ONE Championship
កីឡាជាតិ
ជាតិ
Petchdam ត្រឡប់​ចូល​សង្វៀន ONE ជាថ្មី ក្នុង​កម្មវិធី ONE: FIRE & FURY
18, Jan 2020 , 11:59 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​បន្ទាប់ពី​បាត់បង់​ខ្សែក្រវាត់ ONE Flyweight Kickboxing World Title កាល​ឆ្នាំមុន Petchdam Petchyindee Academy រហស្សនាម “The Baby Shark” បាន​ត្រឡប់​ទៅកាន់​សង្វៀន​អន្តរជាតិ ONE Championship ជាថ្មី​ដោយ​ប្រកួត​ក្នុង​ក្បាច់គុន​មួយ​ថៃ​ទម្ងន់ Flyweight​។ Petchdam នឹង​ជួប​កីឡាករ​ជប៉ុន Kohei “Momotaro” Kodera ក្នុង​កម្មវិធី ONE:FIRE&FURY នៅ​ថ្ងៃទី​៣១ ខែមករា ដែល​រៀបចំ​នៅ​សង្វៀន Mall Of Asia Arena ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។



 
 
​នេះ​ជា​ឱកាស​របស់ “The Baby Shark” ដើម្បី​ស្តារ​កិត្តិយស​ឡើងវិញ​ក្នុង​ក្បាច់គុន​មួយ​ថៃ​បន្ទាប់ពី​រង​បរាជ័យ​ក្នុងការ​ប្រកួត Kickboxing​។ មួយវិញទៀត​វា​ជា​ជំនាញ​របស់ “The Baby Shark” ក្នុង​ការប្រើ​ជង្គង់ កណ្ដាប់ដៃ កែង និង ក្បាច់​ទាត់​ជាដើម​។ 
 
“The Baby Shark” បាន​ថ្លែងថា​៖«​ខ្ញុំ​ពិតជា​ខកចិត្ត​ណាស់​ដែល​របូត​ខ្សែក្រវាត់​។  Kickboxing វា​ខុសពី​ក្បាច់​មួយ​ថៃ ព្រោះ​មាន​ក្បាច់​ប្រដាល់សកល​លាយឡំ​ច្រើន ការប្រើ​ជើង​ទាត់ និង ប្រើ​ចលនា​ច្រើន​ជាដើម​។ យើង​មិនអាច​ប្រើ​កែង ដូច្នេះ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ជាច្រើន​។ ហើយ​រឿង​មួយទៀត ខ្ញុំ​បារម្ភ​អំពី​ការបង្កើត​កំហុស​ឡើង​ដោយ​ខុសច្បាប់​ការប្រកួត និង ខុស​លក្ខខណ្ឌ​»​។​

 
 
​បែបណា​ក្ដី ម្ចាស់​ខ្សែក្រវាត់ WBC Muaythai World Featherweight (126lbs) Champion គូសបញ្ជាក់ ៖«​ខ្ញុំ​មាន​ភាពងាយស្រួល​ក្នុង​ការប្រកួត​ក្បាច់គុន​មួយ​ថៃ ដែល​ខ្ញុំ​ថ្នឹក​នឹង​វា​កន្លងមក ព្រោះ​ខ្ញុំ​បាន​ប្រកួត​វា​តាំងពី​ខ្ញុំ​នៅ​ក្មេង​។ ពេល​គេ​ជួប​ខ្ញុំ​ក្នុងការ​ប្រកួត​ក្បាច់​មួយ​ថៃ គឺ ច្បាស់​ជា​គ្រោះថ្នាក់​ជាង​ការប្រកួត Kickboxing​។  ម្ចាស់​ខ្សែក្រវាត់ ទម្ងន់ Flyweight នាពេល​បច្ចុប្បន្ន គឺ Rodtang Jitmuangnon​។ ខ្ញុំ​គិតថា​ខ្ញុំ​អាចធ្វើ​បាន ព្រោះ​ខ្ញុំ​ធ្លាប់​ជួប Rodtang ២​ដង​រួចមកហើយ​។ ខ្ញុំ​ចាញ់​គេ​ម្ដង និង ឈ្នះ ម្ដង​។ ខ្ញុំ​គិតថា​ខ្ញុំ​អាច​ឈ្នះ Rodtang»​។​
 
​ចំណែក កីឡាករ​ជប៉ុន Momotaro ក៏​មិនធម្មតា​ដែរ​ព្រោះ​រូបគេ​ជា​ម្ចាស់​ខ្សែក្រវាត់ WBC Muay Thai International Champion​។ កីឡាករ​ជប៉ុន​ដែល​បានរស់នៅ​ជាយក្រុង​តូ​ក្យូ​កាល​នៅ​ក្មេង​រូបនេះ​មាន​ក្បាច់គុន​ល្អ​មិន​ចាញ់​កីឡាករ​ថៃ​នោះឡើយ​។ ក្រៅពីនោះ​រូបគេ​មាន​ជំនាញ​ក្បាច់​កា​រ៉ា​តេ​ទៀតផង ព្រោះ​ហាត់​កាល​នៅ​រៀន​សា​លាម​ត្តេ​យ្យ ប៉ុន្តែ​រូបគេ​បោះបង់​ការហាត់​ក្បាច់គុន​ពេល​នៅ​វិទ្យាល័យ​។ បន្ទាប់មកទៀត​កីឡាករ​ជប៉ុន​រូបនេះ បាន​បន្ត​អាជីព​ឡើងវិញ​ដោយ​ក្ដី​ស្រលាញ់​ក្បាច់គុន ពេល​ចប់​ការសិក្សា និង បន្ត​ដល់​បច្ចុប្បន្ន​។ 


 
​ត្រឹម​អាយុ ២០​ឆ្នាំ Kodera បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ជាច្រើន​ដោយ​ឈ្នះ​ខ្សែក្រវាត់ WBC Japan Muay Thai និង NJKF Kickboxing Featherweight Championships មុនពេល​ចូលប្រឡូក​នៅ​សង្វៀន ONE Championship ជាច្រើន​ឆ្នាំ​មកនេះ​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: FIRE & FURY ពី​ក្រុម​ម៉ានីល នៅ​ថ្ងៃទី ៣១  ខែមករា​ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 



© រក្សាសិទ្ធិដោយ thmeythmey.com