ខណៈតុលាការកម្ពុជា ចាប់ផ្តើមដំណើរការបើកសវនាការជំនុំជម្រះរឿងក្តីរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ លោក សម រង្ស៊ី ដែលកំពុងរស់នៅឯប្រទេសបារាំង បានបង្ហោះវីដេអូឃ្លីបមួយលើទំព័រហ្វេសប៊ុក ដោយបានសើចចំអកថា សវនាការនេះ គឺជា «ឆាកល្ខោន»។
តាមរយៈវីដេអូឃ្លីបប្រវែងជាង១០នាទី លោក សម រង្ស៊ី អំពាវនាវដូច្នេះថា៖«សូមបងប្អូនជនរួមជាតិ ដែលស្រឡាញ់ យុត្តិធម៌ សេរីភាព និង លទ្ធិប្រជាធិបតេយ្យ រួបរួមគ្នាជាធ្លុងមួយ ទាមទារទាំងអស់គ្នា ឲ្យគេទម្លាក់ចោលការចោទប្រកាន់មកលើលោក កឹម សុខា ហើយឲ្យគេបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ»។
លោក សម រង្ស៊ី ដែលតែងតែប្រាប់គេឯងថាលោក និង លោក កឹម សុខា ជាមនុស្សតែមួយ បាននិយាយដូចលើកមុនដដែលថា ការចោទប្រកាន់លោក កឹម សុខា គឺគ្មានមូលដ្ឋានឡើយ ហើយលោក កឹម សុខា ក៏គ្មានទោសអ្វីដែរ។ លោក ថ្លែងបែបនេះថា៖«ការចោទប្រកាន់លោក កឹម សុខា គ្រាន់តែជាលេស ដើម្បីរំលាយគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ»។
សវនាការលើលោក កឹម សុខា ប្រព្រឹត្តទៅដោយការរឹតបន្តឹងសន្តិសុខ ពីសំណាក់កម្លាំងសមត្ថកិច្ច នៅខាងក្រៅតុលាការរាជធានីភ្នំពេញ។ អង្គការជាតិ-អន្តរជាតិ អ្នកកាសែត ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង និង អ្នកគាំទ្រ បានទៅមុខតុលាការ ដើម្បីតាមដានមើលការបើកសវនាការនេះ។
លោក កឹម សុខា បានចូលរួមសវនាការ ដោយមានមេធាវី៤រូប។ សវនាការនេះ មានមនុស្សជាង៣០នាក់ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យចូលរួម ដោយភាគច្រើន ជាមន្ត្រីទូតបរទេស។
ប្រធានតុលាការរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ អះអាងថា រឿងក្តីរបស់លោក កឹម សុខា គឺជារឿងក្តីធំ ដូច្នេះ ការបើកសវនាការជំនុំជម្រះ អាចនឹងត្រូវប្រើពេលដល់ទៅ៣ខែឯណោះ ទើបអាចបញ្ចប់។ លោក បញ្ជាក់ថា សវនាការនេះ ត្រូវធ្វើឡើង២ថ្ងៃ ក្នុង១សប្តាហ៍ គឺនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍។
លោក កឹម សុខា រងពីបទចោទសន្ទិដ្ឋិភាពជាមួយបរទេស ឬហៅថា បទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសនេះ ត្រូវចាត់ចូលជាអំពើក្បត់ជាតិ។ លោក ត្រូវបានសមត្ថកិច្ច ចូលទៅចាប់ខ្លួន ដល់គេហដ្ឋាន កាលពីថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ។
១ឆ្នាំក្រោយ គឺនៅខែកញ្ញា ឆ្នាំ២០១៨ តុលាការ អនុញ្ញាតឲ្យលោក កឹម សុខា ត្រឡប់ទៅរស់នៅក្នុងគេហដ្ឋានវិញ តែស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ ១ឆ្នាំមកទៀត សំណុំរឿងរបស់លោក ត្រូវបិទបញ្ចប់ការស៊ើបអង្កេត និងឈានដល់ការបើកសវនាការជំនុំជម្រះ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២០នេះ។ សវនាការនេះ គឺដើម្បីសម្រេចថា លោក ពិតជាមានទោសដូចការចោទប្រកាន់មែន ឬក៏គ្មាន៕