អត្ថបទ៖ ស៊ីធី
ONE Championship បានបង្ហាញគូប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ flyweight ដែលរៀបចំនៅក្រុង Chongqing ប្រទេសចិន។ នៅថ្ងៃសៅរ៍ទី១១ ខែមេសា កីឡាករ Adriano Moraes រហស្សនាម «Mikinho» នឹងឡើងការពារខ្សែក្រវាត់ ONE Flyweight World Champion របស់ខ្លួន ទល់នឹងម្ចាស់ខ្សែក្រវាត់ ONE Flyweight World Grand Prix Champion កីឡាករ Demetrious Johnson ក្នុងកម្មវិធី ONE: REIGN OF DYNASTIES។
នេះជាការប្រកួតដ៏កក្រើកនាដើមខែ មេសា ព្រោះពួកគេសុទ្ធតែមានខ្សែក្រវាត់កាន់រៀងៗខ្លួន។ បើសិន «Mighty Mouse» ដណ្ដើមបាន នោះវីរបុរសមកពីអាមេរិករូបនេះនឹងកាន់ខ្សែក្រវាត់ចំនួន ២ នៅក្នុងដៃ។ ការប្រកួតចុងក្រោយរបស់ម្ចាស់ខ្សែក្រវាត់ Moraes នៅសង្វៀនកម្រិតពិភពលោក គឺធ្វើឡើងកាលខែ មករា ឆ្នាំ ២០១៩។
ព័ត៌មានអំពីការដណ្ដើមខ្សែក្រវាត់ខាងលើត្រូវបានបញ្ចេញដោយប្រធាន និងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong នៅលើទំព័រហ្វេសប៊ុករបស់លោក។
ជើងខ្លាំងទាំងពីរខាងលើត្រូវបានប្រភពបង្ហើបថាការប្រកួតនេះគួរជួបគ្នាយូរមកហើយ ប៉ុន្តែ Moraes បែរជួប និងយកឈ្នះ Geje “Gravity” Eustaquio កាល ថ្ងៃទី ២៥ មករា ២០១៩ទៅវិញនៅក្នុងកម្មវិធី ONE: HERO’S ASCENT។ បន្ទាប់ពីប្រកួតចប់ ៥ ទឹកដ៏ស្វិតស្វាញអ្នកលេងគុនចម្រុះសញ្ជាតិប្រេស៊ីលវ័យ ៣១ ឆ្នាំបានទទួលជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទ និង បានកាន់ខ្សែក្រវាត់ ONE Flyweight World Championship ត្រលប់មកវិញ។
ទោះជាបែបណាក្ដី Moraes ដែលជាម្ចាស់ខ្សែក្រវាត់ទើបគ្រងបានប្រហែលមួយឆ្នាំមកនេះត្រូវប្រឈមនឹង ម្ចាស់ខ្សែក្រវាត់ ONE Flyweight World Grand Prix ហើយគេរង់ចាំមើលថា តើនរណាជាជើងខ្លាំងពិតប្រាកដ។
បើងាកមក Johnson ឯណេះវិញក៏មិនធម្មតាដែរ ពោលអាចគ្រងខ្សែក្រវាត់ក្នុងចំណោមគូប្រជែងកម្រិតកំពូលក្នុងចំណោម ៨ នាក់កាលដែលចាប់ផ្ដើមប្រកួតជម្រុះនៅខែ មីនា។ វីរបុរសវ័យ ៣៣ ឆ្នាំមកពីអាមេរិក បង្កើតឲ្យមានភាពទាក់ទាញក្នុងការបង្ហាញខ្លួនលើកដំបូងពេលឈ្នះ Yuya “Little Piranha” Wakamatsu នៅក្នុងកម្មវិធី ONE: A NEW ERA ហើយបញ្ចប់កីឡាករជប៉ុនដោយក្បាច់ឃ្លេ នៅត្រឹមទឹកទី២។
បន្ទាប់មកទៀត Johnson ក៏ឈ្នះលើកីឡាករជប៉ុនម្នាក់ទៀតដែលជាមិត្តរួមជាតិរបស់ Wakamatsuគឺ Tatsumitsu “The Sweeper” Wada។ ជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធី ONE: DAWN OF HEROES កាលខែ សីហាបានធ្វើបុរសមកពីវ៉ាស៊ីនតោន ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship ។
មិនយូរប៉ុន្មាន «Mighty Mouse» យកឈ្នះ Danny “The King” Kingad នៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី ONE: CENTURY PART I កាលខែតុលាបន្ទាប់ពីប្រកួត៣ទឹកពេញ។ ជ័យជម្នះនេះធ្វើឲ្យរូបគេកាន់ខ្សែក្រវាត់ World Title និង មានឱកាសជួបប្រកួតនឹង Moraes ដើម្បីដណ្ដើមខ្សែក្រវាត់ថ្មីមួយទៀត។
ក្រៅពីនោះ គូប្រកួតផ្លូវការជាច្រើនទៀតនៅក្នុងកម្មវិធី ONE: REIGN OF DYNASTIES នឹងត្រូវបង្ហាញសប្ដាហ៍នេះ នៅលើវិបសាយថ៍ ONEFC.com ។
កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕