ជាតិ
នយោបាយជាតិ
ប្រធានតុលាការ៖ យើង គ្រោងជម្រះក្តីលោក កឹម សុខា ដល់ទៅ៣ខែ ព្រោះរឿងធំ លោក តាំង ស៊ុនឡាយ ប្រធានតុលាការរាជធានីភ្នំពេញ (ឆ្វេងដៃ៖ រូបពីហ្វេសប៊ុករបស់តុលាការរាជធានីភ្នំពេញ) និង លោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំង
× លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ អះអាងថា ការបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គ្រោងធ្វើឡើងរយៈពេល៣ខែឯណោះ ទើបអាចបញ្ចប់ និងឈានដល់ការធ្វើសេចក្តីសម្រេច។ សវនាការនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមករា រហូតដល់ចុងខែមីនា ឆ្នាំ២០២០។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែមករា លោក តាំង ស៊ុនឡាយ លើកឡើងថា ការចំណាយពេលយូរបែបនេះ គឺដោយសារមានភស្តុតាងច្រើន ដែលត្រូវពិនិត្យ។ លោក ប្រាប់ថា គ្រាន់តែវីដេអូឃ្លីប ដែលពាក់ព័ន្ធនឹងអង្គហេតុ មានដល់ទៅ២០ឯណោះ រួមទាំងឯកសារផ្សេងៗជាច្រើនទៀត។ លោក បញ្ជាក់ដូច្នេះថា៖«រឿងនេះ វាធំ ដែលត្រូវជជែកគ្នាច្រើន»។
ប្រធានតុលាការរូបនេះ បន្តថា ក្នុង១សប្តាហ៍ ចៅក្រម នឹងបើកសវនាការ២ថ្ងៃ គឺថ្ងៃពុធ និង ថ្ងៃព្រហស្បតិ៍ ដោយចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ និងចាប់ពីម៉ោង២រសៀល រហូតដល់ល្ងាច។ តែលោក បញ្ជាក់ថា ចៅក្រម អាចនឹងកែប្រែគម្រោងសវនាការនេះ បើមានអ្វីចាំបាច់ដែលត្រូវកែប្រែ។
លោក ថ្លែងថា សាធារជនដែលចូលរួមសវនាការនេះ គឺភាគច្រើនជាទូតបរទេស និងភាគីនានា ដែលមានកិច្ចសហការជាមួយរដ្ឋាភិបាល។ លោក និយាយដូច្នេះថា៖«បន្ទាប់យើង ដាក់បានតែប៉ុណ្ណឹង បើអាចឲ្យចូលទាំងអស់ យើងឲ្យចូលទាំងអស់ហ្នឹង គ្មានទៅហាមឃាត់អីទេ»។
តុលាការ អនុញ្ញាតឲ្យសាធារណជនប្រមាណ៣០នាក់ប៉ុណ្ណោះ ដែលចូលរួមសវនាការរបស់លោក កឹម សុខា។
មានថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួននៃអតីតគណបក្សប្រឆាំង បានសុំចុះឈ្មោះចូលរួមសវនាការនេះ តែត្រូវបដិសេធ ដោយមន្ត្រីតុលាការ លើកហេតុផលថា មានអ្នកចុះឈ្មោះពេញអស់ហើយ។ អ្នកសុំចុះឈ្មោះទាំងនោះ មានដួចជា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លោក ប៉ុល ហំម លោក ស៊ុន ឆ័យ និង លោក យ៉ែម បុញ្ញឫទ្ធិ និង លោក អ៊ូ ច័ន្ធរ័ត្ន ជាដើម ដោយរួមទាំងលោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា ផងដែរ។
លោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម ដូច្នេះថា៖«យើង ត្រៀមខ្លួនរួចហើយ ដើម្បីតតាំងក្នុងសវនាការ»។ យ៉ាងណា លោកមេធេធាវី នៅតែចង់ឲ្យអ្នកនយោយបាយជជែកគ្នា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ជាជាងប្រើយន្តការច្បាប់។ លោក បង្ហាញការយល់ឃើញបែបនេះថា៖«រឿងនេះ គឺជារឿងនយោបាយ ដូច្នេះដោះតាមនយោបាយ គឺប្រសើរជាង»។
សវនាការនេះ គឺដើម្បីសម្រេចថា លោក កឹម សុខា ពិតជាមានទោសដូចការចោទប្រកាន់មែន ឬក៏គ្មាន។ លោក រងពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលសំដៅថាលោក លួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕
Tag:
តាំង ស៊ុនឡាយ
កឹម សុខា
សវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com