អន្តរជាតិ
ការស្ទង់មតិ៖ សាកលវិទ្យាល័យអូស្ត្រាលីជាជម្រើសឈានមុខគេសម្រាប់និស្សិតកម្ពុជា និងឡាវ សាកលវិទ្យាល័យជាតិអូស្ត្រាលី (សារព័ត៌មាន abc.net.au)
× សាកលវិទ្យាល័យអូស្ត្រាលី គឺជាជម្រើសកំពូលសម្រាប់និស្សិតកម្ពុជា និងឡាវ ។ នេះបើយើងការស្ទង់មតិអាស៊ានថ្មីមួយ។ ការស្ទង់មតិដដែល បន្តថា អូស្ត្រាលី គឺជាដៃគូយុទ្ធសាស្ត្រគួរឲ្យទុកចិត្តលំដាប់ទី៣ របស់កម្ពុជា ហើយក៏បានផ្តល់អាហារូបករណ៍ច្រើនដល់និស្សិតកម្ពុជាផងដែរ។
ក្នុងរបាយការណ៍រដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ (State of Southeast Asia) ដែលបានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា បានបង្ហាញថា អាហារូបករណ៍សាកលវិទ្យាល័យនៅអូស្ត្រាលី ត្រូវបានផ្តល់តម្លៃខ្ពស់បំផុតក្នុងចំណោមអ្នកឆ្លើយសំណួរមកពីប្រទេសទាំងពីរ ពោលគឺឈរនៅលើសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
កម្ពុជាក៏បានចាត់ថ្នាក់អូស្ត្រាលីជាដៃគូយុទ្ធសាស្ត្រគួរឲ្យទុកចិត្តបំផុតទី ៣ នៅពីក្រោយប្រទេសជប៉ុននិងសហភាពអឺរ៉ុប ដើម្បីប្រឆាំងនឹងភាពមិនប្រាកដប្រជា ដែលបង្កើតឡើងដោយការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាមេរិកនិងចិន។ នេះបើតាមការស្ទង់មតិដដែល។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Australian លោក Tang Siew Mun ដែលជាសហអ្នកនិពន្ធនៃការស្ទង់មតិសម្រាប់មជ្ឈមណ្ឌលសិក្សាអាស៊ាននៅវិទ្យាស្ថាន ISEAS-Yusif Ishak របស់សិង្ហបុរី បានបញ្ជាក់ថា៖«ជាប្រពៃណី អូស្ត្រាលី បានផ្តល់អាហារូបករណ៍ជាច្រើនដល់កម្ពុជា។ ហើយរឿងនេះ ពុំសូវទទួលបានក្រេឌីត ឬការចាប់អារម្មណ៍ជាសាធារណៈច្រើនឡើយ»។
សូមបញ្ជាក់ថា ការស្ទង់មតិក្នុងរបាយការណ៍រដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ (State of Southeast Asia)គឺផ្តោតសំខាន់លើការសិក្សាលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយចម្បងៗនៃបណ្ដាប្រទេស១០របស់អាស៊ាន។ អ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិនេះ គឺជ្រើសរើសមកពីជួររដ្ឋាភិបាល ការពារជាតិ អ្នកស្រាវជ្រាវ សង្គមស៊ីវិល អាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយ៕
Tag:
អូស្ត្រាលី
កម្ពុជា
ឡាវ
សាកលវិទ្យាល័យ
អាស៊ាន
ការស្ទង់មតិ
© រក្សាសិទ្ធិដោយ thmeythmey.com