ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុមសិទ្ធិមនុស្ស UN ហៅការកាត់ក្តីលោក កឹម សុខា ថា «គ្មានគុណភាពដែលអាចទទួលយកបាន»
18, Jan 2020 , 10:27 am        
រូបភាព
លោក កឹម សុខា (ពាក់ក្រវាត់កពណ៌ក្រហម) ស្ថិតក្នុងរថយន្ត ពេលចាកចេញពីសវនាការនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ (រូបពី AFP)
លោក កឹម សុខា (ពាក់ក្រវាត់កពណ៌ក្រហម) ស្ថិតក្នុងរថយន្ត ពេលចាកចេញពីសវនាការនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ (រូបពី AFP)
ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ឬហៅថាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពីទីក្រុងហ្ស៉ឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដើម្បីបញ្ចេញមតិ ពីការបើកសវនាការជំនុំជម្រះក្តីលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ក្រុមអ្នកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដាក់ចំណងជើងក្នុងសេចក្តីប្រកាសព័ត៌មានថា «ការជំនុំជម្រះក្តីលើលោក កឹម សុខា មិនមានគុណភាពអាចទទួលយកបានឡើយ»។



តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រុមអ្នកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបង្ហាញក្តីកង្វល់ចំពោះការជំនុំជម្រះក្តីលើលោក កឹម សុខា។ ពួកគេ សង្កត់ធ្ងន់ដូច្នេះថា៖«ដំណើរការទាំងមូល ចាប់ពីការចោទប្រកាន់ រហូតដល់ការជំនុំជម្រះក្តី គ្របដណ្តប់ដោយភាពមិនប្រក្រតី»។

សេចក្តីប្រកាសព័ត៌មាន ដែលបង្ហោះលើគេហទំព័រនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសរសេរពីសម្តីរបស់ក្រុមអ្នកសិទ្ធិមនុស្សយ៉ាងដូច្នេះថា៖«យើង មានហេតុផលរឹងមាំ អាចជឿថា ការចោទប្រកាន់ពីបទក្បត់ជាតិប្រឆាំងនឹងលោក កឹម សុខា គឺជាហេតុផលនយោបាយ ហើយការចោទប្រកាន់នេះ ក៏ជាលំនាំដ៏ធំមួយ នៃការប្រើប្រាស់ច្បាប់មិនត្រឹមត្រូវ ដើម្បីដាក់គោលដៅទៅលើគូប្រកួតនយោបាយ និងអ្នករិះគន់រដ្ឋាភិបាល»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បកស្រាយថា ការវិនិច្ឆ័យឬការវាយតម្លៃពីភាគីខាងក្រៅណាមួយ មកលើសវនាការរបស់លោក កឹម សុខា គឺមិនអាចគ្រប់ជ្រុងជ្រោយឡើយ។ លោក តបនឹងក្រុមអ្នកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា តុលាការកម្ពុជា គឺឯករាជ្យ ហើយសវនាការរបស់លោក កឹម សុខា គឺរៀបចំទៅតាមនីតិវិធីនិងបែបបទ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៧ ខែមករា អ្នកនាំពាក្យរូបនេះ ថ្លែងដូច្នេះថា៖«ខ្ញុំ មិនដឹងថា គាត់ ផ្អែកលើអ្វីទេ តែ ការរិះគន់របស់គាត់ គ្មានឥទ្ធិពលមកលើតុលាការទេ»។

ពេញមួយថ្ងៃនៃថ្ងៃទី១៥ ខែមករា តុលាការរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្តីលើសំណុំរឿងរបស់លោក កឹម សុខា ហើយបន្តបើកសវនាការពេញមួយព្រឹកទៀត នៅថ្ងៃទី១៦ (ពេលថ្ងៃមិនបើកសវនាការឡើយ)។ តុលាការ គ្រោងប្រើពេល៣ខែ ក្នុងការបើកសវនាការនេះ ដោយយល់ថា វា ជាសំណុំរឿងធំ។ ក្នុង១សប្តាហ៍ តុលាការ បើកសវនាការ២ថ្ងៃ គឺថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

សវនាការនេះ ហៅថាសវនាការអង្គសេចក្តី គឺដើម្បីសម្រេចថា លោក កឹម សុខា ពិតជាមានទោសដូចការចោទប្រកាន់មែនឬក៏គ្មាន។ លោក កឹម សុខា រងពីបទចោទសន្ទិដ្ឋិភាពជាមួយបរទេស ដែលសំដៅថា លោក ពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕

Tag:
 កឹម សុខា
  សវនាការ
  UN
  អ្នករាយការពិសេស
© រក្សាសិទ្ធិដោយ thmeythmey.com