អ្នកជំនាញ​UN ៖ ខ្យល់​បំពុល​ជា «​ឃាតកម្ម​កំបាំងមុខ​» ឆក់​ជីវិត​មនុស្ស​៧​លាន​នាក់​រាល់​ឆ្នាំ​
អន្តរជាតិ
អ្នកជំនាញ​UN ៖ ខ្យល់​បំពុល​ជា «​ឃាតកម្ម​កំបាំងមុខ​» ឆក់​ជីវិត​មនុស្ស​៧​លាន​នាក់​រាល់​ឆ្នាំ​
19, Jan 2020 , 9:59 am        
រូបភាព
​មនុស្ស​ជាង​៦​ពាន់​លាន​នាក់ ដែល​ក្នុងនោះ​១​ភាគ​៣​ជា​កុមារ តែង​ស្រូបខ្យល់​កខ្វក់​ខ្លាំង​ជាប្រចាំ ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព សុខុមាល​ភាព និង​ជីវិត​ពួកគេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកជំនាញ​ម្នាក់​នៃ​ស្ថាប័ន​ទទួលបន្ទុក​បរិស្ថាន​និង​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ​។  លោក អះអាងថា ការបំពុល​ខ្យល់ គឺជា «​ឃាតកម្ម​កំបាំងមុខ​» ដែល​ឆក់យក​ជីវិត​មនុស្ស​៧​លាន​នាក់​រាល់​ឆ្នាំ​។​

 
​លោក David Boyd បញ្ជាក់ថា ការបំពុល​ខ្យល់ ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​ផ្ទះ គឺជា «​ឃាតកម្ម​កំបាំងមុខ​» ដែល​ទទួលខុសត្រូវ​សម្រាប់​ការស្លាប់​មុន​អាយុ​ដល់​ទៅ​៧​លាន​នាក់ រៀងរាល់ឆ្នាំ រួមមាន​កុមារ ៦​ម៉ឺន​នាក់​។ ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក្នុង​ទីក្រុង ហ្សឺ​ណែវ កាល​ឆ្នាំមុន អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​រូបនេះ បាន​លើកឡើងថា ទោះយ៉ាងណា​បញ្ហា​នេះ ពុំ​សូវ​ទទួល​ការយកចិត្តទុកដាក់ ព្រោះ​ការស្លាប់​ទាំងនេះ​ពុំ​កើតឡើង​ភ្លាមៗ ស្តែងៗ​ឡើយ  ដូច​ការស្លាប់​ដែល​បណ្តាលមកពី​គ្រោះមហន្តរាយ​ផ្សេងៗ​ឡើយ​។ 
 
​តាម​សេចក្តីថ្លែងការណ៍​ដែល​បាន​ចុះផ្សាយ​លើ​វេ​ប​សាយ​អង្គការសហប្រជាជាតិ  អ្នកជំនាញ​ទទួលបន្ទុក​កិច្ចការ​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​រូបនេះ អះអាងថា​៖«​ជា​រៀងរាល់​ម៉ោង មនុស្ស ៨០០​នាក់ ស្លាប់ ហើយ​ភាគច្រើន​គឺ​រង​ទុក្ខ​ដោយសារ​ជំងឺ មហារីក ជំងឺ​ផ្លូវដង្ហើម ឬ​ជំងឺ​បេះដូង ដែល​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​នឹង​ការ​ស្រូប​ខ្យល់ពុល​»​។​
 
​លោក Boyd សង្កត់ធ្ងន់ថា ការបរាជ័យ​ក្នុង​ការធានា ខ្យល់​ល្អ សម្រាប់​ប្រជាជន ត្រូវបាន​ចាត់ទុកជា ការបំពាន​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ ក្នុងការ​ទទួលបាន​ប​រិ​ស្ថាន​ដែល​ល្អ​សម្រាប់​សុខភាព​។ គួរបញ្ជាក់​បន្តិច​ដែរ​ថា សិទ្ធិ​នេះ ត្រូវបាន​ទទួលស្គាល់​ផ្លូវ​ច្បាប់​ពី​សំណាក់​រដ្ឋ​ចំនួន ១៥៥ ហើយ​គួរ​ទទួលស្គាល​ជា​ទូទាំង​សកលលោក​។ នេះ​បើតាម​អង្គការសហប្រជាជាតិ​។ 
 
«​មនុស្ស​មិនអាច​ជៀសផុត​ពី​ការ​ស្រូប​ចូល​អ្វី​ក៏ដោយ​ដែលមាន​ជាតិ​កខ្វក់​ដែលមាន​នៅក្នុង​ខ្យល់​នៅក្នុង​ផ្ទះ​របស់​ពួកគេ ឬ​នៅក្នុង​សហគមន៍​របស់​ពួកគេ​ឡើយ​»​។ លោក Boyd បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ការបំពុល​ខ្យល់ មាននៅ​គ្រប់​ទីកន្លែង ដែល​មួយផ្នែកធំ​បង្កឡើង​ដោយ ការដុត​ឥន្ធនៈ​ហ្វូ​ស៊ី​ល​សម្រាប់​ចរន្តអគ្គិសនី​, ការដឹកជញ្ជូន និង​ការឡើង​កម្តៅ ក៏ដូចជា មកពី​សកម្មភាព​ឧស្សាហកម្ម ការគ្រប់គ្រង​សំណល់​មិន​ត្រឹមត្រូវ និង​ការអនុវត្ត​កសិកម្ម ជាដើម​។ 
 
​ទោះជា​បែបនេះ​ក្តី អ្នកជំនាញ​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​រូបនេះ បាន​សង្កត់ធ្ងន់ថា ការបំពុល​ខ្យល់ ជា​បញ្ហា​ដែល​អាច​បង្ការ​បាន​។ ត្រង់នេះ លោក បាន​ទទូច​ឲ្យ​រដ្ឋ​នានា​គោរព​តាម​កាតព្វកិច្ច​ច្បាប់​ពួកគេ​ដើម្បី​ធានាបាន​នូវ​ខ្យល់អាកាស​បរិសុទ្ធ ដែល​ចាំបាច់​សម្រាប់​បំពេញ​សិទ្ធិ​រស់នៅ សុខភាព ទឹកស្អាត និង​អនាម័យ ផ្ទះសម្បែង និង​បរិស្ថាន​មាន​សុខ​ភាពល្អ​។ 
 
​លោក បានដាក់​ចេញ​ជំហាន​សំខាន់ៗ​ចំនួន ៧ ដែល​រដ្ឋ​នីមួយៗ​ត្រូវអនុវត្ត​ដើម្បី​ធានាបាន​នូវ​ខ្យល់អាកាស​បរិសុទ្ធ​និង​បំពេញ​នូវ​សិទ្ធិ​ទទួលបាន​បរិស្ថាន​ប្រកបដោយ​សុខភាព​ល្អ​ដូចជា ត្រួតពិនិត្យ​គុណភាព​ខ្យល់​និង​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​, វាយតម្លៃ​ប្រភព​នៃ​ការបំពុល​បរិយាកាស​, ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​រួមទាំង​ការប្រឹក្សា​សុខភាព​សាធារណៈ​, បង្កើត​ច្បាប់​បទ​ប្បញ្ញត្តិ​បទដ្ឋាន​គុណភាព​និង​គោលនយោបាយ​ខ្យល់​, បង្កើត​ផែនការ​សកម្មភាព​គុណភាព​ខ្យល់​នៅ​ថ្នាក់មូលដ្ឋាន​ថ្នាក់ជាតិ និង​បើ​ចាំបាច់​កម្រិត​តំបន់​, អនុវត្ត​ផែនការ​សកម្មភាព​គុណភាព​ខ្យល់​និង​ពង្រឹង​ស្តង់ដារ និង​វាយតម្លៃ​វឌ្ឍនភាព​ហើយ​បើ​ចាំបាច់​ពង្រឹង​ផែនការ​ដើម្បី​ធានាថា​ស្តង់ដារ​ត្រូវបាន​ឆ្លើយតប​៕

Tag:
 ខ្យល់​បំពុល​
  អង្គការសហប្រជាជាតិ​
  អ្នកជំនាញ
© រក្សាសិទ្ធិដោយ thmeythmey.com