អត្ថបទពាណិជ្ជកម្ម
សិស្ស Aii និង AIS ទទួល​អាហារូបករណ៍​ផ្លាស់ប្តូរ​ការសិក្សា​ទៅ​អាមេរិក ពី ICES Cambodia
15, Jan 2020 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពី​ឆ្លងកាត់​ការប្រឡង​អាហារូបករណ៍​ផ្លាស់ប្ដូរ​ការសិក្សា​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក របស់​ក្រុមហ៊ុន ICES Cambodia ទាំងពីរ​ដំណាក់កាល​រួចមក ពេលនេះ​យើង​បាន​រកឃើញ​សិស្ស​ដែល​ទទួលបាន​ជ័យលាភី​នេះហើយ គឺ​យុវ​សិស្ស គួ​យ ជី​ហុក ជា​សិស្ស​នៃ​មជ្ឍមណ្ឌល​ភាសា អេ អាយ អាយ និង​ជា​សិស្ស​រៀន​ថ្នាក់​ទី​១០ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង​។​
 
​ម្ចាស់​អាហារូបករណ៍​រូបនេះ​នឹង​ទៅ​រៀន​នៅ​វិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក រយៈពេល​មួយឆ្នាំ ដោយ​រូបគេ​នឹង​រស់នៅ​ជាមួយ​អ្នកអាណាព្យាបាល​ទី​ពីរ​នៅ​ទីនោះ​។ អាហារូបករណ៍​របស់​ក្រុមហ៊ុន ICES Cambodia ផ្ដល់ឱ្យ​យុវ​សិស្ស គួ​យ ជី​ហុក មានតម្លៃ​ស្មើនឹង​ទឹកប្រាក់​១​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក ជា​ជ័យលាភី​ទទួលបាន​ទិដ្ឋាការ​ប្រភេទ J-1 ពី​ក្រុមហ៊ុន ICES Cambodia ។​
 
​អាហារូបករណ៍​ផ្លាស់ប្តូរ​ការសិក្សា​របស់​សិស្ស​វិទ្យាល័យ​នៃ​ក្រុមហ៊ុន ICES Cambodia មិន​ត្រឹមតែ​ធ្វើ​ឲ្យ​យុវ​សិស្ស​ទទួលបាន​ការសិក្សា​ដ៏​មាន​គុណភាព​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​ទទួលបាន​បទពិសោធ​ថ្មីៗ ជាពិសេស​មានឱកាស​យ​ល់​ដឹង​អំពី​វប្បធម៌ ប្រពៃណី របៀប​រស់នៅ​ប្រចាំថ្ងៃ រួមទាំង​មិត្តភាព​ដែល​ពួកគេ​ទទួលបាន​កំលុងពេល​រស់នៅ​បរទេស​ផងដែរ​។​
 
​យុវ​សិស្ស គួ​យ ជី​ហុក បាន​ក្លាយជា​សិស្ស​វិទ្យាល័យ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ដែល​នឹង​តំណាងឱ្យ​ប្រទេស​កម្ពុជា សម្រាប់​ការចេញ​ទៅ​ផ្លាស់ប្តូរ​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​។ យុវ​សិស្ស​បានក្លាយ​ទៅជា​ម្ចាស់​អាហារូបករណ៍​មួយ​នេះ ក្រោយពី​រូបគេ​បាន​បញ្ចេញ​សមត្ថភាព​ក្នុងការ​និយាយ​ភាសា​អង់គ្លេស​យ៉ាង​ជំនាញ គួបផ្សំ​ជាមួយ​ការប្តេជ្ញា និង​ការខិតខំ​អស់ពី​ចិត្ត​។ 


 
​យុវ​សិស្ស ជី​ហុក គឺជា​សិស្ស​សកម្ម​មួយរូប​ក្នុង​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អា​មិ​កាំ​ង ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ចំណេះដឹង​ផ្សេងៗ​ក្នុង​សាលា​ទាំងពីរ​នេះ​។ ទន្ទឹមនឹងនេះ រូបគេ​ក៏បាន​បង្ហាញ​អំពី​អត្តចរិត​នៃ​អនាគត​អ្នកដឹកនាំ​មួយរូប​ដែល​អាច​នឹង​ជា​គំរូ សម្រាប់​យុវជន​ជំនាន់​ក្រោយ​។​
 
​យុវ​សិស្ស ជី​ហុក បាន​សម្ដែង​ពី​អារម្មណ៍​រំភើប​រីករាយ ក្រោយពី​ទទួលបាន​អាហារូបករណ៍​នេះ​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​ពិតជា​ចង់ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក​ណាស់ ដើម្បី​ទៅ​ក្រេបជញ្ជក់​នូវ​បទពិសោធ​ផ្សេងៗ ដែល​នៅ​បស្ចិមប្រទេស ហើយ​ខ្ញុំ​ក៏​ចង់​ប្រឡូក​ខ្លួន​នៅក្នុង​ស្ថានភាព​ដែល​ពិបាកៗ និង​មានការ​ទទួលខុសត្រូវ​ដែល​អាច​នឹង​ជួយ​ក្នុង​មាគ៌ា សិក្សា​និង​អាជីព​របស់ខ្ញុំ​នាពេល​អនាគត​។ ម្យ៉ាងវិញទៀត ខ្ញុំ​នឹង​យកចំណេះ​ដឹង និង​បទពិសោធ​ទាំងអស់​នោះមក​ចែករំលែក​ដល់​យុវជន​ជំនាន់​ក្រោយ​នៅ​កម្ពុជា​។ ហើយ​ខ្ញុំ​នឹង​យក​ចំណេះដឹង និង​បទពិសោធ​ទាំងអស់​នោះមក​ធ្វើការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​»​។​
 
​ប្រធាន នាយក និង​នាយក​ចាងហ្វាង​នៃ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ពិត​ជាមាន​មោទនភាព​បំផុត​ដែលមាន​ឱកាស​អាច​បញ្ជូន​សិស្ស​របស់ខ្លួន​ទៅ​ផ្លាស់ប្តូរ​ការសិក្សា​នៅ​សហរដ្ឋអាមេរិក ដើម្បី​ទទួល​បទពិសោធ​ពី​ការរីកចម្រើន និង​អរិយធម៌​របស់​ប្រទេស​។ ដោយ​សង្ឃឹមថា រូបគេ​នឹង​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ដ៏​ស្រស់បំព្រង​របស់​ប្រទេស​កម្ពុជា​ទៅកាន់​អ្នកអាណាព្យាបាល និង​មិត្តភក្តិ​របស់គេ នៅ​សហរដ្ឋអាមេរិក​ក្នុង​រូបភាព​ទូលំទូលាយ​បំផុត​។ យើង​សង្ឃឹម​ទៀតថា រូបគេ​នឹង​យកចំណេះ​ដឹង និង​បទពិសោធ​ទាំងអស់​នោះមក​ចែករំលែក និង​ធ្វើការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com