កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់មេដាយអូឡាំពិកអ៊ីរ៉ង់ភៀសខ្លួនទៅរស់នៅអឺរ៉ុប ដោយសារខកចិត្តចំពោះមេដឹកនាំ
× កីឡាការិនី Kimia Alizadeh ម្ចាស់មេដាយសំរឹទ្ធកីឡាអូឡាំពិកស្ត្រីតែមួយគត់របស់អ៊ីរ៉ង់ប្រកាសថានាងបានរត់ចេញពីប្រទេសនេះទៅរស់នៅប្រទេសផ្សេងវិញ ដែលស្ថិតនៅតំបន់អឺរ៉ុប។ មូលហេតុនៃការសម្រេចភៀសខ្លួននេះ ដោយសារ Alizadeh មិនអាចទ្រាំរស់នៅក្រោមការជិះជាន់ និងភាពអយុត្តិធម៌នៅក្នុងប្រទេសអ៊ីរ៉ង់។
នាង Alizadeh វ័យ២១ឆ្នាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា នាងបានចាកចេញពីប្រទេសអ៊ីរ៉ង់ហើយ ព្រោះនាងមិនចង់ក្លាយជាចំណែកមួយនៃការ «កុហក លាក់ពុត ភាពអយុត្តិធម៌ និងការបញ្ចើចបញ្ចើ នៅប្រទេសនេះ»។
«ខ្ញុំជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីរាប់លាននាក់ដែលត្រូវបានគេជិះជាន់នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលពួកគេបានលេងសើចអស់រយៈពេលជាច្រើនឆ្នាំ»។ នេះជាការបន្ថែមរបស់ Alizadeh ដែលជាម្ចាស់មេដាយសំរឹទ្ធកីឡាតេក្វាន់ដូ អូឡាំពិកក្រុងរីយ៉ូ ឆ្នាំ២០១៦។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងបណ្តាញផ្សព្វផ្សាយសង្គមរបស់នាង Alizadeh បាននិយាយថាអាជ្ញាធរសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បានប្រើភាពជោគជ័យរបស់នាងជាឧបករណ៍ឃោសនាថែមទៀតផង។
ការសម្រេចភៀសខ្លួនពីប្រទេសកំណើតរបស់ Alizadeh បានកើតឡើងស្របពេលដែលប្រទេសអ៊ីរ៉ង់កំពុងមានការតវ៉ាប្រឆាំងរដ្ឋាភិបាល ក្រោយពីមានការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនមួយគ្រឿង រហូតសម្លាប់មនុស្ស១៧៦នាក់កាលពីសប្តាហ៍មុន។ ការបាញ់ទម្លាក់យន្តហោះនេះ ក៏ចំពេលការប្រឈមមុខដាក់គ្នាដ៏ធំមួយរវាងអ៊ីរ៉ង់ និងអាមេរិកផងដែរ។
មកទល់ពេលនេះកីឡាការិនី Alizadeh នៅមិនបានបញ្ជាក់ថាខ្លួនស្ថិតនៅទីណានោះទេ ខណៈដែលមានរបាយការណ៍ថានាងកំពុងហ្វឹកហាត់នៅប្រទេសហូឡង់។ យ៉ាងណាក៏ដោយ ម្ចាស់មេដាយអូឡាំពិករូបនេះ បានបដិសេធថានាងមិនត្រូវបានគេអញ្ជើញឲ្យទៅអឺរ៉ុប ឬមានការល្បួងពីប្រទេសណាមួយឡើយ។
Alizadeh បានបង្កើតប្រវត្តិសាស្ត្រសម្រាប់ស្ត្រីអ៊ីរ៉ង់ នៅពេលនាងឈ្នះមេដាយសំរឹទ្ធពីការប្រកួតកីឡាតេក្វាន់ដូ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ២០១៦។
ដំណឹងនៃការចាកចេញរបស់ Alizadeh បានធ្វើឲ្យប្រជាជនអ៊ីរ៉ង់ជាច្រើនមានប្រតិកម្ម និងបង្ហាញភាពតក់ស្លុតផង។ ចំណែកអ្នកនយោបាយអ៊ីរ៉ង់ឈ្មោះលោក Abdolkarim Hosseinzadeh បានចោទប្រកាន់ទៅលើ «មន្ត្រីអសមត្ថភាព» ដែលអនុញ្ញាតឲ្យធនធានមនុស្សរបស់អ៊ីរ៉ង់រូបនេះភៀសខ្លួនចេញពីប្រទេស៕
Tag:
Kimia Alizadeh
អ៊ីរ៉ង់
អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com