Hakan Sukur អតីតខ្សែប្រយុទ្ធឆ្នើមមួយរូបនៅអឺរ៉ុប និងជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតសម្រាប់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិតួកគី សព្វថ្ងៃជាអ្នករត់តាក់ស៊ីដើម្បីចិញ្ចឹមជីវិតនៅទឹកដីអាមេរិក។ តើមូលហេតុអ្វីទៅដែលធ្វើឲ្យវីរបុរសក្នុងវិស័យកីឡាបាល់ទាត់ម្នាក់នេះបញ្ចប់អាជីពទៅបើកបរតាក់ស៊ី និងលក់សៀវភៅ ក្រោយនិរទេសខ្លួនពីប្រទេសកំណើតយ៉ាងដូច្នេះ?
យោងតាមបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Welt am Sonntag ខ្សែជីវិតរបស់អតីតសមាជិកក្រុម Inter Milan, Galatasaray, Blackburn Rovers វ័យ៤៨ឆ្នាំរូបនេះ បានផ្លាស់ប្តូរខុសពីធម្មតា និងមានបញ្ហាចាប់តាំងពីចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ក្នុងឆ្នាំ ២០០៨មក។
Sukur រៀបរាប់ថា ក្រោយមានទំនាស់រវាងលោកជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានធ្វើឲ្យលោករងការគំរាមសម្លាប់ ការចោទប្រកាន់ផ្សេងៗដែលមិនមែនជាការពិត និងថែមទាំងមិនអាចប្រើប្រាស់លុយដែលខ្លួនមាននៅក្នុងប្រទេសនេះទៀតផង។
«ខ្ញុំគ្មានអ្វីនៅសេសសល់ទៀតទេ។ លោក Erdogan បានយកអ្វីៗទាំងអស់ពីខ្ញុំ ដែលរួមមានទាំងសិទ្ធិសេរីភាព សេរីភាពបញ្ចេញមតិ និងសិទ្ធិធ្វើការងារក្នុងប្រទេសកំណើត»។ Sukur បន្ថែមប្រាប់កាសែតខាងលើដូច្នេះ។
Sukur ជាកីឡាករមួយរូបប៉ុណ្ណោះដែលរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន៥១គ្រាប់ ក្នុងការបង្ហាញខ្លួន១១២ប្រកួតសម្រាប់តួកគីចន្លោះឆ្នាំ ១៩៩២ និង ២០០៧។ រូបគេក៏ជាសមាជិកសំខាន់មួយរូបរបស់ក្រុមតួកគីក្នុងការទទួលបានចំណាត់ថ្នាក់លេខ៣ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២ នៅកូរ៉េ-ជប៉ុន។
ក្រោយការចូលនិវត្តន៍ពីអាជីពបាល់ទាត់ Sukur បានចូលប្រឡូកក្នុងឆាកនយោបាយ។ នៅឆ្នាំ ២០១១ Sukur បានឈ្នះអាសនៈមួយក្នុងសភាតួកគី ក្នុងនាមជាសមាជិកម្នាក់នៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍របស់លោក Erdogan។
ប៉ុន្តែក្រោយមក Sukur ក៏មានទំនាក់ទំនងជាមួយលោក Fethullah Gulen ដែលជាគូប្រជែងរបស់លោក Erdogan។ លោក Erdogan ប្រធានាធិបតីតួកគីបច្ចុប្បន្ន បានចោទប្រកាន់លោក Gulen ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ ២០១៦។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលគ្រប់គ្រងដោយទួកគីផ្សាយថា Sukur បានរត់គេចខ្លួនជាមួយសមាជិកក្រុមរបស់លោក Gulen ទៅកាន់ទឹកដីអាមេរិកនៅឆ្នាំ២០១៧ ក្រោយមានការចោទប្រកាន់ខាងលើ។ ប្រព័ន្ធផ្សព្វផ្សាយតួកគីនេះបន្ថែមទៀតថាលោក Sukur រស់នៅក្នុងផ្ទះតម្លៃ ៣ លានដុល្លារ និងបើកហាងកាហ្វេមួយនៅ Palo Alto ដែលជាតំបន់មានជាងគេបំផុតនៅ San Francisco។
Sukur បានបដិសេធព័ត៌មាននេះទាំងស្រុង ហើយបកស្រាយប្រាប់ Welt am Sonntag ថាខ្លួនបានផ្លាស់ទៅសហរដ្ឋអាមេរិកដំបូងដោយបើកហាងកាហ្វេមួយនៅរដ្ឋ California ប៉ុន្តែនៅតែមានមនុស្សចំលែកបន្តចូលហាងរបស់លោក រហូតធ្វើឲ្យលោកបារម្មណ៍និងសម្រេចបិទហាងវិញតែម្តង។
«ឥឡូវខ្ញុំបើកឡានតាក់ស៊ីឲ្យក្រុមហ៊ុន Uber ហើយនឹងលក់សៀវភៅ។ ផ្ទះ ព្រមទាំងជំនួញតូចធំ និងគណនីធនាគាររបស់ខ្ញុំនៅទួកគីត្រូវបានរដ្ឋាភិបាលលោក Erdogan រឹបអូសយកអស់ហើយ»៕