អន្តរជាតិ
ឥណ្ឌូណេស៊ី និង​អេ​មី​រ៉ាត់​អារ៉ាប់​រួម ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​តម្លៃ​២៣​ពាន់​លាន​ដុល្លារ
14, Jan 2020 , 9:59 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (ខាងឆ្វេង) និងព្រះអង្គម្ចាស់អេមីរ៉ាត់អារ៉ាប់រួម Mohammed bin Zayed Al-Nahyan។ រូបភាព៖ Twitter, Mohammed bin Zayed
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (ខាងឆ្វេង) និងព្រះអង្គម្ចាស់អេមីរ៉ាត់អារ៉ាប់រួម Mohammed bin Zayed Al-Nahyan។ រូបភាព៖ Twitter, Mohammed bin Zayed
​ឥណ្ឌូណេស៊ី និង​អេ​មី​រ៉ាត់​អារ៉ាប់​រួម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយគ្នា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ២៣​ពាន់​លាន​ដុល្លារ​។ កិច្ចព្រមព្រៀង​នេះ​ផ្ដោតលើ​វិស័យ​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង​ការវិនិយោគ​លើ​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី​ជាដើម​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​១៣ ខែមករា​។


 
​គម្រោង​វិនិយោគ​រវាង​ឥណ្ឌូណេស៊ី និង​អេ​មី​រ៉ាត់​អារ៉ាប់​រួម ត្រូវបាន​គេ​ប្រកាស បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ទៅ​អេ​មី​រ៉ាត់​អារ៉ាប់​រួម​នា​ថ្ងៃទី​១៣ ខែមករា​។ ទឹកប្រាក់​មួយផ្នែក​រប​ស់​គម្រោង​នេះ ដែលមាន​ចំនួន ៦,៨​ពាន់​លាន​ដុល្លារ អេ​មី​រ៉ាត់​អារ៉ាប់​រួម នឹង​វិនិយោគ​គម្រោង​ផ្សេងៗ​នៅក្នុង​ឥណ្ឌូណេស៊ី​។ ក្នុងនោះ​រួមមាន គម្រោង​រដ្ឋាភិបាល និង​រដ្ឋាភិបាល គម្រោង​ធុរកិច្ច​ឯកជន​និង​ឯកជន​ចំនួន​១១​នៅក្នុង​វិស័យ​កសិកម្ម អប់រំ ថាមពល រ៉ែ និង​វិស័យ​ផ្សេងៗ​ទៀត​។ បើតាម​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី លោកស្រី Retno LP Marsudi ក្រៅពី​កិច្ច​ព្រម​ខាងលើនេះ នៅមាន​ការវិនិយោគ​លើ​វិស័យ​កំពង់ផែ ថាមពល​បង្កើត​ថ្មី និង​ការកសាង​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី​ផងដែរ​។ 
 
​បើតាម​រដ្ឋមន្ត្រី​វិនិយោគ និង​កិច្ចការ​សមុទ្រ ឥណ្ឌូណេស៊ី​លោក Luhut Pandjaitan រដ្ឋាភិបាល​ទីក្រុង​ហ្សា​ការ​តា នឹង​បង្កើត​មូលនិធិ sovereign wealth fund (SWF) ដើម្បី​រួម​ប​ញ្ជូ​ល​មូលនិធិ​បរទេស​ជាមួយគ្នា ប៉ុន្តែ​គម្រោង​នេះ កំពុងស្ថិត​នៅក្រោម​ការ​អភិវឌ្ឍ​របស់​ក្រសួង​សហគ្រាស​រដ្ឋ​នៅឡើយ​។ បើសិនជា​ជោគជ័យ​មែន ឥណ្ឌូណេស៊ី នឹង​រួម​ប​ញ្ជូ​ល​មូលនិធិ Softbank របស់​ជប៉ុន មូលនិធិ​របស់​អេ​មី​រ៉ាត់​អារ៉ាប់​រួម និង IDFC របស់​អាមេរិក ជាមួយគ្នា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Jakarta Post​។ 
 
​ជាការ​ពិត អេ​មី​រ៉ាត់​អារ៉ាប់​រួម គឺជា​ប្រទេស​ដែល​បាន​វិនិយោគ​ធំជាងគេ​បំផុត​នៅ​ឥណ្ឌូណេស៊ី បើ​ធៀប​ទៅនឹង​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​ផ្សេងទៀត គិត​ត្រឹម​ឆ្នាំ ២០១៩​។ 
 
​សូមបញ្ជាក់ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​បំផុត​របស់​ប្រធានាធិបតី ចូ​កូ​វី ទៅ​អេ​មី​រ៉ាត់​អារ៉ាប់​រួម ក្នុង​ឆ្នាំ ២០២០ បន្ទាប់ពី​ព្រះអង្គម្ចាស់ Mohammed bin Zayed Al-Nahyan បានធ្វើ​ដំណើរ​មក​ឥណ្ឌូណេស៊ី កាលពី​ខែ កក្កដា ឆ្នាំ ២០១៩ កន្លងមក​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ព្រះអង្គម្ចាស់​អេ​មី​រ៉ាត់​អារ៉ាប់​រួម​ទៅ​ឥណ្ឌូណេស៊ី កាលនោះ គឺជា​លើកដំបូង​ក្នុង​រយៈពេល ៣​ទសវត្សរ៍​ចុងក្រោយ ដើម្បី​រឹតចំណង​មិត្តភាព​៕

Tag:
 ឥណ្ឌូណេស៊ី​
  អេ​មី​រ៉ាត់​អារ៉ាប់​រួម
© រក្សាសិទ្ធិដោយ thmeythmey.com