អន្តរជាតិ
លោកស្រី Tsai៖ ចិនត្រូវទទួលស្គាល់ការពិតថា «តៃវ៉ាន់ជាប្រទេសឯករាជ្យ» លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (AFP)
× ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃពុធ ទី១៥ ខែមករា បញ្ជាក់ថា ចិន ត្រូវហ៊ានទទួលស្គាល់តថភាពដែលថា តៃវ៉ាន់ គឺជា ប្រទេសឯករាជ្យមួយរួចទៅហើយ។ ប្រមុខរដ្ឋជាស្ត្រីរូបនេះ ចង់ឲ្យក្រុងប៉េកាំងគិតគូរឡើងវិញចំពោះជំហររឹងត្អឹងខ្លួនលើទីក្រុង តៃប៉ិ ដោយព្រមានត្រង់ៗថា ការឈ្លានពានដោយប្រការណាមួយ នឹងក្លាយជាការបង់ខាតធំធេងដល់ចិន។
ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន BBC លោកស្រី Tsai ដែលទើបឈ្នះឆ្នោតអាណត្តិទី២ថ្មីៗនេះ ក៏បានលើកឡើងថា តៃវ៉ាន់ សមនឹងទទួលបានការគោរពពីទីក្រុងប៉េកាំង។ លោកស្រី អះអាងថា៖«យើង ពុំត្រូវការប្រកាសខ្លួនយើងជារដ្ឋឯករាជ្យមួយឡើយ»។
ទំនងជាបង្កកំហឹងខ្លាំងដល់រដ្ឋាភិបាលចិន ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃដែនអធិបតេយ្យភាពខ្លួន រង់ចាំយកមកគ្រប់គ្រងវិញនោះ លោកស្រីប្រធានាធិបតីវ័យ៦៣ឆ្នាំរូបនេះ ប្រកាសដោយឥតកោតខ្លាចថា៖«យើង (តៃវ៉ាន់) គឺជាប្រទេសឯករាជ្យមួយរួចហើយ ហើយយើងហៅឈ្មោះខ្លួនយើងថា សាធារណរដ្ឋចិន ឬ តៃវ៉ាន៉»។
លោកស្រី Tsai បានជាប់ឆ្នោតតអាណត្តិទី២ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃសៅរ៍ ទី១១ ខែមករា ជាមួយសំឡេងបោះឆ្នោតគាំទ្រ ៨,១៧ លានសន្លឹក។ លទ្ធផលនេះ ត្រូវបានមើលឃើញថាជាការឆ្លើយតបយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលកំពុងបន្តរបស់ទីក្រុងប៉េកាំង ក្នុងគោលដៅធ្វើឲ្យកោះតៃវ៉ាន់ឯកោ។ រដ្ឋាភិបាលចិន បានដាក់សម្ពាធលើតៃវ៉ាន់ ដោយការប្រើ «គោលនយោបាយការទូតដុល្លារ» ផ្តាច់សម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់ និងការរៀបចំសមយុទ្ធយោធាក្បែរប្រទេសដែនកោះនេជាដើម។
យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសជាមួយ BBC ដដែល លោកស្រី ព្រមានថា ការឈ្លានពានលើតៃវ៉ាន់ គឺជារឿងមួយ ដែលនឹងក្លាយជាខាតបង់ធំធេងបំផុតសម្រាប់ប្រទេសចិន។ លោក សង្កត់ធ្ងន់ថា៖«យើង គឺជាប្រទេសប្រជាធិបតេយ្យដ៏ជោគជ័យមួយ យើងមានសេដ្ឋកិច្ចល្អប្រសើរ យើងសមនឹងទទួលបានការគោរពពីចិន»៕
Tag:
តៃវ៉ាន់
ចិន
Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com