សង្គមអន្តរជាតិ​
អន្តរជាតិ
រដ្ឋមន្ត្រី​បរិស្ថាន​ជប៉ុន​ប្រកាស​សុំច្បាប់​លំហែ​បិតុភាព ដើម្បី​មើល​កូន​ជំនួស​ភរិយា​
15, Jan 2020 , 9:39 pm        
រូបភាព
រដ្ឋមន្ត្រីបរិស្ថានជប៉ុន លោក Shinjiro Koizumi ប្រកាសយកច្បាប់​លំហែបិតុភាព។ រូបថត AFP
រដ្ឋមន្ត្រីបរិស្ថានជប៉ុន លោក Shinjiro Koizumi ប្រកាសយកច្បាប់​លំហែបិតុភាព។ រូបថត AFP
ដោយ: ធីតា
​រដ្ឋមន្ត្រី​ជប៉ុន លោក Shinjiro Koizumi កាលពី​ថ្ងៃ​ពុធ កន្លងមក បានប្រកាសថា លោក​នឹង​ធ្វើជា​គំរូ​គេ តាមរយៈ​ការសុំច្បាប់​លំហែរ​បិតុភាព​ដើម្បី​មើលថែទាំ​កូន​ជំនួស​ភរិយា​។ នេះ​បើតាម​ការផ្សាយ​របស់ Reuters​។​

 
​លោក Koizumi គឺជា​កូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Junichiro Koizumi​។ លោក​បានលើកឡើង​ពី​គម្រោង​សុំច្បាប់​លំហែ​បិតុភាព​ពី​២​សប្តាហ៍ ហើយ​អាច​ឈានដល់​ទៅ​៣​ខែ ដើម្បី​មើលថែទាំ​កូន​ដំបូង​របស់ខ្លួន​។​
 
​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe តែងតែ​ព្យាយាម​ជំរុញ​ឲ្យ​បុរស​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន សុំច្បាប់​លំហែ​បិតុភាព ជាពិសេស​ពង្រឹង​តុល្យភាព​ជីវិត​ការងារ ក៏ដូចជា​ការពង្រឹង​ក​ម្ម​វិធី «Womenomics» ដែល​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​ក្នុងតួនាទី​ធំៗ​នៅ​កន្លែង​ការងារ​។​
 
​លោក Koizumi បាន​បញ្ជាក់ថា លោក​ចង់​ធ្វើជា​គំរូ​ដល់​បុរស​ដទៃទៀត ប៉ុន្តែ​វា​ពិតជា​មានការ​លំបាក​ស​ម្រា​ប់​រូបលោក ដោយសារតែ​លោក​មាន​ទំនួល​ខុសត្រូវ​យ៉ាងច្រើន ក្នុងតួនាទី ជា​រដ្ឋមន្ត្រី​ម្នាក់ ដែល​អាច​ខុសពី​ឪពុក​ទូទៅ​។​
 
​ទិន្នន័យ​កន្លងមក បង្ហាញថា បុរស​៨០​ភាគរយ​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់​នៅ​ស្ថាប័ន​ការងារ បានលើកឡើង​ពី​គម្រោង​របស់ខ្លួន​ក្នុង​ការយក​ច្បាប់​លំហែ​បិតុភាព ប៉ុន្តែ​ជាក់ស្តែង មានតែ​៦​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​អនុវត្តតាម​សំដី​របស់ខ្លួន​៕

Tag:
 បិតុភាព
© រក្សាសិទ្ធិដោយ thmeythmey.com