អន្តរជាតិ
អតីត​មេ​ប៉ូលិស​ជាតិ​ហ្វីលីពីន Albayalde ប្រឈម​ការចោទប្រកាន់​រឿង​ពុករលួយ​
17, Jan 2020 , 2:24 pm        
រូបភាព
លោកអតីតអគ្គស្នងការប៉ូលិសជាតិហ្វីលីពីន Oscar Albayalde (Striats Times)
លោកអតីតអគ្គស្នងការប៉ូលិសជាតិហ្វីលីពីន Oscar Albayalde (Striats Times)
ដោយ:
​អតីត​អគ្គស្នងការ​ប៉ូលិស​ជាតិ​ហ្វីលីពីន លោក Oscar Albayalde  នឹងត្រូវ​ចោទប្រកាន់​ផ្លូវការ​ពីបទ​ពុករលួយ​សម្រាប់​ការចោទប្រកាន់ថា​បាន​ការពារ​មន្ត្រី​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​។ ក្រសួងយុត្តិធម៌​ហ្វីលីពីន បញ្ជាក់​បែបនេះ នៅ​ថ្ងៃ ១៦ មករា ។ បើ​រកឃើញ​មានទោស លោក ប្រឈម​ការជាប់​ពន្ធនាគា​រ​ដល់​១០​ឆ្នាំ​។

 
​លោក Oscar Albayalde បាន​លាលែង​ពី​តំណែង​ក្នុង​ខែ តុលា ឆ្នាំ​២០១៩ ក្រោយ​កាន់តំណែង​ជា​អគ្គស្នងការ​ប៉ូលិស​ជាតិ​ហ្វីលីពីន​រយៈពេលៈ​ជាង​១​ឆ្នាំ ។ លោក​ក៏​ជា​អ្នកគ្រប់គ្រង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​បានសម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​រាប់ពាន់នាក់​។ 
 
​ក្រសួងយុត្តិធម៌​ហ្វីលីពីន បញ្ជាក់ថា រដ្ឋអាជ្ញា បាន​រកឃើញ​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​លោក Albayalde សម្រាប់​ការមិន​ដាក់ទោស​ទណ្ឌ​លើ​មន្ត្រីប៉ូលិស ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​ទាំងនោះ​រង​ការចោទប្រកាន់ថា មិន​រាប់បញ្ចូល​គ្រឿងញៀន ១៦៣ គីឡូ​ក្រាម និង​លុយ ១៩១ ០០០ ដុល្លារ ដែល​បាន​រឹបអូស​ពី​ប្រតិបត្តិការ​ឆ្មក់​ចូល​ឃ្លាំង​គ្រឿងញៀន​មួយ​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ ក្រសួងយុត្តិធម៌ ឲ្យ​ដឹង​ទៀតថា មន្ត្រី​ប៉ូលីស ១៣ នាក់​ផ្សេងទៀត​នឹងត្រូវ​ចោទប្រកាន់​ពីបទ​ល្មើស​គ្រឿងញៀន​, អំពើពុករលួយ និង​ទទួល​សំណូក​ខណៈ​ពួកគេ​អនុវត្ត​តួនាទី​ក្នុង​ប្រតិបត្តិការ​នៅក្នុង​ខេត្ត Pampanga  ភាគ​ខាងជើង​នៃ​ទីក្រុង​ម៉ានីល ។​
 
​យ៉ាងណាមិញ លោក​អតីត​ស្នងការ​ប៉ូលិស​ជាតិ Albayalde បាន​បដិសេធ​ការចោទប្រកាន់​នេះ ដោយ​អះអាងថា លោក​ពុំបាន​ចេញមុខ​ការពារ​មន្ត្រីប៉ូលិស ឬ​ទទួល​ប្រយោជន៍​ពី​ការ​រឹបអូស​គ្រឿងញៀន​នេះឡើយ​។ តាមច្បាប់​ហ្វីលីពីន ប្រសិនបើ​លោក​ត្រូវបាន​រកឃើញថា​មានទោស​កំហុស​មែន​នោះ លោក​អាច​ប្រឈម​ជាប់គុក​ដល់ ១០ ឆ្នាំ ។ 
 
​ការចូល​ឆ្មក់​ចូល​ឃ្លាំង​គ្រឿងញៀន ដែលជា​ដើមចម​នៃ​ការចោទប្រកាន់​លើ​លោក Albayalde នេះ បាន​កើតឡើង​តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយ​កាលនោះ លោក Alabayalde គឺជា​ស្នងការ​ប៉ូលិស​ខេត្ត Pampanga ។​
 
​តាមពិតទៅ ការចោទប្រកាន់​អំពើពុករលួយ​និង​បំពាន​អំណាច​លើ​ប៉ូលីស មិនមែនជា​រឿង​កម្រ​ទេ​ក្នុងប្រទេស​ហ្វីលីពីន​។ ទោះជា​បែបនេះ​ក្តី សំណុំរឿង​នៅ​ខេត្ត Pampanga នេះ បាន​តម្រង់​ចំ​បុគ្គល​កំពូល​នៃ​កម្លាំង​ប៉ូលិស​ហ្វីលីពីន​ជាតិ​តែម្តង​។ 
 
​ចាប់តាំងពី​លោក ឌូ​ទើ​តេ បាន​ចូលកាន់​តំណែង ក្នុង​ខែមិថុនា ឆ្នាំ​២០១៦​មក ប៉ូលិស បានប្រកាស​កាលពី​ខែ​មុន​ថា ពួកគេ បានសម្លាប់​ជនសង្ស័យ ៥៥៥២ នាក់​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន​។ ក៏ប៉ុន្តែ​ក្រុម​សិទ្ធិមនុស្ស បាន​អះអាងថា តួលេខ​ពិត គឺ​ច្រើនជាង​នេះ ៤ ដង ហើយ​ចាត់ទុកថា ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​នេះ ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​៕

Tag:
 ហ្វីលីពីន​
  ពុករលួយ​
  មេ​ប៉ូលិស​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com