អន្តរជាតិ
លោក ត្រាំ ប្រាប់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ឲ្យ​ប្រយ័ត្ន​សម្ដី
18, Jan 2020 , 1:29 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៧ ខែមករា បាន​ផ្ញើ​សារ​ព្រមាន​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ អា​យ៉ា​តូ​ឡា​ហ៍ អា​លី ខា​មេ​ណី ឲ្យ​ប្រយ័ត្នប្រយែង​សម្ដី​របស់ខ្លួន បន្ទាប់ពី​មេដឹកនាំ​អ៊ីរ៉ង់​រូប​ប្រើពាក្យ​មិនល្អ​ដាក់​អាមេរិក និង​អឺរ៉ុប​។ ក្នុង​កម្មវិធី​សូត្រធម៌​ប្រចាំ​សប្ដាហ៍​នៅ​ថ្ងៃ​សុក្រ លោក ខា​មេ​ណី បានប្រកាស​បន្ត​គាំទ្រ​កង​ឆ្មាំ​បដិវត្តន៍​ដែល​បាញ់​ទម្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន​ដោយ​អ​ចេតនា និង​ថែមទាំង​ហៅ​ថ្នាក់ដឹកនាំ​អាមេរិក​ជាម​នុស្ស​ត្លុក​ទៅទៀត​។​

 
​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ អា​យ៉ា​តូ​ឡា​ហ៍ អា​លី ខា​មេ​ណី និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្លោង​សម្ដី​ដាក់គ្នា​ទៅវិញទៅមក ខណៈដែល​ទំនាក់ទំនង​រវាង​គូសត្រូវ​ទាំងពីរ​ធ្លាក់ចុះ​កាន់តែខ្លាំង​ទៅៗ​ក្រោយ​ការសម្លាប់​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani នៅ​អ៊ីរ៉ង់ ការ​ផ្លោង​មី​ស៊ី​ល​ដាក់​បន្ទាយទ័ព​អ៊ីរ៉ាក់ និង​ការបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែ​ន​ដោយ​ភាន់ច្រឡំ​ពី​សំណាក់​អង្គភាព​ចំណុះ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នោះ​។ 
 
​អំឡុង​ពិធី​សូត្រធម៌​នៅ​ថ្ងៃទី​១៧ មេដឹកនាំ​សាសនា​របស់​អ៊ីរ៉ង់ លោក ខា​មេ​ណី បាន​និយាយ​វាយប្រហារ​អាមេរិក​ចំៗ​ជុំវិញ​ការសម្លាប់​លោក Soleimani កាលពីដើម​ខែមករា​នេះ​។ ដោយ​សំដៅ​ដល់​ការបាញ់​មី​ស៊ី​ល​ដាក់​បន្ទាយទ័ព​អ៊ីរ៉ាក់​ដែលមាន​ទ័ព​អាមេរិក​ឈរជើង​លោក​អះអាងថា អ៊ីរ៉ង់​មាន​កម្លាំង​ទះកំផ្លៀង​មហាអំណាច​អាមេរិក​ដើម្បី​សងសឹក​ឲ្យ​មេទ័ព​របស់ខ្លួន​។ លោក ខា​មេ​ណី ក៏​បន្ត​ប្រកាស​ការគាំទ្រ​កង​ឆ្មាំ​បដិវត្តន៍​ផងដែរ​។​
 
​ប្រមុខ​ដឹកនាំ​កំពូល​រូបនេះ ក៏​បន្ត​រិះគន់​អាមេរិក​ដែល​ប្រកាស​គាំទ្រ​បាតុករ​អ៊ីរ៉ង់​ដ ដោយ​ហៅ​រដ្ឋមន្ត្រី​ការ​បរ​ទេ​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ជា​មនុស្ស​ត្លុក​ទៅទៀត និង​ថា ការប្រកាស​គាំទ្រ​របស់​អាមេរិក ជា​រឿង​ពិសពុល​។ លោក ខា​មេ​ណី ក៏​និយាយ​រឿង​យន្តហោះ​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​ឆ្មាំ​បដិវត្តន៍​បាញ់​ទម្លាក់​។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ខា​មេ​ណី លើកឡើងថា ពួកគេ​សប្បាយចិត្ត ពេល​អ៊ីរ៉ង់​សោកសៅ ហើយ​យក​រឿងនេះ ដើម្បី​វាយប្រហារ​អ៊ីរ៉ង់​ទៅទៀត​។​
 
​មិន​ទុក​យូរ​ឡើយ លោក ត្រាំ ក៏​ចេញមុខ​ប្រតិកម្ម​តបសម្ដី​លោក ខា​មេ​ណី ។ នៅ​បណ្ដាញ​សង្គម Twitter របស់ខ្លួន លោក ត្រាំ បាន​ព្រមាន​មេដឹកនាំ​អ៊ីរ៉ង់​ឲ្យ​ប្រយ័ត្នប្រយែង​ការប្រើប្រាស់​សម្ដី​របស់ខ្លួន​។ លោក​សរសេរថា​៖ «​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ណាមួយ​នោះ ដែល​ចុង​ក្រោយនេះ​មិនមែន​កំពូល​អី​ទៀត​ទេ បាន​ប្រើ​សម្ដី​មិនល្អ​ដាក់​អាមេរិក និង​អឺរ៉ុប​។ សេដ្ឋកិច្ច​អ៊ីរ៉ង់​កំពុង​វឹកវរ ហើយ​ប្រជាជន​កំពុង​រងគ្រោះ​។ គាត់​គួរតែ​ប្រយ័ត្ន​ឲ្យ​ច្រើន​នឹង​សម្ដី​របស់ខ្លួន​។​»
 
​មិន​ចប់​ត្រឹម​នេះឡើយ លោក ត្រាំ ក៏​បន្ត​ចែករំលែក​លើ Twitter បង្ហាញ​ការគាំទ្រ​ដល់​បាតុករ​អ៊ីរ៉ង់ ដែល​លោក​អះអាងថា សក្តិសម​ទទួលបានរ​ដ្ឋា​ភិ​បាល​មួយ​ដែល​ល្អ និង​ជួយ​សម្រេច​ក្ដី​សុបិន​ជាជាង​សម្លាប់​មនុស្ស​។ «​ជំនួស​ឲ្យ​ការដឹកនាំ​អ៊ីរ៉ង់​ទៅរក​ភាព​ខ្ទេចខ្ទី មេដឹកនាំ​អ៊ីរ៉ង់​គួរតែ​បោះបង់​គំនិត​ភេរវកម្ម និង​ធ្វើ​ឲ្យ​អ៊ីរ៉ង់​អស្ចារ្យ​ឡើងវិញ​ម្ដងទៀត​ប្រសើរ​ជាង​។​» នេះ​ជាការ​ផ្ដល់យោបល់​របស់​លោក ត្រាំ ឲ្យ​លោក ខា​មេ​ណី ៕

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ​
  ខា​មេ​ណី​
© រក្សាសិទ្ធិដោយ thmeythmey.com