ភ្នំពេញ៖ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលពីជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្រោមគម្រោង «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី» យុវជនជនជាតិខ្មែរ និងជនជាតិដើមភាគតិចមួយក្រុមដែលមានជមាជិក១២នាក់ បានចុះទៅតំបន់ដែលខ្លួនរស់នៅ ផ្ដិតយកជីវភាពជាក់ស្ដែងរបស់ក្រុមមនុស្សត្រូវបានគេរើសអើង ដែលកំពុងប្រឈមបញ្ហា មកផលិតជាភាពយន្តឯកសារខ្លី។
ដើម្បីជ្រាបច្បាស់ពីជីវិតរបស់ក្រុមមនុស្សដែលត្រូវបានគេរើសអើង សូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ត្រូវបានផលិតឡើងជាភាពយន្តឯកសារខ្លីមាន១៩ចំណងជើងនិងប្រធានបទ ចែកចេញជា២វគ្គ សិក្ខាកាមចំនួន១២រូប មានយុវជនជនជាតិខ្មែរ៣រូប និងជនជាតិដើមភាគតិច៩រូប បានមើលឃើញបញ្ហាផ្សេងគ្នាកើតក្នុងតំបន់របស់ពួកគេរស់នៅ ដោយទាមទារឱ្យមានការយកចិត្តទុកដាក់ពីសង្គម។
នៅល្ងាចថ្ងៃទី១០ខែមករា ឆ្នាំ២០២០កន្លងទៅ គឺជាថ្ងៃចាក់បញ្ចាំងភាពយន្តឯកសារខ្លី ដែលត្រូវបានផលិតផ្ដោតសំខាន់លើបញ្ហាប្រឈមរបស់ក្រុមមនុស្ស ដែលត្រូវបានគេរើសអើង ហើយបានចាក់បញ្ចាំងនៅមជ្ឈមណ្ឌលសោតទស្សបុប្ផាណា។ ក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារខ្លីនេះ មានការចូលរួមពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងបណ្ដាអង្គទូតមួយចំនួន ព្រមទាំងអង្គការអុកស្វាមប្រចាំកម្ពុជា ដែលជាម្ចាស់ជំនួយផងដែរ។
ឆ្លៀតពេលកំពុងបញ្ចាំងភាពយន្តកញ្ញា ភោក រ៉ានី មកពីខេត្តរតនៈគិរី ដែលជាផលិតករមួយរូប ក្នុងគម្រោង«ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី» បានប្រាប់ពីចំណងជើងប្រធានបទរបស់ខ្លួន៖«ចំណងជើងរឿងរបស់ខ្ញុំគឺ “កុំបោះបង់” ទាក់ទងជាមួយអ្នកគ្រូម្នាក់គាត់ជាជនជាតិគ្រឹង។ គាត់ចង់ឱ្យសិស្សនៅក្នុងសហគមន៍របស់គាត់ហ្នឹង កុំបោះបង់ភាសាគ្រឹង។ គាត់ថាបើក្មេងៗជនជាតិគ្រឹងមិនចេះភាសារបស់ខ្លូនទេ វាដូចជាជនជាតិគ្រឹងស្លាប់បាត់បង់អ៊ីចឹង។ គាត់បង្រៀនទាំងភាសាគ្រឹងនិងភាសាខ្មែរ ដោយបង្រៀនពីថ្នាក់ទី១ដល់ថ្នាក់ទី៣ ហើយសិស្សរបស់គាត់ក្នុងមួយថ្នាក់មានជាង៣០នាក់។ ដល់ថ្នាក់ទី៤គេឈប់បង្រៀនភាសាគ្រឹងហើយ គេបង្រៀនតែភាសាខ្មែរទេ»។
កញ្ញា ភោគ រ៉ានី ទទួលសញ្ញាប័តបញ្ជាក់ការសិក្សា(រូបពី មជ្ឈមណ្ឌល បុប្ផាណា)
វ័យ២៨ឆ្នាំផលិតករដែលមានសម្បុរស ភោក រ៉ានី ចាប់អារម្មណ៍គ្រូបង្រៀនជនជាតិដើមភាគតិចគ្រឹង ដោយសារបានឃើញពីការតស៊ូលះបង់ និងបញ្ហាប្រឈមរបស់អ្នកគ្រូរូបនោះ៖« មុនដំបូងគាត់រៀនវគ្គបំប៉ន បន្ទាប់មកក្រសួងមើលឃើញថាគាត់តស៊ូ គាត់លះបង់ពេលវេលា គេក៏ចុះឈ្មោះគាត់ជាគ្រូបង្រៀនក្របខណ្ឌ ប៉ុន្តែពីមុនគាត់គ្រាន់តែជាគ្រូស្ម័គ្រចិត្តក្នុងភូមិប៉ុណ្ណោះ។ បញ្ហាប្រឈមរបស់គាត់គឺក្មេងៗឥឡូវបោះបង់ចោលការសិក្សាច្រើន។ គាត់ថាគាត់នៅតែបន្តជំរុញឪពុកម្ដាយ នៅក្នុងសហគមន៍របស់គាត់បន្តិចម្ដងៗ ឱ្យគាត់ដឹងថាការអប់រំនេះមានសារសំខាន់ ព្រោះបើអត់ពីចម្ការមានតែការអប់រំនេះហើយដែលអាចជួយបាន»។
កញ្ញាបន្ថែម៖« អ្នកគ្រូគាត់ពកូនអាយុ៤ខែទៅបង្រៀនជាមួយគ្រប់ពេល។ ដល់ម៉ោងកូនបៅ គាត់ក៏ឱ្យកូនបៅសិន រួចហើយគាត់បន្តបង្រៀនទៀត ព្រោះគាត់ខ្លាចថាសិស្សដាច់ភាគ។ ហើយកូនគាត់ក៏ស្រួលដែរ គាត់ដូចជាស៊ាំហើយ ព្រោះយកទៅតាំងពីតូច ហើយកូននោះមិនយំរញ៉េចរញ៉ាចទេ។ ម៉ាក់បង្រៀនហើយកូនគេង ដូចគេច្រៀងបំពេអ៊ីចឹង»។
ងាកមកចាប់អារម្មណ៍ផលិតករមួយរូបទៀត គឺកញ្ញា ហេង មិនា។ មកពីខេត្តបន្ទាយមានជ័យក្នុងក្រុងប៉ោយប៉ែត្រ មិនា បានចាប់យកប្រធានបទចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ ព្រោះតែបញ្ហាមិនអាចចូលទៅថតសកម្មភាពរបស់តួអង្គដល់ក្នុងប្រទេសថៃ ធ្វើឱ្យ មិនា យល់ថាភាពយន្តរបស់ខ្លួនមិនសូវមានគុណភាព ហើយកញ្ញាពន្យល់បែបនេះ៖«ខ្ញុំគិតថាសាច់រឿងរបស់ខ្ញុំវានៅមិនទាន់ខ្លាំង មើលទៅខ្វះសាច់រឿង ព្រោះគាត់ត្រូវអូសអីវ៉ាន់ចូលទៅក្នុងព្រុំដែនថៃ ហើយខ្ញុំមិនអាចចូលទៅថតគាត់ ក្នុងដីថៃបានទេ ព្រោះវាខុសច្បាប់។ ប្រសិនបើខ្ញុំអាចចូលទៅថៃថតបាន ខ្ញុំគិតថារឿងរបស់ខ្ញុំអាចមានឥទ្ធិពលខ្លាំង»។
កញ្ញា ហេង មិនា កំពុងអនុវត្តន៍សកម្មភាពថតភាពយន្ត(រូបពី មជ្ឈមណ្ឌល បុប្ផាណា)
វ័យ២២ឆ្នាំ នារីសម្បុរសដែលមានសំនួនសំដីហាក់អាណិតអាសូរចំពោះពលករចំណាកស្រុក មិនា ប្រាប់ពីបទពិសោធចំណាកស្រុករបស់បងប្រុសជីដូនមួយរបស់នាង៖«នៅស្រុករបស់ខ្ញុំភាគច្រើនគឺសម្បូរអ្នកធ្វើចំណាកស្រុក អ្នកខ្លះបែកបាក់គ្រួសារ អ្នកខ្លះធ្វើការស្រុកគេមានបញ្ហា អ្នកខ្លះទៀតក៏ត្រូវគេនាំទៅលក់នៅឯដែនសមុទ្រ។ និយាយទៅគេប្រើមិនឱ្យប្រាក់ខែ ប្រើទាំងឈឺហើយ គេវាយធ្វើបាបទៀត នេះគឺជាជីវិតបងជីដូនមួយរបស់ខ្ញុំដែលគាត់ជួបផ្ទាល់ ប៉ុន្តែគាត់អាចរួចជីវិតមកវិញបាន។ ជាសារដែលខ្ញុំចង់បង្ហាញទៅដល់អ្នកមើល ប្រសិនបើគាត់នៅក្នុងស្ថាប័នអ្វីមួយ គាត់អាចបង្កើតជាព័ត៌មានឬជាភាពយន្តឯកសារខ្លីដូចជាខ្ញុំបែបនេះ ដើម្បីទប់ស្កាត់កុំឱ្យប្រជាជនយើងចំណាកស្រុក»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណាលោក ជា សុភាព បានបញ្ជាក់ថាភាពយន្តឯកសារនេះ និងចាក់បញ្ចាំងនៅក្នុងសហគមន៍ ដើម្បីរកដំណោះស្រាយ៖«ចំពោះការចាក់បញ្ចាំងភាពយន្តនេះគឺយើងចាក់បញ្ចាំងដោយសេរីនៅតាមសហគមន៍ ហើយយើងបង្កើតកិច្ចសន្ទនាក្រោយពីមើលភាពយន្តនេះហើយ។ ព្រោះថាយើងឃើញមានបញ្ហាមួយចំនួនដែលកើតមាននៅក្នុងសហគមន៍ ដូចជាបញ្ហាអំពើហឹង្សា ថាតើត្រូវមានវិធានការយ៉ាងណា? ថាតើបុរសហ្នឹងត្រូវគិតយ៉ាងម៉េច? ថាតើសហគមន៍នោះគិតយ៉ាងម៉េច បើអំពើហឹង្សាចេះតែបន្តកើតមាន? ក្នុងរឿងអំបាញ់មិញមានបងស្រីម្នាក់ត្រូវប្តីវ៉ៃ រហូតដល់គាត់ទ្រាំលែងបាន គាត់សម្រេចចិត្តបញ្ចប់ចំណងអាពាហ៍ពិពាហ៍»។
សិក្ខាកាមអនុវត្តន៍ថតភាពយន្ត(រូបពី មជ្ឈមណ្ឌល បុប្ផាណា)
ត្រឡប់មកកញ្ញា មិនា វិញ នាងបានលើកឡើងពីបញ្ហាប្រឈមរបស់ពលករចំណាកស្រុក ដែលរស់នៅក្នុងតំបន់របស់នាង៖«ប្រហែលជាឆ្នាំ២០០៨ឬ២០០៩ នៅខាងជាយដែនគេនាំគ្នាលូនទៅតាមព្រៃឬក៏ចម្ការដំឡួងកាត់ព្រំប្រទល់ តែនៅពេលយប់ទេ។ ពេលខ្លះអាចចាប់ឬក៏បាញ់គាត់ស្លាប់នៅនឹងកន្លែងក៏មាន។ មានការចាប់រំលោភឬការបង្ខិតបង្ខំដែលគាត់មិនបានព្រមព្រៀង ហើយអ្នកខ្លះត្រឡប់មកវិញមិនបានប្រាក់ហើយ ថែមទាំងមានកូនត្រឡប់មកវិញទៀត។ គាត់ត្រូវប្រឈមនឹងអ្នកនៅក្នុងភូមិជេរប្រមាថ ដូច្នេះហើយគាត់មិនអាចរស់នៅកន្លែងហ្នឹងគាត់ត្រូវទៅរស់នៅកន្លែងផ្សេងទៀត»។
យុវជនរូបនេះផលិតវីដេអូនេះឡើង ដើម្បីជាមធ្យោបាយផ្ញើសារទៅដល់ប្រជាជនខ្មែរ ដែលមានបំណងចំណាកស្រុក៖«ឧទាហរណ៍មានអាជីវករគាត់បើកជាក្រុមហ៊ុន ចឹងហើយប្រជាជនយើងអាចរកប្រាក់ចំណូលបាន ដូច្នេះពួកគាត់មិនចាំបាច់ទៅថៃទេ។ ខ្ញុំចង់ឱ្យប្រជាជនយើងគិតថាការទៅថៃហ្នឹងវាពិតជាមានគ្រោះថ្នាក់មែនទែន ព្រោះខ្ញុំជួបផ្ទាល់ អ្នកខ្លះគាត់មិនបានត្រឡប់មកវិញទេ គាត់ត្រូវស្លាប់ឬក៏ជាប់គុកនៅប្រទេសគេមិនបានត្រឡប់មកវិញទេ ទាំងស្របច្បាប់ទាំងខុសច្បាប់។ ស្របច្បាប់ពេលខ្លះ អាចប៉ះថៅកែដែលគេដកលិខិតឆ្លងដែនរបស់គាត់ ហើយគេរកមធ្យោបាយគំរាម»។
កញ្ញា ហេង មិនា ទទួលសញ្ញាប័តបញ្ជាក់ការសិក្សា(រូបពី មជ្ឈមណ្ឌល បុប្ផាណា)
ជាលទ្ធផលនៃការផលិតភាពយន្តឯកសាររបស់កញ្ញា ភោក រ៉ានី បានផ្លាស់ប្ដូរសាលាមួយដែលចាស់ទ្រុឌទ្រោម មកជាសាលាដែលមានភាពស្រស់ស្អាត៖«មុននឹងខ្ញុំចុះរកប្រធានបទនេះខ្ញុំឃើញសាលារៀន របង ជញ្ចាំង ពុកផុយ។ ពេលដែលពូកខ្ញុំបានចុះទៅធ្វើភាពយន្តឯកសារខ្លីហើយ ឥឡូវនេះសាលាហ្នឹងកែប្រែមានអ្នកឧបត្ថម្ភ មានអ្នកជួយជួសជុល ហើយពេលនេះសាលាហ្នឹងក្លាយជាសាលាស្អាតហើយ។ អ៊ីចឹងខ្ញុំឃើញថាក្រោយពីខ្ញុំធ្វើវីដេអូនេះទៅ ហើយបុប្ផាណាគាត់ផ្សាយ ដូច្នេះអាចឱ្យអ្នកដែលគេចង់ជួយ ឬអ្នកដែលពាក់ព័ន្ធគេជួយ»។
ជាឧបសគ្គក្នុងការចុះទៅផលិតភាពយន្តឯកសារ សម្រាប់កញ្ញា រ៉ានី មិនមានបញ្ហាអ្វីធ្ងន់ឡើយ៖«វាមិនសូវពិបាកអ្វីខ្លាំងទេព្រោះនៅទីនោះជាស្រុកភូមិរបស់ខ្ញុំ គ្រាន់តែថាខ្ញុំត្រូវធ្វើដំណើរពីខេត្តទៅតាមភូមិ ហើយយើងមានគ្នាតិច ខ្ញុំខ្លាចដែរព្រោះខ្ញុំជាស្រី។ យើងថតឯកសារយើងមិនអាចទៅហើយត្រឡប់មកវិញទេ យើងត្រូវនៅតាមគាត់រហូតដល់យប់។ យើងទំនាក់ទំនងជាមួយគាត់មិនអីទេ ព្រោះដៃគូរបស់ខ្ញុំគាត់ក៏ជាជនជាតិភាគតិចដែរ»។
ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណាលោក(រូបពី មជ្ឈមណ្ឌល បុប្ផាណា)
នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណាលោក ជា សុភាព ប្រាប់ពីកម្មវិធីនៃការថតភាពយន្ត ក្នុងគម្រោង«ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី»៖«គម្រោងនេះមានរយៈពេល២ឆ្នាំ។ ឆ្នាំទី១ជាវគ្គបណ្ដុះបណ្ដាលនិងផលិតភាពយន្តឯកសារ។ ឆ្នាំទី២ យើងផ្សព្វផ្សាយភាពយន្តឯកសារនេះដល់សាធារណជន នៅតាមមហោស្រពជាតិនិងអន្តរជាតិ ហើយយើងបញ្ចាំងនៅតាមមូលដ្ឋានទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាដែលកំពុងកើតមានឡើងចំពោះស្ត្រី នៅក្នុងសហគមន៍ជនជាតិដើមភាគតិច។ ឥឡូវនេះយើងកំពុងអភិវឌ្ឍន៍គម្រោងបន្តទៀតសម្រាប់យុវជនដែលរៀនចប់រយៈពេល១ឆ្នាំហ្នឹង ត្រូវចាប់គ្នាជាក្រុមលើកជាគម្រោង ហើយគម្រោងនោះត្រូវតែផ្ដល់គុណប្រយោជន៍ទៅដល់សហគមន៍របស់ពួកគាត់។ យើងនឹងបង្កើតកញ្ចប់ថវិការមួយសម្រាប់ពួកគាត់អនុវត្តន៍គម្រោង»។
សិក្ខាកាមជនជាតិដើមភាគតិចទទួលសញ្ញាប័តបញ្ជាក់ការសិក្សា(រូបពី មជ្ឈមណ្ឌល បុប្ផាណា)
លោក ជា សុភាព ថាវគ្គបណ្ដុះបណ្ដាលនេះបានបង្រៀនសិក្ខាកាមលើសពីជំនាញថតភាពយន្ត៖«យើងបង្រៀនគាត់ឱ្យធ្វើកុនវាជារឿងសំខាន់មួយហើយ ប៉ុន្តែយើងត្រូវបង្រៀនគាត់ឱ្យចេះធ្វើការនៅក្នុងសហគមន៍ ដើម្បីបង្កើតឱ្យមានផលចំណេញនៅក្នុងសហគមន៍របស់គាត់។ យើងមានកញ្ចប់ថវិកាតូចទេ តែប្រហែលជាបាន៥ទៅ៦គម្រោង។ សិស្សម្នាក់អាចទទួលបាន១គម្រោង ឬក៏១ក្រុមមានគ្នា៣នាក់បានមួយគម្រោង។ ហេតុអ្វីបានជាយើងធ្វើបែបនេះ? ព្រោះយើងចង់ឱ្យសិស្សចេះធ្វើការដោយខ្លួនឯង គាត់ផលិតដោយខ្លួនឯង គាត់ឃើញបញ្ហាដែលកើតមានចំពោះខ្លួនគាត់ គាត់ចេះធ្វើរបាយការណ៍ហិរញ្ញវត្ថុជាដើម ដូច្នេះថ្ងៃក្រោយគាត់ក្លាយជាមនុស្សដែលឈរដោយខ្លួនឯងបាន»៕