អន្តរជាតិ
ស្វី​ស​ជា​ប្រទេស​ល្អ​ជាងគេ​បំផុត​លើ​លោក​៤​ឆ្នាំ​ជាប់​គ្នា ខណៈ​កាណាដា​លេខ​២ ជប៉ុន​លេខ​៣
16, Feb 2020 , 10:59 pm        
រូបភាព
ដោយ: ធីតា
​ស្វី​ស​ជាប់​ជា​ប្រទេស​ដែល​ល្អ​ជាងគេ​លើ​ពិភពលោក សម្រាប់​រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា​។ នេះ​បើតាម​ចំណាត់ថ្នាក់ World’s Best Countries ក្នុង​របាយការណ៍ U.S. News & World Report សម្រាប់​ឆ្នាំ​២០២០ ។​

 
​របាយការណ៍ U.S. News & World Report មានការ​ចូលរួម​ស្ទង់​មតិ​ពី​មនុស្ស​ប្រមាណ​២​ម៉ឺន​នាក់ ដែលជា​អ្នកដឹកនាំ អ្នកជំនួញ និង​ពលរដ្ឋ​ពី​៣៦​ប្រទេស​។ ពួកគេ​បាន​វាយតម្លៃ​លើ​ប្រទេស​ចំនួន​៧៣ តាមរយៈ​ការផ្តល់​ពិន្ទុ​លើ​គុណភាព​ជីវិត សហគ្រិនភាព ឥទ្ធិពល​សេដ្ឋកិច្ច វប្បធម៌ អំណាច ការអប់រំ បរិស្ថាន និង​ភាព​រួសរាយ​រាក់ទាក់​ផ្សេងៗ​។ ស្វី​ស បន្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ រយៈពេល​៤​ឆ្នាំ​ជាប់​គ្នា ខណៈ​កាណាដា ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​២ ពី​ជប៉ុន​។ 
 
​ប្រទេស​២០​ដែលមាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ក្នុង World’s Best Countries 2020 រួមមាន ស្វី​ស​, កាណាដា​, ជប៉ុន​, អាល្លឺម៉ង់​, អូស្ត្រាលី​, អង់គ្លេស​, សហរដ្ឋអាមេរិក​, ស៊ុយអែត​, ហូ​ឡង់​, ន័​រវេ​ស​, នូ​វែ​ល​សេ​ឡង់​, បារាំង​, ដា​ណឺ​ម៉ាក​, ហ្វាំ​ង​ឡង់​, ចិន​, សិង្ហ​បុរី​, អ៊ីតាលី​, អូទ្រីស​, អេ​ស្ប៉ា​ញ និង​កូរ៉េខាងត្បូង​។​
 
​ក្រៅពីនេះ មាន រុស្ស៊ី (​លេខ​២៣), ឥណ្ឌា (​លេខ​២៥), ថៃ (​លេខ​២៦), ម៉ាឡេស៊ី (​លេខ​៣២), ឥណ្ឌូណេស៊ី (​លេខ​៤១), វៀតណាម (​លេខ​៤៣), ហ្វីលីពីន (​លេខ​៤៥), មី​យ៉ាន់​ម៉ា (​លេខ​៥៧)​។ កម្ពុជា​, ឡាវ និង ព្រុយ​ណេ មិនមាន​នៅក្នុង​បញ្ជី​នៃ​ចំណាត់ថ្នាក់​នេះឡើយ​។​
 
​ប្រទេស​ដែល​ស្ថិតនៅ​បាត​តារាង​ទាំង​១០​នោះ រួមមាន លី​បង់​, ស៊ែ​ប៊ី​, អូ​ម៉​ង់​, បេឡា​រុស​, ទុយ​នី​ស៊ី​, អ៊ុយ​ក្រែ​ន​, ហ្គា​ណា​, កា​ហ្សា​ក់​ស្ថាន​, ហ្គា​តេ​ម៉ា​ឡា និង​ហ្ស៊​កដា​នី​៕

Tag:
 World’s Best Countries
© រក្សាសិទ្ធិដោយ thmeythmey.com