ONE Championship
កីឡាជាតិ
ជាតិ
ខុន ស៊ី​ចាន់ ជា​កីឡាករ​កម្ពុជា​ដែល​ឡើង​សង្វៀន ONE មុនគេ​នៅ​ឆ្នាំ​២០២០
18, Jan 2020 , 7:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ខុន ស៊ី​ចាន់ ជា​កីឡាករ​គុន​ចម្រុះ​តែ​ម្នាក់​គត់ ដែល​នឹង​បង្ហាញ​ខ្លន​លើស​ង្វៀន​លំដាប់​ពិភពលោក ONE Championship នៅ​ឆ្នាំ​២០២០​នេះ​។ អ្នកលេង​គុន​ចម្រុះ​កម្ពុជា​ចាស់វស្សា​រូបនេះ ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី Eko Roni Saputra នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ក្នុង​កម្មវិធី ONE: WARRIOR’S CODE ដែល​ធ្វើឡើង​នៅ​ក្រុង​ហ្សា​ការ​តា​។

 
​ដើម្បី​ត្រៀមខ្លួន​បាន​កាន់តែ​ល្អ និង​ទទួលបាន​ជ័យជម្នះ​ត្រលប់​មកវិញ ក្រោយ​រង​បរាជ័យ​ពីរលើក​ជាប់​គ្នា​នៅ​ឆ្នាំ​២០១៩ កីឡាករ​មកពី​ឧ​ត្ត​រ​មានជ័យ​រូបនេះ បាន​ឡើងមក​ហាត់​ត្រៀម​នៅ​ភ្នំពេញ នា​ដើម​ខែម​ករានេះ​។ 
 
​លោក Fernando Salvador បាន​បង្ហើប​ថា​៖«​អ្វីដែល​យើង​ធ្វើ គឺ​ត្រៀមខ្លួន​ឲ្យ​ល្អ​ប្រសើរឡើង​។ យើង​បង្ហាត់​ការបង្កើន​កម្លាំង​, ភាព​អំណត់​, ភាពរហ័សរហួន និង​កម្លាំង​ស៊ុ​ហ្វ​ជាដើម មុនពេល​ជួប​កីឡាករ​ឥណ្ឌូណេស៊ី​។ យើង​មានការ​ហ្វឹកហាត់​ត្រឹមត្រូវ រួមទាំង​សម្ភារ​ទំនើប​ពី​សំណាក់​ដៃគូ​សហការ​រប​ស់​យើង​។ យើង​ហាត់​នៅ The Place Gym រៀងរាល់ថ្ងៃ ទៅតាម​កាលវិភាគ​ដែល​បានគ្រោង​ទុក​»​។​
 
​គ្រូបង្វឹក​សញ្ជាតិ​អាមេរិក​រូបនេះ គូសបញ្ជាក់​ទៀតថា​៖«​ក្រៅពី​យកចិត្តទុកដាក់​ហ្វឹកហាត់ យើង​រៀបចំ​របៀប​តម​អាហារ​ផងដែរ​។ យើង​មាន​ដៃគូ​ហ្វឹកហាត់​ក្នុងប្រទេស និង​ក្រៅប្រទេស មកជួយ​។ ពួកគេ​ជា​ដៃគូ​ហ្វឹកហាត់​កម្រិត​ខ្ពស់ ដើម្បី​ជួយ​ឡាំ និង​សម​ប្រកួត​ជាមួយ ស៊ី​ចាន់ រាល់ថ្ងៃ​។ យើង​ពិតជា​ចង់​ឈ្នះ​ការប្រកួត​លើក​នេះ​»​។ 


 
​ក្នុង​កំណត់ត្រា​ប្រកួត​កាល​ឆ្នាំ​២០១៩ ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge  ឆ្នាំ ២០១៣ ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian ត្រឹម​ទឹក​ទី​១ កាល​ខែកុម្ភៈ ក្នុង​កម្មវិធី ONE : CALL TO GREATNESS មុនពេល​ចាញ់​ក្រោម​ថ្វីដៃ​កីឡាករ​ឥណ្ឌា Roshan Mainam ត្រឹម​ទឹក​ទី​១ ដូចគ្នា កាល​ដើមខែ វិច្ឆិកា ឆ្នាំ ២០១៩​។ ទោះជា​យ៉ាងនេះ​ក្តី លោក Fernando សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​នឹង​អភិវឌ្ឍ​ផែនការ​លើស​ង្វៀន​សម្រាប់ ខុន ស៊ី​ចាន់ ដើម្បី​ឈ្នះ​ការប្រកួត​លើក​នេះ ឲ្យ​ខាងតែបាន​។ យើង​ពិតជា​ចង់​ឈ្នះ​ការប្រកួត​នេះ​។ យើង​បង្វឹក ស៊ី​ចាន់ ឲ្យ​កាន់តែខ្លាំង​ឡើងៗ​»​។ 
 
​ក្នុង​ដំណើរ​ហ្វឹកហាត់​នេះ លោក Randy Fadlila ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្លិប​ហាត់ប្រាណ The Place Gym បាន​ថ្លែង​អំពី​ការជួយ​សម្រួល​បែបនេះ​៖«​ខ្ញុំ​ចង់​ជួយ​ឲ្យ ស៊ី​ចាន់ ហាត់​បានល្អ និង មាន​លទ្ធផល​ល្អ ហើយក៏​ជាការ​រួមចំណែក​ក្នុង​វិស័យ​កីឡា​ផងដែរ​។ ក្លិប​របស់​យើង នឹង​បន្ត​ជួយ​សម្រួល​ដល់​ការហ្វឹកហាត់​សម្រាប់ ស៊ី​ចាន់ មិន​ត្រឹមតែ​ប្រកួត​ដើមខែ​កុម្ភៈ នោះទេ ប៉ុន្តែ យើង​អាច​បន្ត​ជួយ​សម្រួល ពេល​មានការ​ប្រកួត​លើក​ក្រោយៗ​ទៀត​»​។ 
 
​ទន្ទឹមគ្នានេះ​លោក កង សុវណ្ណារ៉ា នាយក​ក្រុមហ៊ុន Mega De Roux ក៏បាន​ចូលខ្លួន​មកជួយ​ជ្រោមជ្រែង​ដល់ ខុន ស៊ី​ចាន់ ដែរនោះ​បញ្ជាក់​បែបនេះ​៖«​គេ​ចូលរួមចំណែក​ផ្សេង ខ្ញុំ​ចូលរួមចំណែក​ផ្សេង​។ ខាង​ខ្ញុំ​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ ការហូបចុក និង​ការធ្វើដំណើរ​របស់​ស៊ី​ចាន់ ក្នុងការ​ចេញទៅ​ប្រកួត​នេះ​។ នេះ​ជាការ​រួមចំណែក​សម្រាប់​កីឡាករ​ជាតិ ដើម្បី​លទ្ធផល​ល្អ​លើ​ឆាក​អន្តរជាតិ​»​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 





© រក្សាសិទ្ធិដោយ thmeythmey.com