អន្តរជាតិ
ឥណ្ឌូណេស៊ី ស្នើ​វៀតណាម​ឲ្យ​បង្កើន​ការទិញ និង​វិនិយោគ​លើ​វិស័យ​នេសាទ
18, Jan 2020 , 10:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានស្នើ​ត្រង់ៗ​ទៅកាន់​វៀតណាម​ក្នុង​ការបង្កើន​ការវិនិយោគ លើ​វិស័យ​នេសាទ​នៅ​ឥណ្ឌូណេស៊ី ជាពិសេស​នៅ​តំបន់​ប្រជុំ​កោះ​ណា​ទុ​កា (Natuna)​។ ឥណ្ឌូណេស៊ី ដែលមាន​សក្តានុពល​ផ្នែក​ធនធាន​ត្រី​សមុទ្រ​តែ​ម្តងនោះ ចង់ឃើញ​ក្រុម​អ្នកវិនិយោគ​វៀតណាម ដើរតួ​កាន់តែខ្លាំង និង​សកម្ម​នៅ​ទីនោះ​។

 
​តាមរយៈ​ជំនួប​ជាមួយនឹង​តំណាង​ក្រុមហ៊ុន​វៀតណាម​ពាក់ព័ន្ធ​វិស័យ​នេសាទ នៅ​ថ្ងៃ​១៦ មករា​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានលើកឡើង​ពី​ឱកាស​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ និង​វិនិយោគ​រវាង​ឥណ្ឌូណេស៊ី និង​វៀតណាម លើ​វិស័យ​ធនធាន​សមុទ្រ​នៅ​តំបន់​មាន​សក្តានុពល​របស់​ឥណ្ឌូណេស៊ី​មួយចំនួន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Post​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ក្នុងជំនួប ដែល​ជាការ​ឆ្លៀតឱកាស​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នោះ លោកស្រី​រដ្ឋមន្ត្រី បាន​កត់សម្គាល់ថា ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ក្រុមហ៊ុន​វៀតណាម បាន​នាំចូល​ផលិតផល​សមុទ្រ​ពី​ឥណ្ឌូណេស៊ី គិត​ជា​ទឹកប្រាក់​ប្រមាណ ២.៥ លាន​ដុល្លារ ហើយ​បាន​នាំចេញ​បន្តទៅ​កាន់​អាមេរិក ជប៉ុន អឺរ៉ុប និង​តៃវ៉ាន់​ទៀត​។​
 
​ដោយ​មើលឃើញ​ពី​លំហូរ និង​ឱកាស​នេះ លោកស្រី​រដ្ឋមន្ត្រី ចង់​ឲ្យ​ក្រុមហ៊ុន​វៀតណាម បន្ត​បង្កើន​ការនាំ​ចូល​នេះ ហើយ​លោកស្រី ក៏បាន​ប្រកាស​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​វៀតណាម​បំពេញ​ទស្សនកិច្ច​ទៅកាន់​ឥណ្ឌូណេស៊ី​ដើម្បី​មើល​ពី​សក្តានុពល​លើ​វិស័យ​នេសាទ​នៅ​ឥណ្ឌូណេស៊ី រាប់បញ្ចូល​ទាំង​នៅ​ប្រជុំ​ណា​ទុ​ណា​ផង​។ លោកស្រី រំពឹងថា វៀតណាម និង​ឥណ្ឌូណេស៊ី អាច​រួមគ្នា​កសាង​ចង្វាក់​ផលិតកម្ម​នេសាទ​នៅ​ឥណ្ឌូណេស៊ី​បានល្អ​ប្រសើរ ។ 
 
​គួរ​ជម្រាប​ថា ឥណ្ឌូណេស៊ី គឺជា​រដ្ឋ​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​សម្បូរ​ទៅដោយ​ប្រជុំ​កោះ​។ ឥណ្ឌូណេស៊ី ក៏ត្រូវ​បាន​គេ​ស្គាល់​ថា រដ្ឋ​មួយ​ដែលមាន​សក្តានុពល​ផ្នែក​ធនធាន​សមុទ្រ​។ កន្លងមក ដោយ​សារភាព​សម្បូរបែប​នេះ មាន​ទូក​នេសាទ​បរទេស​ជាច្រើន ដែល​ក្នុងនោះ​ភាគច្រើន​មកពី​វៀតណាម និង​ចិន បាន​ចូលទៅ​នេសាទ​ខុសច្បាប់​នៅក្នុង​ដែន​អធិបតេយ្យ​ឥណ្ឌូណេស៊ី  ដែល​សកម្មភាព​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​អះអាង​បានធ្វើ​ខ្លួន បាន​បាត់បង់​ចំណូល​ជាតិ​រាប់លាន​ដុល្លារ​៕ 

Tag:
 ​ឥណ្ឌូណេស៊ី​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com