អន្តរជាតិ
លោកស្រី ការី ឡាំ​៖ ការគ្រប់គ្រង​«​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» អាចអនុវត្ត​ក្រោយ​ឆ្នាំ​២០៤៧ តទៅទៀត​
16, Jan 2020 , 10:39 pm        
រូបភាព
លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ, រូបភាព៖ EPA-EFE
លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ, រូបភាព៖ EPA-EFE
​លោកស្រី​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង ការី ឡាំ នៅ​ថ្ងៃទី​១៦ ខែមករា បាន​លើកឡើងថា ការគ្រប់គ្រង «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» របស់​ទីក្រុង​ហុងកុង អាច​បន្ត​អនុវត្ត​រហូតដល់​ក្រោយ​ឆ្នាំ ២០៤៧ បើសិន​ទីក្រុង​ស្វយ័ត​មួយ​នេះ អនុវត្ត «​គោលការណ៍​ប្រទេសមួយ​» បានល្អ​។


 
​គិត​ចាប់​មកដល់​ពីនេះ បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​គឺមាន​រយៈពេល​ជិត ៧​ខែ​ហើយ សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ទីក្រុង​ក៏​កាន់តែ​ខ្សោយ​។ បញ្ហា​បាតុកម្ម​នេះ បាន​បង្កឡើង​ដោយសារតែ​បញ្ហា​សំណើ​ច្បាប់​បត្យាប័ន កាលពី​ខែមិថុនា​។ 
 
​ថ្លែងប្រាប់​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ លោកស្រី​ការី ឡាំ បាន​លើកឡើងថា ការគ្រប់គ្រង «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» នឹង​នៅតែ​រក្សា​ដដែល និង​ពេញលេញ រហូតដល់​ក្រោយ​ឆ្នាំ ២០៤៧ ប្រសិនបើ​ទីក្រុង​ហុងកុង អាចអនុវត្ត​គោលការណ៍​ឲ្យ​បាន​ត្រឹមត្រូវ​។ បើតាម​ការពន្យល់​រប​ស់លោក​ស្រី​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង គោលការណ៍​នេះ គឺ​គ្រាន់តែ​ជាការ​គោរព​ប្រទេស​ចិន​តែមួយ នោះ​ប្រព័ន្ធគ្រប់គ្រង​ទីក្រុង​ហុងកុង​ប​ច្ច​ប្បន្ន នឹង​នៅតែ​អនុវត្ត​ដដែល​រហូតដល់​ផុត​ឆ្នាំ ២០៤៧​។ យ៉ាងណាក៏ដោយ លោកស្រី ការី ឡាំ មិនបាន​បកស្រាយ​ឲ្យ​បានច្បាស់លាស់​ជាង​នេះ​នោះទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន AP​។ 
 
​ក្រៅពី​និយាយ​ពី​ការគ្រប់គ្រង «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» លោកស្រី ការី ឡាំ ក៏បាន​ប្រកាស​ពី​ការបង្កើត​គណៈកម្មាធិកា​រ​មួយ នៅ​ខែក្រោយ ដើម្បី​ស៊ើបអង្កេត​រក​មូលហេតុ ដែល​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​រហូតដល់​ជិត ៧​ខែ​កន្លងមកនេះ​។ សមាជិក​គណៈកម្មាធិកា​រ​នេះ អាចមាន​សមាជិក​ដូចជា សាស្ត្រាចារ្យ អ្នកជំនាញ មេដឹកនាំ​សង្គម ខណៈ អ្នកជំនាញ​ទាំងនោះ កំពុង​ស្ទាក់ស្ទើរ ក្នុងការ​ចូលរួម ដោយសារតែ​បារម្ភ​ពី​បញ្ហា ការវាយប្រហារ​ជា​ឯកជន និង​ការ​បែកធ្លាយ​ព័ត៌មាន​ឯកជន​របស់ខ្លួន​។ 
 
​ជាការ​ពិត នៅក្នុង​ឆ្នាំ ១៩៩៧ ចិន និង​អង់គ្លេស បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ប្រគល់​ទឹកដី​ហុងកុង​ឲ្យ​មក​ចិន​គ្រប់គ្រង​វិញ​។ ប៉ុន្តែ​ក្នុង​រយៈពេល ៥០​ឆ្នាំ ពោលគឺ​ពី​ឆ្នាំ ១៩៩៧ ដល់ ឆ្នាំ ២០៤៧ ទីក្រុង​ប៉េកាំង ត្រូវតែ​រក្សា​ទំលាប់​ចាស់​ដដែល រួមទាំង​នយោបាយ និង​សេដ្ឋកិច្ច​។ ទាល់តែ​ផុត​ឆ្នាំ ២០៤៧ ទើប ចិន​មាន​ដែន​យុត្តាធិការ​ផ្តាច់មុខ​លើ​កោះ​ហុងកុង​៕

Tag:
 ​ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com