កីឡាជាតិ
ជាតិ
ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា​៖ បុរសៗ ត្រូវ​លើកទឹកចិត្ត​ស្ត្រី​ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា​
18, Jan 2020 , 4:16 pm        
រូបភាព
លោកស្រី កុយ ពិសី ប្រធានគណៈកម្មការស្ត្រីនិងកីឡានៃ NOCC, រូបភាពពី Cambodian SEA Games 2023
លោកស្រី កុយ ពិសី ប្រធានគណៈកម្មការស្ត្រីនិងកីឡានៃ NOCC, រូបភាពពី Cambodian SEA Games 2023
ដោយ:
​អ្នកស្រី កុយ ពិសី ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​លើកទឹកចិត្ត​ស្ត្រី​ឲ្យ​ចូលរួម​លេង​កីឡា និង​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ដើម្បី​ពង្រឹង​សុខភាព និង​កាត់បន្ថយ​ការចំណាយ​។ អ្នកស្រី ក៏​ស្នើ​ឲ្យ​បុរសៗ​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ស្ត្រី ឲ្យ​ប្រឡូក​ក្នុង​វិស័យ​កីឡា​ផងដែរ​។​

 
​នា​សន្និសីទ​សារព័ត៌មាន ស្តីពី​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ កាលពី​ថ្ងៃទី​១២ ខែមករា អ្នកស្រី កុយ ពិសី ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុ​ជា បាន​ជំរុញ និង​លើកទឹកចិត្ត​ស្ត្រី ឲ្យ​ចូលរួម​លេង​កីឡា និង​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ជាពិសេស​ចូលរួម​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង ដើម្បី​អបអរ​ទិវា​បុណ្យ​សិទ្ធិនារី ៨​មីនា និង​ចូលរួម​បំផុស​ចលនា​ឲ្យ​ប្រជាពលរដ្ឋ ចេះ​ថែរក្សា​បរិស្ថាន និង​លើកកម្ពស់​យេនឌ័រ​។ វា​ក៏​ជា​ផ្នែក​មួយ នៃ​ការពង្រឹង និង​អភិវឌ្ឍ​វិស័យ​កីឡា​រត់ប្រណាំង ដើម្បី​ឈាន​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ផងដែរ​។​
 
​ទន្ទឹមនឹង​ជំរុញ​ឲ្យ​ស្ត្រីៗ​ចូលរួម​ក្នុង​វិស័យ ឬ​សកម្មភាព​កីឡា​ឲ្យ​បាន​ច្រើន អ្នកស្រី ពិសី ក៏​ស្នើ​ទៅ​បុរសៗ ជួយ​ជំរុញ និង​លើកទឹកចិត្ត​ស្ត្រី ឲ្យ​ប្រឡូក​ក្នុង​វិស័យ​កីឡា​ដែរ ព្រោះ​ប្រសិនបើ​ស្ត្រី​មាន​សុខភាព​មិនសូវ​ល្អ​វិញ​នោះ វា​ក៏​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​គ្រួសារ សង្គម និង​ប្រទេសជាតិ​វិញ​។ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ លើកឡើងថា​៖«​ស្ត្រី​មិនគួរ​ទទួលបាន​ការរារាំង ឬ​ហាមឃាត់​ពី​បុរស ក្នុងការ​ប្រឡូក​ក្នុង​វិស័យ​កីឡា​នោះឡើយ ផ្ទុយទៅវិញ​ពួកគេ​គួរ​ទទួលបាន​ការជំរុញ​និង​លើកទឹកចិត្ត​ពី​បុរស​។ សម្រាប់​ស្ត្រី​ខ្លួនឯង​ទៀតសោត​ត្រូវ​ហ៊ាន​ជម្នះ​ធ្វើ​នូវ​អ្វី ដែលជា​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​»​។ 


រូបភាពពី Cambodia SEA Games 2023 
 
​សូមជម្រាបថា ព្រឹត្តិការណ៍​រត់ប្រណាំង​ស្ត្រី​៨​មីនា មាន​ពីរ​វិញ្ញាសា គឺ​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ និង​៤​គីឡូម៉ែត្រ​។ សម្រាប់​តម្លៃ​ចុះឈ្មោះ​ជនបរទេស ត្រូវ​ចំណាយ​២០​ដុល្លារ និង​កម្ពុជា​១២​ដុល្លារ សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ និង​បរទេស​១៥​ដុល្លារ និង​កម្ពុជា​៧​ដុល្លារ សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​៤​គីឡូម៉ែត្រ​។ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា អះអាងថា ថវិកា​ដែល​ទទួលបាន​ពី​ចុះឈ្មោះ​ចូលរួម គឺ​ប្រើប្រាស់​លើ​ការរៀបចំ​កម្មវិធី និង​ទិញ​សម្ភារ​ផ្សេងៗ​ដែល​បម្រើ​ឲ្យ​ការរត់​របស់​កីឡាករ កីឡាការិនី និង​ការចំណាយ​ផ្សេងៗ​ទៀត​។ ថវិកា​ដែល​នៅ​សេសសល់ គណៈកម្មការ​រៀបចំ នឹង​យកទៅ​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌ និង​សង្គម​នានា​។   នេះ​បើតាម​លោក វ៉ា​ត់ ចំរើន ដែល​បន្ត​រំពឹងថា ព្រឹត្តិការណ៍​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ លើក​ទី​៣​ឆ្នាំនេះ នឹង​អាច​ទាក់ទាញ​អ្នកចូលរួម​ជាតិ និង​អន្តរជាតិ ប្រមាណ​៥​ពាន់​នាក់​៕ 


រូបភាពពី Cambodia SEA Games 2023 


Tag:
 រត់ប្រណាំង​
  កុយ ពិសី​
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com