ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
អ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់ អំពាវនាវដល់អ្នកទេសចរកុំបោះសំរាមចោលពាសវាលលើភ្នំ
× ភ្នំពេញ៖ មគ្គុទេ្ទសក៍ទេសចរនាំភ្ញៀវភ្នំឱរ៉ាល់ អំពាវនាវដល់ភ្ញៀវដែលធ្វើដំណើរផ្សងព្រេងឡើងភ្នំឱរ៉ាល់ ឲ្យទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ខណៈទេសចរកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ២០១៩ មានរហូដល់ ៤,៥០០នាក់។ មគ្គុទេ្ទសក៍ទេសចរ ឈឺន ឈីម ដឹកនាំប្រជាសហគមន៍ឡើងភ្នំឱរ៉ាល់ ដើម្បីប្រមូលសំរាមដែលភ្ញៀវទេសចរមួយចំនួនបោះចោលពាសវាលពាសកាលតាមផ្លូវនិងលើកភ្នំឱរ៉ាល់។
«ទោះមិនបានយកសំរាមចុះក្រោមវិញ សុំតែទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីសហគមន៍ខ្ញុំងាយស្រួលរៀបចំ »។ នេះជាការលើកឡើងរបស់លោក ឈឺន ឈីម មគ្គុទេ្ទសក៍ទេសចរ និងជាប្រធានសហគមន៍ទេសចរណ៍ភ្នំឱរ៉ាល់ ប្រាប់សារព័ត៌មានថ្មីៗ។ លោកបានរៀបរាប់ថា ទេសចរជាច្រើនបានយល់ដឹងពីបញ្ហាសំរាមនេះ តែមានមួយចំនួនតូចប៉ុណ្ណោះ ដែលគាត់មិនបានយកចិត្តទុកដាក់ ដោយហេតុថានឿយហត់អស់កម្លាំង និងមានពេលខ្លី។
ឯរូបដែលបង្ហាញពីសកម្មភាពសម្អាត និងដុតសំរាមនៅលើភ្នំឱរ៉ាល តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ប្រធានសហគមន៍ទេសចរភ្នំឱរ៉ាល់ បានបង្ហោះអមដោយសារយ៉ាងដូចច្នេះ៖«ខ្ញុំម្នាក់ឯងមិនអាចធ្វើបានល្អនោះទេ លុះត្រាតែបងប្អូនភ្ញៀវចូលរួមសម្អាតទាំងអស់គ្នា»។ លោក ឈីម សង្ឃឹមថានៅថ្ងៃមុខ ភ្ញៀវទេសចរនឹងសហការ យកចិត្តទុកដាក់ខ្ពស់ ដើម្បីជាចំណែកថែរក្សាបរិស្ថាន និងទុកដាក់សំរាមឲ្យមានរបៀបរៀបរយ។
មគ្គុទេ្ទសក៍ទេសចរនាំភ្ញៀវភ្នំឱរ៉ាល់ រូបនេះ បានបញ្ជាក់ប្រាប់ថ្មីៗថា នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិឡើងលើភ្នំឱរ៉ាល់ចំនួន ៤,៥១៥នាក់ ក្នុងនោះ ៤០ភាគរយជាស្ត្រី ហើយភ្ញៀវអន្តរជាតិមានប្រមាណ១០០នាក់ប៉ុណ្ណោះ ខណៈនៅឆ្នាំ២០១៨ មានប្រមាណ ៣,៥០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com