អន្តរជាតិ
អភិបាលបាងកក ព្រមានពលរដ្ឋពីខ្យល់កខ្វក់ ខណៈព្យាយាមដោះស្រាយ ស្ថានភាពខ្យល់នៅទីក្រុង បាងកក នៅថ្ងៃ ១៧ មករា ២០២០ (ប្រភពរូប៖ កាសែតថៃ បាងកកប៉ុស្តិ៍)
× អភិបាលទីក្រុង បាងកក លោក Aswin Kwanmuang បានព្រមានថា ខ្យល់កខ្វក់ក្នុងទីក្រុងដែលមានប្រជាជនរស់នៅជិត១០លាននាក់នេះ នឹងកាន់តែអាក្រក់ នៅថ្ងៃសុក្រ ១៧ មករា នេះ ។ លោកអភិបាលរូបនេះ ក៏បានប្រាប់ពលរដ្ឋឲ្យពាក់ម៉ាស់ការពារ ពេលពួកគេចេញដើរហើរនៅក្រៅផ្ទះ។ ម្យ៉ាងវិញទៀត ចំណាត់ការចាំបាច់ត្រូវបានអាជ្ញាធរថៃដាក់ចេញដើម្បីដោះស្រាយបញ្ហាខ្យល់កខ្វក់នេះ។
ដោយផ្អែកលើទិន្នន័យពីនាយកដ្ឋានគ្រប់គ្រងការបំពុលថៃ លោកអភិបាល Aswin បានព្រមានពលរដ្ឋបាងកកពីការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់ ដោយសារខ្យល់នៅទ្រឹងនិងខ្យល់ស្ងប់ ជាពិសេស អំឡុងពេលម៉ោងចរាចរណ៍កកស្ទះខ្លាំង។
បើតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ័ ខ្យល់ពុលបន្តគ្របដណ្ដប់ទីក្រុង បាងកក ដោយកំហាប់និចល PM 2.5 កើនឡើងលើសកម្រិតគ្រោះថ្នាក់ ។ ដោយត្រួតពិនិត្យនៅស្ថានីយ៍ទាំង១០ក្នុងទីក្រុងនេះ នាយកដ្ឋានគ្រប់គ្រងការបំពុលថៃ បានបញ្ជាក់ថា កំហាប់និចល PM2.5 ក្នុងខ្យល់ ត្រូវបានវាស់ស្ទង់នៅចន្លោះ ២៨-៥៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ តួលេខនេះ គឺលើសពីបទដ្ឋានស្ដង់ដារសុវត្ថិភាពរបស់រដ្ឋាភិបាលកំណត់ នៅត្រឹមតែ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប។
ដោយមើលឃើញពីផលវិបាកដែលអាចកើតឡើងចំពោះសុខភាពពលរដ្ឋ លោកអភិបាល Aswin បានបញ្ជាក់ថា សាលាក្រុងបាងកក បានចាត់វិធានាការចាំបាច់ទាំងអស់ដើម្បីបន្ធូរបន្ថយបញ្ហាខ្យល់ពុល។ ទន្ទឹមនេះ អាជ្ញាធរថៃ ក៏ប្រាប់ពលរដ្ឋឲ្យពាក់ម៉ាស់ការពារ នៅពេលពួកគេចេញដើរហើរនៅខាងក្រៅ។ បុគ្គលិកសុខាភិបាលថៃ ត្រូវបានដាក់បញ្ជាឲ្យផ្តល់យោបល់ដល់ប្រជាពលរដ្ឋពីរបៀបការពារសុខភាពពួកគេពីខ្យល់ពុលនេះ។ ចំណែកសាលារៀន ក៏បានដាក់ចេញព្រមានដល់សិស្សនិងអាណាព្យាបាលឲ្យពាក់ម៉ាស់ការពារផងដែរ។
បន្ថែមពីចំណាត់ការរបស់សាលាក្រុង អគ្គស្នងការរងនៃប៉ូលិសជាតិថៃ លោកឧត្តមសេនីយ៍ Suwat Chaengyodsuk ក៏បានចេញបញ្ជាឲ្យគ្រប់វិស័យទាំងអស់ជួយដោះស្រាយបញ្ហាកខ្វក់ខ្យល់នេះជាបន្ទាន់ ដោយការអនុវត្តច្បាប់លើការដឹកជញ្ជូនផ្លូវគោក ចរាចរណ៍ និងការពារបរិស្ថាន។ ប៉ូលិស បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនទីតាំងដើម្បីតាមដានរថយន្តដែលបញ្ចេញផ្សែងពុលខ្លាំងលើសពីកម្រិតកំណត់ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ២ រសៀល ក្នុងគោលដៅបញ្ចៀសការកកស្ទះចរាចរណ៍អំឡុងពេលបន្ទាន់។ ម្យ៉ាងទៀត អ្នកបើកបរម៉ូតូ ក៏ត្រូវបានទទូចឲ្យពន្លត់ម៉ាស៊ីន ខណៈពួកគេកំពុងចត៕
Tag:
ថៃ
បាងកក
ខ្យល់កខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com