នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បានប្រកាសថា រដ្ឋាភិបាលលោកទាំងមូលសម្រេចលាលែង ដោយបើកផ្លូវឲ្យលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទ្រង់ទ្រាយធំ និងតែងតាំងនាយករដ្ឋមន្ត្រីថ្មី។ ការផ្លាស់ប្តូរនយោបាយរបស់ប្រទេសនេះ ទំនងត្រួសត្រាយផ្លូវឲ្យលោកពូទីនបន្តកាច់ចង្កូតនយោបាយរុស្ស៊ីទៀត ទោះបីជា អាណត្តិប្រធានាធិបតីលោក ចប់នាឆ្នាំ២០២៤។
ប្រកាសលើកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃពុធ ១៥ មករា ដែលមានលោកវ៉ា្លឌីមៀ ពូទីន អង្គុយក្បែរ លោក ឌីមីទ្រី ម៉េដវ៉េដេវ បញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ី គួរផ្តល់អំណាចគ្រប់យ៉ាងដល់ប្រធានាធិបតីក្នុងការចាត់វិធានការចាំបាច់ទាំងអស់ដើម្បីអនុវត្តការផ្លាស់ប្តូរ។ លោក សង្កត់ធ្ងន់ថា៖«រាល់ការសម្រេចចិត្តចាប់ពីពេលនេះទៅ នឹងត្រូវធ្វើឡើងដោយប្រធានាធិបតី»។
ក្រោយការប្រកាសនេះ លោកប្រធានាធិបតី ពូទីន បានអរគុណលោក ម៉េដវ៉េដេវ ហើយបានអះអាងថា អតីតនាយករដ្ឋមន្ត្រីរូបនេះ នឹងចូលកាន់តំណែងថ្មី ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ដែលមានលោកជាប្រធានផ្ទាល់។ ម្យ៉ាងវិញទៀត លោក ពូទីន បានស្នើឲ្យសមាជិកគណៈរដ្ឋមន្ត្រីដែលបានលាលែងនេះ បន្តការងារពួកគេសិន រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានតែងតាំង។
យោងតាមសេចក្តីថ្លែងការណ៍ក្រុងក្រេមឡាំង លោក ពូទីន បានសម្រេចតែងតាំងប្រធានទីភ្នាក់ងារពន្ធដារសហព័ន្ធរុស្ស៊ី លោក មីខាអ៊ីល មីហ៊ូស្ទីន (Mikhail Mishustin) ជំនួសលោក Medvedev ជានាយករដ្ឋមន្ត្រី។ បើតាមទីភ្នាក់ងារយោធារុស្ស៊ី TASS សភាជាន់ទាបរុស្ស៊ី នឹងពិភាក្សា និងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
លោក មីខាអ៊ីល មីហ៊ូស្ទីន ត្រូវបានលោក វ៉ា្លឌីមៀ ពូទីន ចាត់តាំងជានាយករដ្ឋមន្រ្តីថ្មី។ រូបភាព AFP
ទាំងតួនាទីជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រី លោក ពូទីន បានក្តាប់អំណាចយ៉ាងណែនក្នុងប្រទេស ចាប់តាំងពី ១៩៩៩ មកម្ល៉េះ ។ បច្ចុប្បន្នមានអាយុ ៦៧ ឆ្នាំ អាណត្តិប្រធានាធិបតីបច្ចុប្បន្នលោក នឹងដល់នាឆ្នាំ២០២៤។ មកទល់ពេលនេះ មេដឹកនាំរូបនេះ ពុំទាន់បង្ហើបពីគម្រោងបន្ទាប់លោក នៅពេលអាណត្តិប្រធានាធិបតីអស់នៅឡើយទេ ក៏ប៉ុន្តែក្រោមរដ្ឋធម្មនុញ្ញរុស្ស៊ី ដែលកំណត់អាណត្តិប្រធានាធិបតីត្រឹម ២អាណត្តិ នេះមានន័យថា លោកពូទីន ត្រូវរារាំងពីការចូលកាន់តំណែងកំពូលភ្លាមៗម្តងទៀត។
«ជាផ្លាស់ប្តូរដ៏ធំមួយក្នុងប្រព័ន្ធនយោបាយរុស្ស៊ី»
នៅមុនការប្រកាសលាលែងពីសំណាក់រដ្ឋាភិបាលរុស្ស៊ីនេះ លោក ពូទីន ក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិរុស្ស៊ី បានប្រកាសថា លោកគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមួយ ដែលផ្តល់អំណាចដល់សភាជាន់ទាបរុស្ស៊ី (State Duma) ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី និងមុខតំណែងសំខាន់ៗផ្សេងទៀត។
ត្រង់នេះ លោក ពូទីន សង្កត់ធ្ងន់ថា នេះគឺ «ជាផ្លាស់ប្តូរដ៏ធំមួយក្នុងប្រព័ន្ធនយោបារុស្ស៊ី» ដោយបន្ថែមថា លោក គិតថា សភានិងសង្គមស៊ីវិល ត្រៀមរួចរាល់សម្រាប់ការផ្លាស់ប្តូរនេះ។ តាមទីភ្នាក់ងារព័ត៌មាន AFP លោកប្រធានាធិបតី អះអាងថា របត់នយោបាយថ្មីនេះ នឹងបង្កើនតួនាទី និងសារសំខាន់នៃស្ថាប័ននីតិបញ្ញាតិ្តរបស់ប្រទេស ព្រមទាំង ឯករាជ្យភាព និងទំនួលខុសត្រូវរបស់នាយករដ្ឋមន្ត្រី។
ការលើកឡើងរបស់លោក ពូទីន ដែលក្តាប់អំណាចនៅរុស្ស៊ីយ៉ាងណែនអស់ពេលជាង២ទសវត្សរ៍មកនេះ ទំនងជាបញ្ឆេះមន្ទិលសង្ស័យជាថ្មីពាក់ព័ន្ធនឹងផែនការបន្តកាច់ចង្កូតប្រទេសនេះ នៅពេលអាណត្តិប្រធានាធិបតីលោក អស់ក្នុងឆ្នាំ២០២៤។
អ្នករិះគន់ខ្លះ លើកឡើងថា លោក ពូទីន កំពុងគិតគូររកផ្លូវរក្សាអំណាចក្នុងឆាកនយោបាយរុស្ស៊ី ដោយចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ដូចលោកធ្លាប់ធ្វើកាលឆ្នាំ២០០៨ ដោយដោះដូរជាលោក ម៉េដវ៉េដេវ ដែលជាមនុស្សជំនិតលោក។ តែលើកនេះ លោក បង្កើនអំណាចសភា និងគណៈរដ្ឋមន្ត្រី ហើយបន្ថយអំណាចប្រធានាធិបតី។ ផ្លូវមួយទៀតនោះគឺថា ក្នុងសំណើធ្វើវិសោធនកម្មដដែលនេះ លោក ពូទីន ក៏មានបំណងផ្តល់អំណាចបន្ថែមទៀតដល់ក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ដែលស្ថាប័នផ្តល់យោបល់ដល់ប្រមុខរដ្ឋ ។ បច្ចុប្បន្ននេះ ស្ថាប័ននេះ ពុំសូវមានអំណាចធំធេងនោះឡើយ។
ក្រោមសំណើដែលលើកឡើងដោយលោក ពូទីន ប្រធានាធិបតី នឹងមិនមានអំណាចជំទាស់ការតែងតាំងរបស់សភាលើមុខតំណែងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងតំណែងសំខាន់ៗមួយចំនួនទៀតឡើយ។ សព្វថ្ងៃ តំណែងក្នុងជួររដ្ឋាភិបាលនេះ ផ្ដើមចេញពីការស្នើរបស់ប្រធានាធិបតី ទើបសភាអនុម័តតាមក្រោយ។ លើសពីនោះ បុគ្គលដែលចង់ធ្វើជាប្រធានាធិបតី ត្រូវមានលំនៅដ្ឋានអចិន្ត្រៃយ៍នៅរុស្ស៊ី២៥ឆ្នាំ ខណៈសព្វថ្ងៃមានការកំណត់ត្រឹម១០ឆ្នាំប៉ុណ្ណោះ។
រាល់សំណើទាំងអម្បាលម៉ាននេះ លោក ពូទីន អះអាងថា ទុកឲ្យប្រជាជនរុស្ស៊ីជាអ្នកសម្រេចចិត្តក្នុងការធ្វើប្រជាមតិទូទៅមួយ៕