ជាតិ
សង្គមជាតិ
រដ្ឋបាលជលផលហាមឲ្យពលរដ្ឋនេសាទនៅរដូវពងកូនរបស់ត្រីកាម៉ុង រូបភាពត្រីកាម៉ុង ឬត្រីប្លាធូ រូបភាពពីរដ្ឋបាលខេត្តកោះកុង
× ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសមិនឲ្យអ្នកនេសាទទូទាំងរាជធានីខេត្ត និងអ្នករស់នៅតំបន់ពាមក្រសោប ខេត្តកោះកុង នេសាទត្រីកាម៉ុង ក្នុងរដូវកាលពងកូនក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែមីនានេះឡើយ។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ការហាមឲ្យនេសាទត្រីកាម៉ុងនេះ សម្រាប់តែអ្នកប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈទ្រង់ទ្រាយធំ និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
ចំពោះការនេសាទខ្នាតគ្រួសារតូចៗ រដ្ឋបាលជលផលអនុញ្ញាតឲ្យនេសាទបានធម្មតា ដែលរដ្ឋបាលជលផលចាត់ទុកថា ការនេសាទខ្នាតគ្រួសារដែលប្រើប្រាស់ឧបករណ៍នេសាទនោះ មិនបង្កលក្ខណៈធ្ងន់ធ្ងរដល់រដូវការពងកូនរបស់ត្រីឡើយ។ នេះបើតាមការបញ្ជាក់ពីលោក អេង ជាសាន ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ដែលបង្ហាញដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ផលនេសាទទឹកសាបក្នុងឆ្នាំ២០១៩នេះ មានចំនួនជាង៤៧ម៉ឺនតោន ដែលធ្លាក់ចុះជាង៥ម៉ឺនតោន គឺស្មើនឹង១០ភាគរយ បើធៀបនឹងផលនេសាទក្នុងឆ្នាំ២០១៨ ដែលមានចំនួនជាង៥៣ម៉ឺនតោន៕
Tag:
រដ្ឋបាលជលផល
នេសាទ
ត្រីកាម៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com