ជាតិ
វីដេអូ
លោក យ៉ង សាំង​កុមារ​៖«​ទឹក ទុន ទីផ្សារ បច្ចេកទេស និង​ទំនាក់ទំនង ជា​បញ្ហា​ដែល​កសិករ​ជួបប្រទះ​»
15, Jan 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ ពលរដ្ឋ​ដែលជា​កសិករ តែងតែ​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​។ បើតាម​អ្នកជំនាញ​កសិកម្ម លោក​បណ្ឌិត យ៉ង សាំង​កុមារ កសិករ​ធ្វើ​កសិកម្ម​លក្ខណៈ​គ្រួសារ តែង​ជួបប្រទះ​បញ្ហា​៥​យ៉ាង គឺ​ទឹក​, ទុន​, ទីផ្សារ​, បច្ចេកទេស និង​ការទំនាក់ទំនង​។ ដើម្បី​ជៀសផុត​ពី​បញ្ហា​នេះ លោក​បណ្ឌិត យ៉ង សាំង​កុមារ លើកឡើងថា កសិករ​គួរ​ចងក្រង​គ្នា​ជា​សហគមន៍ ជាពិសេស​រដ្ឋាភិបាល​ត្រូវមាន​គ្រូ​កសិកម្ម​ល្អៗ និង​អ្នកដឹកនាំ​ដល់​កសិករ​ផងដែរ​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជា​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​ដូចតទៅ​៖ 
 
 
«​ទឹក​, ទុន​, ទីផ្សារ​, បច្ចេកទេស និង​ការទំនាក់ទំនង​» ជា​បញ្ហា​ប្រឈម​ដែល​កសិករ​ជួបប្រទះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក យ៉ង សាំង​កុមារ​។ បើតាម​អ្នកជំនាញ​កសិកម្ម​រូបនេះ បញ្ហា​ទាំង​៥ បាន​ផ្សារភ្ជាប់​គ្នា​ដែល​ធ្វើ​ឲ្យ​កសិករ​តូចតាច និង​លក្ខណៈ​គ្រួសារ មាន​ផល​លំបាក​ក្នុង​វិស័យ​កសិកម្ម​។ 
 
«​ទឹក​» ជា​ប្រភព​ដ៏​សំខាន់​សម្រាប់ធ្វើ​កសិកម្ម ដែល​កសិករ​ត្រូវការ ដើម្បី​ស្រោចស្រព​ដំណាំ និង​ការ​ចិញ្ចឹមសត្វ​។ ចំណែក «​ទុន​» គឺ​ថវិកា​ដែល​កសិករ​ត្រូវការ​សម្រាប់​វិនិយោគ​លើ​ការដាំដុះ និង​ចិញ្ចឹមសត្វ​ជាដើម​។ ដោយឡែក «​ទីផ្សារ​, បច្ចេកទេស និង​ការទំនាក់ទំនង​» ក៏​ជា​ធាតុ​ផ្សំ​សំខាន់​ផងដែរ​។ ប្រសិនបើ​មានទឹក ទុន តែ​គ្មាន​ទីផ្សារ និង​បច្ចេកទេស រួមទាំង​ការទំនាក់ទំនង​ទេ នឹងធ្វើ​ឲ្យ​កសិករ​ជួបប្រទះ​បញ្ហា​ក្នុង​វិស័យ​កសិកម្ម​នេះ​។ 
 
​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ដែល​កសិករ​ជួបប្រទះ លោក យ៉ង សាំង​កុមារ បញ្ជាក់ថា​៖«​ទីមួយ គឺ​កសិករ​ខ្លួនឯង គួរ​ចងក្រង​គ្នា​ជា​សហគមន៍ ហើយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​បាន ត្រូវមាន​អ្នកដឹកនាំ ដើម្បី​ចេះ​ដោះស្រាយ​បញ្ហា​ហ្នឹង​។ ជាពិសេស​រដ្ឋាភិបាល ត្រូវមាន​គ្រូ​កសិកម្ម​ល្អៗ និង​មានការ​អភិវឌ្ឍ​ដោយ​ចុះ​ធ្វើការ​ជាមួយ​កសិករ​»​។​
 
​ជាមួយគ្នានេះ លោក យ៉ង សាំង​កុមារ ចង់​ឲ្យ​រដ្ឋាភិបាល​មានកម្ម​វិធី​គាំទ្រ​ដល់​កសិករ​លើ​ទុន និង​ប្រព័ន្ធធារាសាស្ត្រ ដោយ​ទម្លាក់​ទុន​សម្រាប់​ឃុំ និង​សហគមន៍​ចាត់ចែង ដើម្បី​យកមក​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ​។ លោក យ៉ង សាំង​កុមារ ក៏​ចង់​ឲ្យ​មាន​កន្លែង​ស្រាវជ្រាវ និង​កន្លែង​បណ្ដុះបណ្ដាល​ដល់​កសិករ រួមទាំង​ការពង្រឹង និង​ពង្រីក​ការងារ​ចងក្រង​កសិករ​ជា​សហគមន៍​ផងដែរ​។ 
 
​លោក យ៉ង សាំង​កុមារ លើកឡើងថា​៖«​រឿងនេះ ជា​រឿង​មួយ​ដែល​លំបាក ព្រោះ​មាន​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ក្នុង​ប្រព័ន្ធ​កសិកម្ម​។ វា​ទាមទារ​ឲ្យ​មានការ​ដឹកនាំ​មួយ ដែល​ឲ្យ​ភាគី​ទាំងអស់​ធ្វើការ​ជាមួយគ្នា ហើយ​វា​អាចមាន​ក្នុងស្រុក​មួយ ក្នុង​ខេត្ត​មួយ ឬ​ឈានទៅ​ទូទាំងប្រទេស​ផងដែរ​»​។ បើតាម​លោក យ៉ង សាំង​កុមារ កសិករ​ខ្លួនឯង​ត្រូវ​ដើរតួនាទី​សំខាន់​ដើម្បី​ធ្វើការ​ងារ​នេះ​៕

Tag:
 កសិកម្ម​
  ទឹក​
  កសិករ​
  ទុន​
  ទីផ្សារ​
  បច្ចេកទេស​
  យ៉ង សាំង​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com