អន្តរជាតិ
ស្តេច​ស៊ុ​លត​ង់ ព្រមាន​មន្ត្រី​ដែល​ហ៊ាន​ពុករលួយ​លើ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​របស់​រដ្ឋ​
16, Jan 2020 , 7:39 pm        
រូបភាព
ស្តេចស៊ុលតង់ព្រុយណេHassanal Bolkiah។ រូបភាព៖ Infofoto
ស្តេចស៊ុលតង់ព្រុយណេHassanal Bolkiah។ រូបភាព៖ Infofoto
​ស្តេច​ស៊ុ​ល​តង់​ព្រុយ​ណេ Hassanal Bolkiah នៅ​ថ្ងៃទី​១៣ ខែមករា បាន​ព្រមាន​មន្ត្រី ដែល​ទទួលបន្ទុក​លើ គម្រោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សាធារណៈ​ថា អំពើពុករលួយ គឺ​ផ្លូវ​ឆ្ពោះទៅរក​នរក និង​ធ្វើ​ឲ្យ​ខាតបង់​ថវិការ​ជាតិ​ជាច្រើន​លាន​ដុល្លារ​។ ការលើកឡើង​របស់​ប្រមុខរដ្ឋ​ប្រុយ​ណេ​បែបនេះ គឺធ្វើឡើង បន្ទាប់ពី​រកឃើញ​អគារ​មួយចំនួន កំពុងមាន​បញ្ហា និង​ត្រូវគេ​ទុកចោល​។


 
​បន្ទាប់ពី​រកឃើញ​អគារ​មួយចំនួន មាន​បញ្ហា និង​ត្រូវគេ​ទុកចោល ស្តេច​ស៊ុ​ល​តង់​ព្រុយ​ណេ Hassanal Bolkiah បាន​លើកឡើងថា ចាប់ពី​ផ្លូវ​សាធារណៈ ផ្ទះសម្បែង ការគ្រប់គ្រង​ទឹក ការគ្រប់គ្រង​ដី និង​ច្បាប់​ស្តីពី​ការសាងសង់​រោងចក្រ​ឧស្សាហកម្ម គឺជា​ឱកាស​សម្រាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផ្សេងៗ ។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ស្តេច​ស៊ុ​លត​ង់ បាន​លើក​គម្រោង​សាងសង់​របស់​រដ្ឋ​មួយចំនួន​។ ក្នុងនោះ​មានដូចជា អា​ផាត​មិន H40  ដែលមាន ៣០០​បន្ទប់​នៅក្នុង​តំបន់​អចលនទ្រព្យ​ជាតិ Lambak Kanan, ផ្ទះ​ជាច្រើន​ខ្នង​នៅក្នុង​តំបន់​អចលនា​ទ្រព្យ​ជាតិ Rimba, និង​ផ្ទះ ១០០០​ខ្នង ដែល​ស្ថិតនៅក្នុង​តំបន់​អចលនវត្ថុ​ជាតិ Kg Mengkubau​។ សំណង់​នៅក្នុង​តំបន់​ទាំងបី​ខាងលើនេះ សុទ្ធតែ​ត្រូវបាន​គេ​ទុកចោល ផ្អាក​ដំណើរ​ការសាងសង់ ខ្វះ​សុវត្ថិភាព​សំណង់ និង​ពន្យារ​ការសាងសង់​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Scoop​។ 
 
​ជុំវិញ​បញ្ហា​នេះ ស្តេច​ស៊ុ​លត​ង់ បាន​បញ្ជាក់ថា ករណី​ទុកចោល​ផ្ទះ​ជាច្រើន​ពាន់​ខ្នង​បែបនេះ មិនមែនជា​ចំនួន​តិច​នោះទេ ហើយ​វា​ក៏ត្រូវ​ចំណាយ​ប្រាក់​អស់​ជាច្រើន​លាន​ដុល្លារ​ថែមទៀត​។ ក្នុង​គម្រោង​សាងសង់​ផ្ទះសម្បែង​ខាងលើ គឺជា​ផ្នែក​មួយ នៃ​គម្រោង​ជិត ៣៨៨​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្ទះ​៤០០០​កន្លែង ដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវការ​ផ្ទះសម្បែង​របស់​ប្រជាជន​។ 
 
​ដោយ​មិន​ពេញចិត្ត​ពី​បញ្ហា​នេះ ស្តេច​ស៊ុ​ល​តង់​បាន​អះអាងថា ដៃគូ​កិច្ចសន្យា និង​អ្នកម៉ៅការ​ក្នុងការ​សាងសង់ គឺ​រដ្ឋាភិបាល​ជា​អ្នក​ជ្រើសរើស ហើយ​មន្ត្រី​រដ្ឋាភិបាល ត្រូវតែ​ត្រួតពិនិត្យ​ពី​បញ្ហា​នេះ​។ ទាក់ទង​ទៅនឹង​សម្ភារៈ​សម្រាប់​សាងសង់​វិញ ស៊ុ​លត​ង់​អង្គ​នេះ បាន​ប្រាប់​មន្ត្រី​ទាំងអស់ មិនត្រូវ​ទុក​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដាក់​តាមតែ​ចិត្ត និង​មិន​ខ្វល់​ពី​គុណភាព​នោះទេ​។ 
 
​បើតាម​ប្រមុខរដ្ឋ​ព្រុយ​ណេ រឿង​អកុសល​នោះ គឺ​មន្ត្រី​មិន​ទទួលខុសត្រូវ​លើ​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ឬ​ពេលខ្លះ​មានបំណង​ទុច្ចរិត​គេង​ប្រវ័ញ្ច​លើ​រដ្ឋាភិបាល​ទៅទៀត ដោយ​សង្ឃឹមថា  ពួកគេ​អាច​ទទួលបាន​ផលប្រយោជន៍​ពី​គម្រោង​ទាំងនោះ ។ 
 
​ក្នុងន័យនេះ ស្តេច​ស៊ុ​លត​ង់ បាន​ក្រើន​រំលឹកថា អំពើពុករលួយ គឺជា​ស្ពាន​ទៅរក​ឋាននរក​។ ក្រៅពីនេះ លោក​ក៏បាន​ជំរុញ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍ ត្រូវ​ចាត់វិធានការ​យ៉ាង​តឹងរឹង​ផងដែរ លើ​ជន​ទាំងឡាយណា ដែល​ហ៊ាន​យក​សម្បត្តិ​រដ្ឋ​ទៅ​ជួល​ជា​សាធារណៈ​។​
 
​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​១៩៨០​មក រដ្ឋាភិបាល​ព្រុយ​ណេ បានផ្តល់​ផ្ទះសម្បែង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ២៨​ពាន់​ខ្នង តាមរយៈ​ផែនការ​ផ្ទះសម្បែង​ថ្នាក់ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវការ​ផ្ទះ​របស់​ប្រជាជន​។  

Tag:
 ព្រុយ​ណេ​
© រក្សាសិទ្ធិដោយ thmeythmey.com