សៀមរាប៖ ស្វាយកែវរមៀត ជាប្រភេទស្វាយដែលងាយដាំដុះ ងាយបានផល និងអាចឱ្យផលលើសពីមួយដងក្នុងមួយឆ្នាំ។ ដោយសារកត្ដានេះហើយ ទើបប្រជាកសិករខ្មែរកាន់តែច្រើន ងាកមកដាំដុះប្រភេទស្វាយនេះ។ ស្រុកបន្ទាយស្រី ដែលគេស្គាល់ថាជាដែនដីកសិកម្មដ៏ធំមួយក្នុងខេត្តសៀមរាប ក៏មានដីចម្ការស្វាយកែវរមៀតនេះច្រើនដែរ។ នៅខែនេះ កសិករបានផ្តើមប្រមូលផលជាបណ្ដើរៗ តែតម្លៃមិនសូវល្អប៉ុន្មានទេ។ កសិករប្រមូលបេះលក់ឱ្យឈ្មួញទាំងបង្ខំចិត្តទទួលយកតម្លៃទាប ដោយសារបារម្ភខ្លាចស្វាយទុំជ្រុះចោលឥតអំពើ។ មន្ត្រីបាននិយាយថា ទីផ្សារកែវរមៀតនៅស្រុកបន្ទាយស្រី គឺពឹងលើទីផ្សារក្នុងស្រុកមួយផ្នែក ក្រៅពីនោះគឺការនាំចេញប្រទេសថៃ និងទីផ្សារប្រទេសវៀតណាម ហើយទីផ្សារនេះឡើងចុះមិនទៀង។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលអ្នកនាង អ៊ីសា រ៉ហានី នឹងលម្អិតពីព័ត៌មាននេះ៖
នៅក្នុងចម្ការមួយកន្លែង កម្មករប្រមាណជិត១០នាក់ ខ្លះកំពុងលើកកញ្ច្រែងស្វាយឡើងឡាន ខ្លះកំពុងមើលភ្នែកជញ្ជីញ និងខ្លះទៀតកំពុងស្រាយថង់ដែលវេចខ្ចប់ផ្លែស្វាយកែវរមៀតតូចធំ ដែលមានទម្ងន់ចន្លោះពី៣ខាំទៅកន្លះគីឡូក្រាមក្នុងមួយផ្លែ។ ធ្វើការបណ្ដើរ ជជែកគ្នាលេងបណ្ដើរ កម្មករក្នុងចម្ការស្វាយបានបន្លឺសំឡេងឭៗ តែវាមិនដូចអារម្មណ៍ពិតពួកគេឡើយ។ ទាំងកម្មករ និងកសិករម្ចាស់ចម្ការ បានរអ៊ូពីតម្លៃស្វាយចុះថោក ខណៈដែលតម្លៃពលកម្ម និងថ្នាំជីផ្សេងៗមានតម្លៃខ្ពស់។
កំពុងអង្គុយមើលកម្មករលើកថ្លឹងស្វាយ លោក សុខ ណារិន អាជីវករប្រមូលទិញស្វាយកែវរមៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងក្រុងសៀមរាប ប្រាប់ថា តម្លៃស្វាយប្រមូលទិញនារដូវនេះ គឺប្រភេទវេចខ្ចប់ថ្លៃ១២០០រៀល ទៅ១៣០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលឆ្នាំទៅលោកប្រមូលទិញក្នុងតម្លៃ២៥០០រៀល ទៅ៣០០០រៀល។ ជាកសិករដែលមានចម្ការស្វាយ១០ហិកតាដែរនោះ លោក ណារិន ក៏បានរអ៊ូពីរឿងតម្លៃចុះថោកដែរ។ លោកប្រាប់ថា កសិករជាអ្នកដាំលែងចង់ដាំស្វាយនេះទៀតហើយ នៅពេលតម្លៃចុះថោកពេក។ លោក ណារិន បានបន្ទោសរាជរដ្ឋាភិបាល ដែលមិនបានជួយដោះស្រាយបញ្ហា និងរកទីផ្សារឱ្យកសិករ ខុសពីប្រទេសជិតខាងដែលមានទីផ្សារល្អ មិនឱ្យកសិករលំបាក។
ចំណែកកសិករមួយរូបទៀត ដែលមានដីចម្ការស្វាយនៅមិនឆ្ងាយប៉ុន្មានពីរង្វង់មូលបន្ទាយស្រី-ភ្នំគូលែន គឺលោក អេង។ កសិកររូបនេះក៏បង្ហាញអារម្មណ៍មួរម៉ៅចំពោះតម្លៃទីផ្សារកែវរមៀតរបស់ខ្លួន ដែលលក់បានត្រឹម៦០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ នៅពេលឆ្នាំទៅមុនលក់បានក្នុងតម្លៃជាង១ពាន់រៀល ទៅ២ពាន់រៀល។ ស្វាយលោក អេង មិនបានវេចខ្ចប់ថង់ដូចគេទេ ទើបលក់បានក្នុងតម្លៃបែបនេះ។ តម្លៃនេះ ធ្វើឱ្យកសិករដែលជួលដើមគេ ត្រូវខាតប្រាក់និងកម្លាំងពលកម្មច្រើន រីឯអ្នកមានចម្ការខ្លួនឯង បានមួយរួចខ្លួន។ កសិករខ្លះត្រូវជួលដើមគេ ក្នុងតម្លៃចាប់ពី៣ទៅ៥ដុល្លារក្នុងមួយដើម គឺទៅតាមប្រភេទស្វាយតូចធំ។ នេះជាការលើកឡើងរបស់លោក អេង។
លោក អេង ប្រាប់ថារាល់ឆ្នាំមានឈ្មួញពីវៀតណាម ទីផ្សារពីប្រទេសថៃ ហើយទីផ្សារក្នុងស្រុកក៏មានច្រើនដែរ តែឆ្នាំនេះរៀងស្ងាត់។ ឈ្មួញវៀតណាមខ្លះ សម្រេចចោលប្រាក់កក់ច្រើនកន្លែង ដោយមិនបានចុះប្រមូលបេះស្វាយកសិករខ្មែរទេ ការណ៍នេះធ្វើឱ្យកសិករខ្មែរបេះលក់ស្វាយឱ្យឈ្មួញក្នុងតម្លៃថោក។ លោកបន្ថែមថា៖« រាល់ឆ្នាំបានថ្លៃ វៀតណាមទិញ តែឆ្នាំនេះអត់ទិញ កក់ ខ្ចប់ហើយចោលទាំងលុយទៀត អត់បេះ រាល់ឆ្នាំវៀតណាមទិញនាំទៅចិន...ឆ្នាំមុនៗប្រជែងគ្នាទិញច្រើន»។
មានដើមកំណើតនៅខេត្តកំពត និងបានមករស់នៅលើទឹកដីស្រុកបន្ទាយស្រីនេះតាំងពីឆ្នាំ១៩៩៧មក ចម្ការលោក អេង មានដំណាំចម្រុះច្រើន ដូចជាស្វាយ ខ្នុរ ស្វាយចន្ទី។ល។ ដ្បិតថា ស្វាយកែវរមៀតធ្លាក់ថ្លៃក៏ពិតមែន តែកសិករលោក អេង ប្រាប់ថា រង់ចាំក្រែងឆ្នាំក្រោយៗមានទីផ្សារល្អឡើងវិញ និងមិនគិតខ្លីកាប់ដើមស្វាយចោលដាំដំណាំផ្សេងឡើយ ព្រោះខ្លួនកាន់តែចាស់ហើយ។ យ៉ាងណា ដ្បិតថាមិនកាក់កបនឹងស្វាយកែវរមៀត តែស្វាយផ្អែមរបស់លោក អេង លក់បានតម្លៃថ្លៃ។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ភឿន គឹមលី បានឱ្យដឹងថា នៅខេត្តសៀមរាបមិនទាន់មានកន្លែងប្រមូលទិញផលិតផលស្វាយនៅឡើយ ដែលបច្ចុប្បន្នខាងលោកកំពុងធ្វើការដើម្បីចង់ភ្ជាប់កិច្ចការនេះទៅរោងចក្រនៅតាមបណ្ដាខេត្តដទៃ ក្នុងបំណងនាំយកទៅទីផ្សារកូរ៉េ។ បច្ចុប្បន្ន ទីផ្សារស្វាយកែវរមៀតនៅស្រុកបន្ទាយស្រី គឺពឹងលើទីផ្សារនាំចេញទៅប្រទេសថៃ ទៅវៀតណាម និងទីផ្សារក្នុងស្រុក។ លោក គឹមលី ក៏យល់ថាប្រហែលទីផ្សារនាំទៅប្រទេសចិនហាក់ស្ងប់ស្ងាត់បន្ដិច ទើបបណ្ដាលឱ្យឈ្មួញមិនបានប្រមូលទិញ តែក្នុងនោះលោកយល់ថា ប្រហែលស្វាយកសិករខ្មែរនៅខ្វះស្ដង់ដាំនាំចេញបន្ដិចក៏ថាបាន។ ចំណុចនេះ មន្ទីរពាណិជ្ជកម្មក៏កំពុងធ្វើការដើម្បីភ្ជាប់ទំនាក់ទំនងទៅរោងចក្រកែច្នៃនៅខេត្តកំពង់ចាម ហើយនៅពេលការងារនេះដំណើរការល្អ ផលិតផលទាំងអស់នឹងកែច្នៃបានច្រើនមុខ ដោយមិនពឹងលើទីផ្សារនាំចេញតែមួយឡើយ។
ឆ្លើយតបទៅនឹងការលើកឡើងពីអាជីវករខ្លះដែលនិយាយថា តម្លៃស្វាយកែវរមៀតទាក់ទងនឹងការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរ លោក គឹមលី ពន្យល់ថា បញ្ហានេះគ្រាន់តែមួយផ្នែកតូចតែប៉ុណ្ណោះ តែវាទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចក្រៅប្រទេសខ្លាំងជាង។ បរិយាកាស ឬស្ថានការណ៍ពីខាងក្រៅ មានឥទ្ធិពលមិនល្អមកលើទីផ្សារសេដ្ឋកិច្ចនៅកម្ពុជា៕