ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា​៖«​ខ្ញុំ ចង់បាន​យុត្តិធម៌​ឲ្យ​បាន​ឆាប់ ដើម្បី​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាតិ​»
16, Jan 2020 , 10:35 am        
រូបភាព
លោក កឹម សុខា និយាយជាមួយអ្នកកាសែត នៅក្នុងបរិវេណផ្ទះរបស់លោក មុននឹងលោក ឡើងរថយន្តទៅតុលាការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ (រូបពី AFP)
លោក កឹម សុខា និយាយជាមួយអ្នកកាសែត នៅក្នុងបរិវេណផ្ទះរបស់លោក មុននឹងលោក ឡើងរថយន្តទៅតុលាការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ (រូបពី AFP)
ដោយ: ថ្មីៗ
«​ខ្ញុំ ចង់បាន​យុត្តិធម៌​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ខ្ញុំ​មានឱកាស​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​កិត្យានុភាព​របស់​ប្រទេសជាតិ​ផង និង​បញ្ហា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​»​។ នេះ​ជាការ​ឆ្លើយតប​របស់លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅកាន់​អ្នកកាសែត ដែល​សួរថា «​តើ​លោក ចង់បាន​អ្វី​?»​។


 
​លោក កឹម សុខា ផ្តល់​បទ​សម្ភាស​ខ្លី​ដល់​អ្នកកាសែត នៅក្នុង​បរិវេណ​ផ្ទះ​របស់លោក កាលពី​ព្រឹក​ម៉ោងជាង​៧ ពេល​លោក ធៀប​នឹង​ឡើង​រថយន្ត ឆ្ពោះទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​។ លោក ថ្លែងថា តុលាការ មិនមាន​ភស្តុតាង​ជាក់លាក់ ក្នុងការ​ចោទប្រកាន់​លោក​នោះទេ​។ លោក បញ្ជាក់ថា​៖«​ដោយសារតែ​ខ្ញុំ​ដឹង​ច្បាស់​ខ្លួនឯង​ថា ខ្ញុំ អត់​មាន​កំហុស​អី ដូច្នេះហើយ ខ្ញុំ​នៅតែ​ទៅ​តតាំង និង​ទាមទារ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​»​។ 
 
​លោក កឹម សុខា ក៏បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផងដែរ ពេល​លោក​ឡើង​តុលាការ នៅ​ថ្ងៃទី​១៥ ខែមករា​។ តាមរយៈ​សារ​នោះ លោក បាន​ច្រានចោល​ជាថ្មី​ថា លោក  មិនបាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណា មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន​កម្ពុជា​ឡើយ​។  លោក សរសេរថា​៖«...​សកម្មភាព​ទាំងអស់​របស់ខ្ញុំ គឺ​ផ្តោតលើ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង​សន្តិវិធី ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​...»​។ 
 
​នៅ​ថ្ងៃទី​១៥ ខែមករា តុលាការ ចាប់ផ្តើម​បើកសវនាការ​ជំនុំជម្រះ​ក្តី​លោក កឹម សុខា ហើយ​នៅ​ថ្ងៃទី​១៦​នេះ តុលាការ បន្ត​បើកសវនាការ​ទៀត​។ តុលាការ គ្រោង​នឹង​បើកសវនាការ​នេះ ដល់​ទៅ​បី​ខែ​ឯណោះ ទើប​អាច​បញ្ចប់ ដោយ​ក្នុង​មួយ​សប្តាហ៍ សវនាការ ធ្វើឡើង​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​។ 
 
​លោក កឹម សុខា រង​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ដែល​ដៅ​សំដៅថា​លោក ពឹងពាក់​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ សំណុំរឿង​របស់លោក បាន​ចំណាយពេល​អស់ពីរ​ឆ្នាំ ក្នុងការ​ស៊ើបសួរ មុននឹង​ឈានដល់​ការជំនុំជម្រះ​អង្គសេចក្តី​នាពេលនេះ​៕  

Tag:
 ​កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com