ជាតិ
សង្គមជាតិ
សិស្ស ៣៨​នាក់ ដួលសន្លប់​ជា​បន្តបន្ទាប់​នៅ​វិទ្យាល័យ​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​
18, Jan 2020 , 12:05 pm        
រូបភាព
សិស្សសាលាសន្លប់ (រូបពីលោកហ៊ឹម គង់)
សិស្សសាលាសន្លប់ (រូបពីលោកហ៊ឹម គង់)
​ភ្នំពេញ​៖ សិស្ស​វិទ្យាល័យ​ក្រូចឆ្មារ ៣៨​នាក់ ស្ថិតនៅ​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​សន្លប់​ជា​បន្តបន្ទាប់​កាលពី​ល្ងាច​ថ្ងៃទី​១៧ ដល់​ថ្ងៃ​១៨ មករា ឆ្នាំ​២០២០​នេះ​។  មូលហេតុ​នៃ​ការ​សន្លប់​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។

 

 
​នាយិកា​ររង​នៃ​វិទ្យាល័យ​ក្រូចឆ្មារ លោកស្រី ប្រាក់ សុភាព ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា សិស្សសាលា​១២ នាក់ បាន​សន្លប់​កាលពី​រសៀល​ថ្ងៃទី​១៧ មករា ឆ្នាំ​២០១៩ ដោយ​មិនដឹង​មូលហេតុ​។ 
 
​លុះដល់​ព្រឹក​ថ្ងៃទី​១៨ មករា​នេះ ខណៈពេល​គោរព​ទង់ជាតិ សិស្ស ១៤​នាក់​ទៀត​បាន​សន្លប់​ជា​បន្តបន្ទាប់​។ បន្ទាប់ពី​បញ្ជូន​សិស្ស​ដែល​សន្លប់​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត សិស្ស​១២​នាក់​ផ្សេងទៀត ដែល​អមដំណើរ​ដើម្បី​ជូន​សិស្ស​សន្លប់​ទៅ​ពេទ្យ​នោះ ក៏បាន​សន្លប់​បន្ត​គ្នា​ទៀត​។ 
 
​ក្នុងចំណោម​សិស្ស​ដែល​ដួលសន្លប់​ទាំង ៣៨​នាក់​នេះ មាន​សិស្ស​ប្រុស​ម្នាក់​ដែរ​។​
 
​ថ្វីបើ​មូលហេតុ​ជាក់លាក់​មិនទាន់​ត្រូវបាន​គេ​ដឹង​ក៏ដោយ បើតាម​លោកស្រី ប្រាក់ សុភាព កាលពី​ថ្ងៃទី​១៧ មករា នៅពេល​ព្រឹក​ធាតុអាកាស​ចុះ​ត្រជាក់ ហើយ​ពេល​ថ្ងៃ​ក៏​ក្ដៅ​ខ្លាំង​។ 
 
​លោកស្រី​បន្តថា​៖ «​គ្រូពេទ្យ​ប្រាប់ថា សិស្ស​ខ្លះ​ខ្វះ​ជាតិ​ស្ករ និង​មាន​សុខភាព​ខ្សោយ ទើប​ភិតភ័យ​សន្លប់​បន្ត​គ្នា​។ ប៉ុន្តែ​បើ​ស្ថានភាព​បរិយាកាស​នៅ​សាលា គឺ​ល្អ​ប្រក្រតី​ធម្មតា​ទេ​»​។ 

នៅត្រឹម​ម៉ោង​១១​នេះ សិស្ស​ដែល​សន្លប់​ទាំងអស់​ត្រូវបាន​ជួយសង្គ្រោះ និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារ​៕ 
សិស្សសាលាសន្លប់ (រូបពីលោកហ៊ឹម គង់)៖









Tag:
 សិស្ស​សន្លប់​
 
© រក្សាសិទ្ធិដោយ thmeythmey.com