ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់ មានការធ្លាក់ចុះគួរឲ្យបារម្ភ
17, Jan 2020 , 8:25 pm        
រូបភាព
ភ្នំពេញ៖ ស្ថាន​ភាព​គុណ​ភាព​ខ្យល់​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​បារម្ភ ជា​ពិសេស​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគ​ល្អិត​និចល PM10 និង PM2.5 មាន​ការ​កើន​ឡើង​លើស​កំណត់​ស្ដង់ដារ ដែល​ជា​ហានិភ័យ​បង្ក​ការ​ប៉ះ​ពាល់​ ចំពោះ​សុខ​ភាព​ប្រជាពលរដ្ឋ​។ នេះបើយោង​តាម​លទ្ធផល​នៃ​ការ​អង្កេត​តាម​ដាន​គុណ​ភាព​ខ្យល់​ពី​ស្ថានីយ​ត្រួត​ពិនិត្យ​គុណ​ភាព​ ដែល​ក្រសួង​បរិស្ថាន​បាន​ដំឡើង​នៅ​តាម​បណ្ដា​រាជ​ធានី​ ខេត្ត ​ទូទាំង​ប្រទេស។ ដើម្បី​កែលម្អ​គុណ​ភាព​ខ្យល់ ក្រសួង​បរិស្ថាន ​នៅថ្ងៃទី១៧ខែមករានេះ បាន​ជូន​ដំណឹង​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​មន្ទីរ​បរិស្ថាន​រាជ​ធានី ខេត្ត ​ឱ្យ​ចាត់​វិធាន​ការមួយ​ចំនួន។



​ ​បើតាមសេច​ក្ដី​ប្រកាសព័ត៌​មានក្រសួងបរិស្ថាន ​ ​ ប្រភព​និង​សកម្ម​ភាព​សំខាន់​ៗ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​កំហាប់​ភាគ​ល្អិត​និចល​ PM10 និង​ PM2.5 ​កើន​ឡើង​នេះ​ មាន​ដូច​ជា​ ការ​បញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម​ ពី​យាន​យន្ត​ប្រើ​ប្រាស់​ប្រេង​ម៉ាស៊ូត​ និង​ពី​ចំហេះ​ឥន្ទនៈផ្សេង​ទៀត, ពី​ភ្លើង​ឆេះ​ព្រៃ​ ការ​ដុត​រាន​ព្រៃ ការ​ដុត​វាល​ស្មៅ ការ​ដុត​គល់​ជញ្ជ្រាំង ការ​ដុត​សំរាម​ ការ​ដុត​សំណល់​រឹង​​​នៅ​តាម​ទី​ចំហ និង​ទីលាន​ចាក់​សំណល់​ ការដ្ឋាន​សំណង់​ជា​ដើម​។

​ក្រសួងបរិស្ថាន ណែនាំឲ្យរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​មន្ទីរ​បរិស្ថាន​រាជ​ធានី ខេត្ត មាន​តួនាទី​​​​ចាត់​វិធាន​ការ​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ និង​ការ​ដុត​សំរាម​ សំណល់​រឹង​នៅ​តាម​ទីចំហ ការ​ឆេះនៅ​តាម​ទីលានចាក់​សំរាម​។ ក្រសួងណែនាំឲ្យ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​ហុយ​ធូលី​ពី​ការ​ដ្ឋាន​​សំណង់​ និង​ការ​ដ្ឋាន​កែលម្អហេដ្ឋារចនាសម្ព័ន្ធ និង​ធូលី​ហុយ​នៅ​តាម​ដង​ផ្លូវ​។ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ត្រូវ​សម្អាត​អនាម័យ​នៅ​តាម​ដង​ផ្លូវ​ និង​ទីសាធារណៈ និង​ត្រូវ​អប់​រំ​ប្រជា​ពលរដ្ឋ​កុំ​ឱ្យ​ដុត​សំរាម​ សំណល់រឹង​ ដុត​ស្មៅ គល់​ជញ្ជ្រាំង និង​សំណល់​កសិកម្ម​ផ្សេង​ៗ​ទៀត​៕

Tag:
 ក្រសួង​បរិស្ថាន​
  ខ្យល់​
  ការ​បំពុល
© រក្សាសិទ្ធិដោយ thmeythmey.com