ជាតិ
សង្គមជាតិ
អ្នក​ជាប់ឃុំ​ពីរ​នាក់​ហើយ បាន​ស្លាប់​, មន្ត្រី បកស្រាយ​ថា «​មកពី​ជនរងគ្រោះ​ខ្លួនឯង​»
17, Jan 2020 , 11:17 am        
រូបភាព
សពលោក ទុយ ស្រស់ (ឆ្វេងដៃ) និង សពលោក ទិត រ៉ន
សពលោក ទុយ ស្រស់ (ឆ្វេងដៃ) និង សពលោក ទិត រ៉ន
ដោយ: ថ្មីៗ
​ករណី​អ្នកជាប់ឃុំស្លាប់​ បានកើត​ឡើង​ពីរលើក​ហើយ ដោយ​រង​ការសង្ស័យថា មកពី​មានការ​ធ្វើ​ទារុណកម្ម​។ តែ​មន្ត្រី​បដិសេធ និង​បកស្រាយ​ថា «​ការស្លាប់ គឺ​បណ្តាលមកពី​បញ្ហា​នានា​របស់​ជនរងគ្រោះ​ខ្លួនឯង​»​។


 
​ករណី​ទីមួយ បុរស​ឈ្មោះ ទិ​ត រ៉​ន អាយុ​៣៨​ឆ្នាំ រស់នៅក្នុង​ភូមិ​វត្ត ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បាន​ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩​។ លោក ទិ​ត រ៉​ន ស្លាប់​ពេល​បញ្ជូន​ចេញពី​អគារ​ឃុំខ្លួន​នៃ​ស្នងការ​ខេត្តកំពង់ចាម ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​។ លោក ទិ​ត រ៉​ន គឺជា​កូន​របស់លោក អៀម ទិ​ត ដែល​បាន​អះអាងថា ខ្លួន​ជា​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ 
 
​សមត្ថកិច្ច ចាប់​លោក ទិ​ត រ៉​ន យកទៅ​ឃុំ តាម​អំណាច​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្តកំពង់ចាម​។ បើតាម​ដីកា​នោះ លោក ទិ​ត រ៉​ន រង​ការចោទប្រកាន់ថា បាន​ប្រព្រឹត្ត​បទល្មើស​បង្ក​របួសស្នាម​ដោយ​ចេតនា តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០០៦​មកម្ល៉េះ​។​
 
​ក្រុមគ្រួសារ សង្គម​ស៊ីវិល រួមទាំង​លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រហូតដល់ក្រសួងការបរទេសរដ្ឋអាមេរិក ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌ ដោយសង្ស័យថា លោក ទិ​ត រ៉​ន ស្លាប់​ដោយសារតែ​រង​ការធ្វើ​ទារុណកម្ម​ពី​មន្ត្រី​ពន្ធនាគារ​​។ តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​គេ​ថត​ពី​សាកសព​របស់លោក ទិ​ត រ៉​ន ពេល​បញ្ជូនទៅ​ដល់ផ្ទះ ហើយ​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម គេ ឃើញ​ស្លាកស្នាម​មួយចំនួន​លើ​សាកសព ដូចជា នៅ​លើ​ភ្នែក​ខាងស្តាំ និង​នៅ​ម្តុំ​កញ្ចឹងក ជាដើម​។     
 
​ប៉ុន្តែ មន្ត្រី បាន​បកស្រាយ​ផ្ទុយស្រឡះ ចំពោះ​មរណភាព​របស់លោក ទិ​ត រ៉​ន​។ កាលនោះ ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​ខេត្តកំពង់ចាម បាន​សរសេរ​របាយការណ៍​ស្តីពី​មរណភាព​របស់លោក ទិ​ត រ៉​ន ជូនទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។ 
 
​លោក ឯម កុសល ប្រា​ប់លោក នេ​ត សាវឿន ថា លោក ទិ​ត រ៉​ន មាន​សភាព​ញ័រ​ដៃ ញ័រ​ជើង និង ញ័រ​ទាំង​ខ្លួនប្រាណ ដែល​មើលទៅ​ដូចជា​មនុស្ស​ញៀន​ស្រា ហើយ​បាន​ដើរ​ដួល​ក្នុង​បន្ទប់ទឹក​នៃ​អគារ​ឃុំខ្លួន ដោយ​មិន​ប្រុងប្រយ័ត្ន ក៏​បោក​ក្បាល់​ប៉ះ​នឹង​ជ្រុង​អាងទឹក បណ្តាល​ឲ្យ​របួស​លើ​ត្របកភ្នែក​ខាង​ស្តាំ និង​ចេញឈាម​។ លោក ឯម កុសល បន្តថា សមត្ថកិច្ច ពិនិត្យមើល​ដងខ្លួនរ​ប​ស់លោក ទិ​ត រ៉​ន ឃើញ​មាន​របួស​បែក​លើ​ចិញ្ចើម​ផ្នែក​ខាង​ស្តាំ​ប្រវែង​២​សង់ទីម៉ែត្រ ស្នាម​ក្រហម​លើ​កំភួនដៃ​ទាំងសងខាង និង​ស្នាម​ក្រហម​នៅត្រង់​កំភួនជើង​ស្តាំ ហើយ​សមត្ថកិច្ច បាន​លាង​និង​រុំ​របួស​ឲ្យ​លោក ទិ​ត រ៉​ន​។​
 
​លោកស្នងការ សរសេរ​ក្នុង​របាយការណ៍​យ៉ាង​ដូច្នេះ​ថា​៖«​ពេល​ឃុំខ្លួន សមត្ថកិច្ច​យើង ពុំបាន​ប្រើ​អំពើហិង្សា ឬ​ធ្វើ​ទារុណកម្ម​ទៅលើ​ជនសង្ស័យ​ឈ្មោះ ទិ​ត រ៉​ន ឡើយ​។ ឈ្មោះ ទិ​ត រ៉​ន បាន​ស្លាប់​នៅ​ពន្ធនាគារ ដោយ​មូលហេតុ​បណ្តាលមកពី​ដួល​ប៉ះទង្គិច​ក្បាល កាលពី​ថ្ងៃទី​១៧ ខែមេសា​»​។ លោក អះអាង​ទៀតថា​៖«​ឈ្មោះ ទិ​ត រ៉​ន ពិតជា​មនុស្ស​ញៀន​ស្រា ពេល​មិនបាន​ផឹកស្រា ញ័រ​ដៃ ញ័រ​ជើង ហើម​មុខ ហើម​ដៃ និង​ហើមជើង​....»​។ 
 
​គេ មិនទាន់​ឃើញ​មាន​មន្ត្រី​ណា​ម្នាក់ រង​ការចោទប្រកាន់ថា ពាក់ព័ន្ធ​នឹង​ការធ្វើ​ទារុណកម្ម​លើ​លោក ទិ​ត រ៉​ន ឡើយ ហើយ​មកដល់​បច្ចុប្បន្ន​នេះ មរណភាព​របស់លោក ទិ​ត រ៉​ន ហាក់​ស្ងប់ស្ងាត់​ទៅហើយ​។ 
 
​ករណី​ទី​ពីរ បុរស​ឈ្មោះ ទុយ ស្រស់ អាយុ​៣៤​ឆ្នាំ រស់នៅ ភូមិ​ជ្រៃ ឃុំ​សឹង្ហ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ ក្រោយ​ប​ញ្ចូ​ន​ចេញពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ លោក ទុយ ស្រស់ ជា​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​៥​នាក់ ដែល​ត្រូវ​ចាប់ខ្លួន ក្រោយ​ពួកគេ តវ៉ា​នឹង​អាជ្ញាធរ ដែល​ទៅ​ឈូសឆាយ​ផ្ទះ​របស់​ពួកគេ​។ សមត្ថកិច្ច ចោទ​លោក ទុយ ស្រស់ ពីបទ​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនទ្រព្យ​ដោយ​សុចរិត​។ 
 
​មរណភាព​របស់លោក ទុយ ស្រស់ គឺ​ដូច​មរណភាព​របស់លោក ទិ​ត រ៉​ន ដែរ ដោយ​ប្រជាពលរដ្ឋ មន្ត្រី​អតីត​គណបក្សប្រឆាំង និង អ្នកប្រើប្រាស់​បណ្តាញ​សង្គម ចោទប្រកាន់ថា លោក ទុយ ស្រស់ រង​ការធ្វើ​ទារុណកម្ម​។ តាមរយៈ​រូបភាព ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម គេ ឃើញ​លោក ទុយ ស្រស់ មាន​ស្នាម​ជាំ​មួយចំនួន នៅលើ​ផ្ទៃមុខ ដូចជា ភ្នែក​ខាងស្តាំ និង​ម្តុំ​គុ​ម្ភ​​ត្រចៀក ជាដើម ហើយ​លើ​ដងខ្លួន និង ដៃ ក៏មាន​របួស​និង​ស្នាម​ជាំ​ដែរ ដែល​មើលទៅ​ហាក់ដូច​រង​ការវាយដំ​។ 
 
​ប្រជាពលរដ្ឋ ដែលជា​អ្នក​តវ៉ា​ជាមួយ​លោក ទុយ ស្រស់ អះអាងថា មុនពេល​ចាប់ខ្លួន លោក ទុយ ស្រស់ គ្មាន​របួស​និង​ស្នាប​ជាំ​អ្វី​ឡើយ​។ យ៉ាងណាក៏ដោយ ខាង​មន្ត្រី បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់ថា លោក ទុយ ស្រស់ ស្លាប់​ព្រោះ​រង​ការធ្វើ​ទារុណកម្ម​។ ការបកស្រាយ​របស់​ម​ន្ត្រី​ខេត្តបន្ទាយមានជ័យ ហាក់​មិន​ខុសពី​ការបកស្រាយ​របស់​មន្ត្រី​ខេត្តកំពង់ចាម​ឡើយ​។ 
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ អធិប្បាយ​ថា លោក ទុយ ស្រស់ បាន​ស្លាប់ ពេល​ត្រូវបាន​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី ដោយ​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ​របស់​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​តាម​ការបំភ្លឺ​ពី​អ្នក​ជាប់ឃុំ​ទាំង​៤​នាក់ ដែលជា​គ្នីគ្នា​របស់លោក ទុយ ស្រស់ បាន​អះអាង​ដូចគ្នា និង​បាន​សន្និដ្ឋានថា លោក ទុយ ស្រស់ «​មាន​ភាពមិនប្រក្រតី មាន​សុខភាព​មិនល្អ និង​ញៀន​ស្រា​ដាច់​មិនបាន​...»​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាន​សរសេរ​ទៀតថា មុនពេល​ស្លាប់ ក្រុមមន្ត្រី​ពន្ធនាគារ​ខេត្ត​និង​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​យកចិត្តទុកដាក់​ជាខ្លាំង ដោយបាន​បញ្ជូន​យកទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី ប៉ុន្តែ​មិនអាច​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​។ 
 
​ដំណឹង​មរណភាព​របស់លោក ទុយ ស្រស់ បានឮ​ទៅដល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ប្រចាំឆ្នាំ​លើក​ទី​៤ ជាមួយ​អ្នកកាសែត កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមគ្នា​បង្កើត​គណៈកម្មកា​រ​មួយ ដើម្បី​ស៊ើបអង្កេត​ករណីនេះ​។ ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់ថា បើ​ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​ការធ្វើ​ទារុណកម្ម​មែន​នោះ ត្រូវ​ចាប់​អ្នកប្រព្រឹត្ត​យកទៅ​ផ្តន្ទាទោស​ឲ្យ​បាន​។ 
 
​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១៦ ខែមករា ថា បច្ចុប្បន្ន គណៈកម្មការ ដែល​ទើបនឹង​បង្កើត​នេះ កំពុង​ស៊ើបអង្កេត តែ​លោក មិនអាច​ផ្តល់ព័ត៌មាន​លម្អិត​បាន​ឡើយ​។ លោក និយាយ​បែបនេះ​ថា​៖«​ក្នុងដំណាក់កាល​ស៊ើបអង្កេត និយាយ​មិនកើត​ទេ​»​។  
 
​ទន្ទឹមនេះ ប្រជាពលរដ្ឋ​ដល់​ទៅ​១៥០​គ្រួសារ បានរួមគ្នាធ្វើបណ្តឹង១ តាមរយៈតំណាង៣នាក់ ដាក់​ទៅកាន់​តុលាការខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី​១៤ ខែមករា ដើម្បី​ប្តឹង​មនុស្ស​៦​នាក់ ពីបទ​សមគំនិត​ធ្វើ​មនុស្សឃាត និង​ប្រើ​អំពើហិង្សា​លើ​លោក ទុយ ស្រស់ រហូតដល់​ស្លាប់​។ មនុស្ស​ទាំង​៦​នាក់​នោះ គឺ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​, លោក បោ​ន ប៉ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​, ប្រធាន​-​អនុប្រធាន​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​, ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ​, និង ប្រធាន​ពន្ធដា​ខេត្តបន្ទាយមានជ័យ​។ 
 
​គេ កំពុង​រង់ចាំ​មើលថា តើ​គណៈកម្មការ​ដែល​លោក កែវ រ៉េមី និង លោក សៅ សុខា បង្កើត​រួមគ្នា​នេះ នឹង​អាច​រកឃើញ​អ្នកណាខ្លះ ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទារុណកម្ម​លើ​លោក ទុយ ស្រស់​៕

Tag:
 អ្នក​ជាប់ឃុំ​ស្លាប់​
© រក្សាសិទ្ធិដោយ thmeythmey.com