អត្ថបទពាណិជ្ជកម្ម
កម្ពុជា ដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាពឧបករណ៍ និងបរិក្ខារបង្ការ និងពន្លត់អគ្គិភ័យ និងវិទ្យាស្ថានជាតិ សុវត្ថិភាព និងពន្លត់អគ្គិភ័យ
× ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិត្រួតពិនិត្យ គុណភាពឧបករណ៍ សម្ភារៈបរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ និងវិទ្យាស្ថានជាតិ សុវត្តិភាព និងពន្លត់អគ្គិភ័យ បានសម្ពោធជាផ្លូវការនៅថ្ងៃទី ១៧ មករានេះ។ មជ្ឈមណ្ឌល និងវិទ្យាស្ថាននេះ នឹងផ្ដល់ជូនការត្រួតពិនិត្យតាមស្ដង់ដា ដើម្បីធានាបាននៅសុវត្ថិភាព និងចែករំលែកចំណេះដឹងជូនដល់ប្រជាជនកម្ពុជាឲ្យមានការយល់ដឹងបន្ថែមពីវិធីប្រើប្រាស់ សម្ភារ បរិក្ខារ ពន្លត់អគ្គិភ័យ។
ក្នុងពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីលោក នាយឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមន្ត្រីជាច្រើនរូបរបស់នគរបាលជាតិ។
ក្នុងឱកាសនេះ លោក នាយឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន បានមានប្រសាសន៍ថា៖ «ខ្ញុំសូម ជម្រាបជូនថា មជ្ឈមណ្ឌលជាតិត្រួតពិនិត្យ គុណភាពឧបករណ៍ សម្ភារ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ ដែលមានប្រកាសទទួលស្គាល់ពីក្រសួងមហាផ្ទៃ បានដំឡើងមន្ទីរពិសោធន៍ជាលើកដំបូង មានសមត្ថភាពធ្វើការពិសោធន៍រាល់ផលិតផលបង្ការ និងពន្លត់អគ្គិភ័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំជឿជាក់ថា មជ្ឈមណ្ឌលនេះ នឹងសហការផ្ទាល់ជាមួយអង្គភាពនគរបាលជាតិបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងការត្រួតពិនិត្យការនាំចូលផលិតផល និងការចែកចាយផលិតផលបង្ការ និងពន្លត់អគ្គិភ័យ ឱ្យបានហ្មត់ចត់។ ហើយបច្ចុប្បន្ននេះ មជ្ឈមណ្ឌលនេះ មានលទ្ធភាពពិសោធន៍រាល់ផលិតផលបង្ការ និងពន្លត់អគ្គិភ័យបានចំនួន១១ប្រភេទ។
លោក នាយឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន បានបន្តថា៖ «វិទ្យាស្ថានជាតិ សុវត្តិភាព និងពន្លត់អគ្គិភ័យ ដែលមានប្រកាសទទួលស្គាល់ពីក្រសួងមហាផ្ទៃ បានដំឡើងសាលសិក្សាបណ្ដុះបណ្ដាលមុខជំនាញបង្ការ និងអគ្គិភ័យជាលើកដំបូង ដែលមានសមត្ថភាពទទួលសិក្ខាកាមចំនួន ១០០នាក់ក្នុង១វគ្គៗ។ តាមទស្សនវិស័យនាពេលខាងមុខ គឺផែនការអភិវឌ្ឍន៍ នឹងកសាងសាកលវិទ្យាល័យសុវត្ថិភាពអគ្គិភ័យ ដែលរួមមាន៖ កម្រិតវិស្វករអគ្គិភ័យ ស្ថាបត្យករអគ្គិភ័យ វិស្វករសំណង់ស៊ីវិលអគ្គិភ័យ វិស្វករមេកានិច វិស្វករអគ្គិសនី វិទ្យាសាស្ត្រអគ្គិភ័យ វិស្វករសុវត្ថិភាពអគ្គិភ័យ»។
ការសម្រេចបង្កើតឡើងនូវមជ្ឈមណ្ឌល និងវិទ្យាស្ថានខាងលើរបស់ក្រុមហ៊ុន CFE ដែលកិច្ចខិតខំប្រឹងប្រែងនេះ ពិតជាបានរួមចំណែកជួយពង្រឹកការងារបង្ការ និងពន្លត់អគ្គិភ័យ ស្របពេលដែលយើងកំពុងតែប្រឈមជាមួយកង្វះខាតបច្ចេកទេស ក្នុងការត្រួតពិនិត្យលើឧករណ៍ បរិក្ខារដែលបាននាំចូលពីបរទេស ហើយកំពុងតែចរាចរណ៍ដាក់លក់ទូទាំងប្រទេស ក៏ដូចជាកង្វះខាតការយល់ដឹងអំពីលក្ខខណ្ឌ វិធានការ បង្ការ និងពន្លត់អគ្គិភ័យ កង្វះអ្នកបច្ចេកទេសជំនាញ និងវិទ្យាស្ថានបណ្ដុះបណ្ដាល ដើម្បីធ្វើជាថ្នាលសាបព្រួស បណ្ដុះនូវចំណេះដឹងទាំងនេះឲ្យបានទូលំទូលាយ សម្ដៅសម្រេចឲ្យបានតាមគោលដៅចុងក្រោយគឺ «យើងរួមគ្នាបង្ការ និងពន្លត់អគ្គិភ័យ»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com