សុខភាព
អន្តរជាតិ
បុរសជប៉ុនម្នាក់ មានផ្ទុកវីរុសរលាកសួតប្រភេទថ្មី ក្រោយវិលត្រឡប់ពីក្រុងវូហាន ប្រទេសចិន រូបភាព៖ Kyodo
× បន្ទាប់ពីប្រទេសចិន និងថៃ វីរុសថ្មីនៃជំងឺរលាកសួត បានលេចឡើងនៅជប៉ុនមួយករណីទៀត តាមរយៈបុរសជប៉ុនវ័យខ្ទង់ ៣០ឆ្នាំម្នាក់ ដែលបានវិលត្រលប់មកពីក្រុងវូហានវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខភាពរបស់ជប៉ុន នៅថ្ងៃទី១៦ ខែមករា។
នេះគឺជាករណីទី២ហើយ ដែលគេបានរកឃើញវីរុសថ្មីនៃជំងឺរលាកសួតលេចឡើងនៅក្រៅប្រទេសចិន ខណៈពេលករណីទីមួយបានកើតឡើងនៅថៃ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលរបស់ជប៉ុន បុរសដែលមានវ័យខ្ទង់ ៣០ឆ្នាំ បានធ្វើដំណើរទៅក្រុងវ៉ូហាន ប្រទេសចិន ដោយត្រលប់មកវិញជាមួយនឹងវីរុសថ្មី មានជាប់ពាក់ព័ន្ធនឹងជំងឺរលាកសួតធ្ងន់ធ្ងរ SARS ។
ជាការពិតបុរសរូបនេះ បានវិលត្រលប់មកពីក្រុងវូហានវិញ នៅក្នុងខែមករានេះ ដោយមានភ្ជាប់មកជាមួយជំងឺក្តៅខ្លួនផងដែរ។ ជាបុរសម្នាក់ដែលរស់នៅក្នុងខេត្ត Kanagawa គ្រូពេទ្យជប៉ុន បានពិនិត្យឈាមរកឃើញថា បុរសរូបនេះមានផ្ទុកវីរុសថ្មីមែន។ ដោយខ្លាចឆ្លងទៅអ្នកដទៃ បុរសរូបនេះ ត្រូវបានគេឲ្យស្នាក់នៅមន្ទីពេទ្យមួយរយៈ ដើម្បីតាមដានរោគសញ្ញា។ ប៉ុន្តែបុរសវ័យ ៣០ឆ្នាំនេះ ត្រូវបានគេឲ្យចាកចេញពីមន្ទីពេទ្យហើយនៅថ្ងៃទី១៥ ខែមករា បន្ទាប់ពីស្ថានភាពជំងឺមានភាពធូរស្រាល។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខភាពជប៉ុន។
យ៉ាងណាក៏ដោយ មកទល់ពេលនេះ គេមិនទាន់រកឃើញករណីឆ្លងពីមនុស្សទៅមនុស្សនៅឡើងទេ។ កន្លងមក អង្គការសុខភាពពិភពលោក ធ្លាប់បានព្រមានថា វីរុសនៃជំងឺរលាកសួតនេះ អាចឆ្លងពីមនុស្សទៅមនុស្ស ក្នុងលទ្ធភាពខ្ពស់បំផុត ក្នុងចំណោមគ្រួសារអ្នកជំងឺផ្ទាល់។ ប៉ុន្តែគេមិនទាន់ច្បាស់នៅឡើយទេ ថាវីរុសប្រភេទនេះ អាចឆ្លងពីមនុស្សទៅមនុស្ស។ នាពេលថ្មីៗនេះ ថៃក៏បានរកឃើញអ្នកជំងឺម្នាក់ ដែលមានផ្ទុកវីរុសថ្មីនេះដែរ ហើយត្រូវបានក្រុមអ្នកជំនាញ ព្យាបាល និងអនុញ្ញាតឲ្យចាកចេញពីមន្ទីពេទ្យហើយ។
សូមបញ្ជាក់ថា បញ្ហាវីរុសថ្មីនៃជំងឺរលាកសួតនេះ បានធ្វើឲ្យអាជ្ញាធរសុខភាពចិនឈឺក្បាលយ៉ាងខ្លាំង ខណៈពេលប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ថៃ បានចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភពីបញ្ហានេះ និងឲ្យប្រជាជនពលរដ្ឋប្រុងប្រយត្ន។ អ្វីដែលធ្វើឲ្យចិន កាន់តែព្រួយបារម្ភជាងនេះ នោះគឺ ជំងឺនេះ គឺផ្ទុះឡើងនៅជិតថ្ងៃបុណ្យចូលឆ្នាំចិន នៅចុងខែមករានេះ។ ក្នុងឱកាសចូលឆ្នាំ ប្រជាជនចិនជាច្រើន នឹងធ្វើដំណើរទៅលេងស្រុក ទៅលេងក្រៅប្រទេសជាដើម ហើយវាក៏អាចនាំជំងឺនេះ ទៅជាមួយផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com