ទះ​។ 


 
​ជុំវិញ​រឿងនេះ សារព័ត៌មាន​ថ្មីៗ​មិនអាច​ទាក់ទង​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឡើង ដោយសារតែ​លោក មិន​លើក​ទូរស័ព្ទ​។ យ៉ាងណា លោក ធ្លាប់​លើកឡើង​ដូច​អ្នកនាំពាក្យ​ទាំងពីរ​ខាងលើ​ដែរ​ថា រដ្ឋាភិបាល មិនទាន់មាន​គម្រោង​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញពី​តំបន់​មជ្ឈិមបូព៌ា​នោះទេ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពី​ថ្ងៃទី​៧ ខែមករា អ្នកនាំពាក្យ​ការបរទេស និយាយ​ដូច្នេះ​ថា​៖«​យើង​មិនមាន​ពលរដ្ឋ​ច្រើន​ទេ ហើយក៏​មិនមាន​ផែនការ​ជម្លៀស​ពលរដ្ឋ​ចេញពី​កន្លែង​នោះដែរ ព្រោះ​យើង​មាន​ស្ថានទូត​យើង​ប្រចាំ​ប្រទេស​កូ​វ៉ែត និង​ស្ថានទូត​ខ្មែរ​ប្រចាំ​អេ​ហ្ស៊ី​ប កំពុង​យកចិត្តទុកដាក់​តាមដាន​បញ្ហា​នេះ ដើម្បី​ដោះស្រាយ​ឱ្យទាន់​សភាពការណ៍​»​។  
 
​ស្រប​ពេលដែល​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង់ កាន់តែ​អាក្រក់ ប្រទេស​នៅ​តំបន់​អាស៊ាន​មួយចំនួន ដូចជា ថៃ និង​ហ្វីលីពីន ជាដើម បាន​ចេញមក​ប្រកាស​ពី​គម្រោង​ជម្លៀស​ពលរដ្ឋ​ពួកគេ ចេញពី​តំបន់​មជ្ឈិមបូព៌ា​។ ប្រជាជន​ហ្វីលីពីន​ប្រមាណ​៦​ពាន់​នាក់ មាន​វត្តមាន​នៅក្នុង​អ៊ីរ៉ាក់ និង​១,៦​ពាន់​នាក់​នៅក្នុង​អ៊ីរ៉ង់​។ ពួកគេ​ភាគច្រើន ជា​អ្នក​បម្រើការ​តាម​ផ្ទះ និង​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អន្តរជាតិ​នានា​។​
 
​ចំណែក​ប្រជាជន​ថៃ មាន​២៥៧​នាក់ ដែល​កំពុង​បម្រើ​ការងារ​ក្នុងប្រទេស​អ៊ីរ៉ង់ និង ២៥​នាក់​ផ្សេងទៀត នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ។ ភាគច្រើន​នៃ​ពលករ​ថៃ​ទាំងនោះ បម្រើ​ការងារ​ក្នុង​ភោជនីយដ្ឋាន កន្លែង​ម៉ាស្សា និង​អាជីវកម្ម​លក់​សាច់​ត្រី ជាដើម​។ មេដឹកនាំ​ប្រទេស​ទាំងពីរ កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ពលរដ្ឋ​ខ្លួន និង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់នៃ​ជម្លោះ​អាមេរិក និង​អ៊ីរ៉ង់ មាន​អត់ធ្មត់​ខ្ពស់ និង​បញ្ចៀស​ការប្រើ​កម្លាំង​ក្នុង​គោលដៅ​បន្ធូរបន្ថយ​ភាព​តានតឹង ព្រមទាំង​រក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។​
 
​ជម្លោះ​នៅ​មជ្ឈិមបូព៌ា មាន​ភាព​សភាព​កាត់​តែ​ធ្ងន់ធ្ងរ បន្ទាប់ពី​អាមេរិក ធ្វើឃាត​ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani មេទ័ព​របស់​អ៊ីរ៉ង់​។ ជាការ​សងសឹក អឺ​រ៉ង់ បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​កជាង​១០​គ្រាប់ ទៅលើ​បន្ទាយ​ឈរជើង​អាមេរិក​ចំនួន​ពីរ ដែល​តាំង​នៅលើ​ទឹកដី​អ៊ីរ៉ាក់​។ តែ​ការបាញ់​មី​ស៊ី​ល​នេះ ពុំបាន​បង្ក​ឲ្យ​ទ័ព​អាមេរិក​ណា​ម្នាក់ បាត់បង់​ជីវិត​ឡើយ​៕ 
 
អត្ថបទទាក់ទង

Tag:
 ពលរដ្ឋ​ខ្មែរ​
  តំបន់​ម​ជ្ឈឹ​ម​បូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com