ពីនេះ ពីនោះ
មហាវិទ្យាល័យ​គួរ​បង្កើត​មុខវិជ្ជា​សីលធម៌​សម្រាប់​និស្សិត នៅ​ថ្នាក់​បញ្ចប់​
17, Jan 2020 , 11:44 am        
រូបភាព
ដោយ: ថ្មីៗ
សុធីរ និង​សំណាង នៅ​បន្ត​ជជែក​ពី​រឿង​យុវជន ពីព្រោះ​វា​ជា​រឿង​អនាគត​កម្ពុជា​។ ក្លើ​ទាំងពីរ​ជួប​យុវជន​ច្រើន​ដែលមាន​អ​កប្ប​កិរិយា​ឆ្គាំឆ្គង ពុំ​សូវ​មាន​សុជីវធម៌ និង​មិនមាន​ស្មារតី​ទទួលខុសត្រូវ​។ អ្នក​ទាំងពីរ​យល់ថា មុន​និស្សិត​បញ្ចប់​ការសិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ហើយ​ត្រូវ​ស្វែងរក​ការងារ​ធ្វើ​នោះ ពួកគេ​គួរ​បាន​ឆ្លងកាត់​ឡើងវិញ​នូវ​មុខវិជ្ជា​សីលធម៌​។​

 
​សំណាង​៖ នៅ​កន្លែងធ្វើការ​អញ ក្មេងៗ​ចូល​ក្រោយ ស្លៀកពាក់​មក​ធ្វើការ​ដូច ស្លៀកពាក់​ទៅ​ដើរលេង ដើរ​ផ្សារ​។ មើលទៅ​ពួកគេ ដូច​មិនសូវ​ខ្វល់​យ៉ាងម៉េច​មិនដឹង​។ មិន​ខ្វល់ ឬ​មិន​ដឹងអី​?
 
​សុធីរ​៖ គឺ​មិន​ដឹងអី​! ចង់​និយាយថា មិនដឹងថា អា​ស្លៀកពាក់​បែប​ហ្នឹង អា​ធ្វើ​អាកប្បកិរិយា​បែប​ហ្នឹង គឺ​មិន​ត្រឹមត្រូវ​។ និយាយ​រួម គឺ​មិនដឹងថា ខុស​។ ដូច​ឯង​សរសេរ​ពាក្យ​ខ្មែរ​មួយ​ខុស​អ៊ីចឹង គឺ​សរសេរ​ខុស តែ​មិនដឹងថា វា​ខុស​ទេ​។ ហើយ​អា​មិនដឹង​ខុស​នេះ​ណា គឺ​មិនចេះ​ខ្មាស​ទេ​។​
 
​សំណាង​៖ ចុះ​ធ្វើ​ម៉េច​ឱ្យ​ពួកគេ​ដឹងថា​ខុស ហើយ​ឱ្យ​ចេះ​ខ្មាស​?
 
​សុធីរ​៖ រៀន​។ តែ​សំខាន់​អញ​គិត ថ្នាក់​មហាវិទ្យាល័យ​គួរ​មាន​វគ្គ​បំប៉ន​ផ្នែក​សីលធម៌ របៀប​រស់នៅ អាកប្បកិរិយា ចរិត ស្មារតី​ទទួលខុសត្រូវ នៅ​ឆ្នាំ​ចុងក្រោយ មុន​និស្សិត​បញ្ចប់​ការសិក្សា ហើយ​ស្វែងរក​ការងារ​ធ្វើ​។ ជាពិសេស គឺ​ត្រូវរ​យកចិត្តទុកដាក់ បំប៉ន​ចំណេះ​គិតពិចារណា​ដល់​ពួកគេ មុន​ពួកគេ​ចូលក្នុង​ពិភព​ការងារ ដែល​ត្រូវ​ជួប​មនុស្ស ជួប​បញ្ហា​ជាច្រើន​នៅក្នុង​ជីវិត​អាជីព​របស់​ពួកគេ​។​
 
​សំណាង​៖ តែ​អញ​គិតថា​ដូចជា​រឿង​កំប៉ិកកំប៉ុក​ពេក​ទេ​ដឹង​? ដល់​ថ្នាក់​បរិញ្ញាបត្រ​ហើយ មក​រៀន​សីលធម៌ សុជីវធម៌​យ៉ាងម៉េច​? អញ​ក៏​មិនដែល​ឭ​ថា នៅ​បរទេស​គេ​បង្រៀន​និស្សិត​ឱ្យមាន​សីលធម៌​ដែរ​?
 
​សុធីរ​៖ អ្ហែង​ថា​កំប៉ិកកំប៉ុក តែ​អ្ហែង​កំពុង​រអ៊ូ​ប្រាប់​អញ​ថា ក្មេងៗ​ឥឡូវ​ពុំ​សូវ​មាន​សីលធម៌ ពុំ​សូវ​មាន​ស្មារតី​ទទួលខុសត្រូវ​។ ករណី​នៅ​បរទេស គឺ​រឿង​របស់​បរទេស​។ យើង​ត្រូវ​ស្វែងយល់​ពី​សង្គម​របស់គេ​។ អាច​ថា និស្សិត​របស់គេ​មាន​វិន័យ មាន​របៀប ចេះ​គិតពិចារណា​ដឹង​ខុសត្រូវ​សមល្មម​ហើយ​។ ហើយក៏​មិនមែន​បានន័យថា បរទេស​មិន​ធ្វើ នៅ​កម្ពុជា​យើង​ធ្វើ​មិនកើត​នោះដែរ​!

© រក្សាសិទ្ធិដោយ thmeythmey.com