ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា បដិសេធ​ទាំងស្រុង​រាល់​ការចោទប្រកាន់​លើ​រូបលោក​
15, Jan 2020 , 11:10 am        
រូបភាព
ដោយ: ថ្មីៗ
​លោក កឹម សុខា ខណៈដែល​រូបលោក​កំពុងស្ថិត​ក្នុង​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅឡើយ​នោះ បាន​ឆ្លៀត​ឲ្យ​សហការី​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​សារ​របស់លោក ដែល​ច្រានចោល​នូវ​រាល់​ការចោទប្រកាន់​លើ​រូបលោក​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​។​

 
​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែមករា នេះ បាន​បើកសវនាការ​ជុំនំជម្រះ​ថ្ងៃ​ដំបូង​លើ​ករណី​លោក កឹម សុខា ហើយ​ប៉ាន់ប្រមាណ​ថា ដំណើរការ​អាចឈាន​ដល់​៣​ខែ​ឯណោះ​។ តាមរយៈ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​កនា ក្រៅពី​បដិសេធ​ទាំងស្រុង​នូវ​រាល់​ការចោទប្រកាន់ អតីត​មេបក្ស​ប្រឆាំង​រូបនេះ ក៏​ព្យាយាម​បង្ហាញ​ជំហរ​ជាច្រើន​ទៀតផង​ដែរ​។​
 
​លោក​បាន​អះអាងថា​៖ «​ខ្ញុំ​មិនបាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណា​មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ ជាពិសេស​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំង ឡាយ​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ​ឡើយ​»​។​
 
​អតីត​មេបក្ស​ប្រឆាំង​រូបនេះ បាន​បញ្ជាក់ថា សកម្មភាព​ទាំងអស់​របស់លោក គឺ​ផ្តោតលើ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង​សន្តិវិធី ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​គ្រប់​សកម្មភាព​នយោបាយ​របស់លោក គឺ​ផ្តោតលើ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​
 

«​ខ្ញុំ​នៅតែ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់ចោល​ជា​ស្ថាពរ​ចំពោះ​បទ​ចោទ​មកលើ​រូបខ្ញុំ ដើម្បី​ខ្ញុំ​អាចអនុវត្ត​បាន​នូវ​សិទ្ធិ សេរីភាព​នយោបាយ​ពេញលេញ ក្នុង​ការចូល រួម​បម្រើ​ជាតិ​មាតុភូមិ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​»​។ នេះ​ជាការ​បញ្ជាក់​ចុងក្រោយ​របស់លោក កឹម សុខា ជាមួយនឹង​សារ​អរគុណ​ពលរដ្ឋ​ខ្មែរ អ្នកការទូត អង្គការ​សង្គម ស៊ីវិល អ្នកសារព័ត៌មាន​ជាតិ​-​ជាតិ ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​ឃ្លាំមើល និង​សង្កេតការណ៍​សវនាការ​របស់ខ្លួន​៕

Tag:
 កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com