កីឡាអន្តរជាតិ
អន្តរជាតិ
៣ឆ្នាំ Everton ខាតដល់ទៅ១៤៦លានដុល្លារ ប៉ុន្តែក្លិបសន្យាស្តារស្ថានភាពឡើងវិញ
× Everton បានប្រកាសពីការខាតបង់ប្រាក់ជាកំណត់ត្រាក្លិបចំនួន ១១១,៨ លានផោន (១៤៦លានដុល្លារអាមេរិក) ក្នុងរយៈពេល៣ឆ្នាំ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩។ យ៉ាងណាក៏ដោយក្លិបក្នុងក្របខណ្ឌ Premier League មួយនេះ ប្តេជ្ញាថានឹងធ្វើឲ្យមានចីរភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ។
កាលពីឆ្នាំ ២០១៧ Everton ទទួលបានប្រាក់ចំណេញ ៣០,៦ លានផោន (៤០លានដុល្លារ) ហើយបានខាតបង់ទៅវិញនៅឆ្នាំ២០១៨ ចំនួន ១៣,១លានផោន (១៣លានដុល្លារ)។ ប៉ុន្តែតួលេខចុងក្រោយបង្ហាញថាក្រុមរហស្សនាមស្ករគ្រាប់បានឈានដល់កម្រិតប្រកាសអាសន្ននៃការចំណាយក្រោមការគ្រប់គ្រងរបស់ម្ចាស់ភាគហ៊ុនធំលោក Farhad Moshiri។
ច្បាប់ចីរភាពនៅក្នុងលីគកីឡាបាល់ទាត់កំពូលអង់គ្លេស អនុញ្ញាតឲ្យក្លិបមួយត្រូវខាតបង់ចំណូលចំនួន ១០៥លានផោន (១៣៧លានដុល្លារ) ក្នុងរយៈពេលត្រឹម៣ឆ្នាំ ខណៈដែលការខាតបង់សរុបរបស់ Everton ក្នុងរយៈពេលដូចគ្នានេះមានចំនួន៩៤,៣លានផោន (១២៣លានដុល្លារ)។
ទាំងអស់នេះមិនទាន់គិតបញ្ចូលថ្លៃកីឡដ្ឋាន Goodison Park និងក្រុមថ្នាលផងទេ ស្របពេលដែលក្លិបបានកាត់បន្ថយចំណាយរួចហើយនោះ។
មួយវិញទៀត ការចំណាយលើប្រាក់ឈ្នួលរបស់កីឡាករ Everton មានចំនួន១៦០លានផោន (២០៩លានដុល្លារ) ដែលកើនឡើងពី៧៧ភាគរយ ក្នុងឆ្នាំ២០១៨ ដល់ ៨៥ភាគរយនៅរដូវកាលមុន។
លោក Moshiri អ្នកវិនិយោគសញ្ជាតិអង់គ្លេស-អ៊ីរ៉ង់ ដែលកាន់កាន់ភាគហ៊ុននៅ Everton ចំនួន៧៣,២ភាគរយ បានចំណាយប្រាក់ប្រមាណ ៤៥០ លានផោន (៥៨៧លានដុល្លារ) ទៅលើការដុះដូរកីឡាករ។ ស្ថិតក្រោមការគ្រប់គ្រងរបស់លោកចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ Everton បានផ្លាស់ប្តូរអ្នកចាត់ការទូទៅ ៤រូបមកហើយ ដែលបញ្ហានេះនាំឲ្យមានសំណួរពីអ្នកគាំទ្រអំពីនិរន្តភាពរបស់ក្លិប។
Everton ដែលសព្វថ្ងៃមានអ្នកចាត់ការទូទៅលោក Carlo Ancelotti ឈរនៅចំណាត់ថ្នាក់ទី១១ ក្នុងតារាងចំណាត់ថ្នាក់ Premier League ដោយរកបាន២៨ពិន្ទុ ពីការប្រកួត២២លើកនៅរដូវកាល២០១៩-២០នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com