អន្តរជាតិ
លោក ស៊ី ជិនភីង៖ ចិន គាំទ្រមីយ៉ាន់ម៉ាជ្រើសរើសផ្លូវអភិវឌ្ឍស្របតាមស្ថានការណ៍ជាតិខ្លួន ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃសមភាគីមីយ៉ាន់ម៉ា វីន ម្ញីន ។ រូបភាព Xinhua
× ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី១៧ ខែមករា បានទៅដល់ទឹកដីមីយ៉ាន់ម៉ា ដែលជាដំណើរទស្សនកិច្ចលើកដំបូងគេរបស់មេដឹកនាំចិនទៅកាន់ប្រទេសសមាជិកអាស៊ានមួយនេះក្នុងរយៈពេល១៩ឆ្នាំ។ ចំពោះមុខមេដឹកនាំមីយ៉ាន់ម៉ា លោក ស៊ី បានជំរុញទំនាក់ទំនងទ្វេភាគីឲ្យដល់កម្រិតខ្ពស់ថ្មីមួយ និងគាំទ្រមីយ៉ាន់ម៉ាក្នុងការអភិវឌ្ឍប្រទេសផងដែរ។ ទៅដល់មីយ៉ាន់ម៉ា មេដឹកនាំចិនក៏នាំទៅជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។
ជាមេដឹកនាំចិនដំបូងដែលធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាចាប់តាំងពីឆ្នាំ២០០១ លោក ស៊ី ជិនភីង ទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់។ យន្តហោះពិសេសដឹកនាំប្រធានាធិបតីចិន ត្រូវបានអមដំណើរដោយយន្តហោះចម្បាំងមីយ៉ាន់ម៉ា ដែលការបង្ហាញពីការផ្ដល់កិត្តិយសកម្រិតខ្ពស់។ ប្រធានាធិបតីមីយ៉ាន់ម៉ា វីន ម្ញីន បានរៀបចំពិធីបដិសណ្ឋារកិច្ចស្វាគមន៍អធិកអធមមួយនៅវិមានប្រធានាធិបតីក្នុងរដ្ឋធានីណៃពិដោនៅថ្ងៃទី១៧ ខែមករា។
លោក ស៊ី ប្រាប់សមភាគីមីយ៉ាន់ម៉ាថា ដំណើរទស្សនកិច្ចរបស់លោកនៅមីយ៉ាន់ម៉ាលើកនេះ ជាការឲ្យតម្លៃលើទំនាក់ទំនងភាតរភាពរវាងចិន និងមីយ៉ាន់ម៉ា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីថែមទៀត។ ចំពោះមុខលោក វីន ម្ញី ប្រមុខរដ្ឋចិនប្រកាសថា ប្រទេសចិន និងប្រជាជនចិនគាំទ្រមីយ៉ាន់ម៉ាក្នុងការជ្រើសរើសផ្លូវសមស្របដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួន ហើយចិនក៏ត្រៀមខ្លួនជួយផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។
ប្រធានាធិបតីចិន ក៏បង្ហាញឆន្ទៈធ្វើការជាមួយមីយ៉ាន់ម៉ាក្នុងការជំរុញល្បឿនគម្រោងសាងសង់នានានៃគម្រោងច្រករបៀងសេដ្ឋកិច្ចមីយ៉ាន់ម៉ា-ចិន។ គម្រោងនេះ ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថីរបស់លោក ស៊ី ផ្ទាល់។ កិច្ចព្រមព្រៀងជាច្រើនទៀត ក៏ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះផងដែរ។ គម្រោងច្រករបៀងនេះ គឺជាផ្លូវដឹកជញ្ជូនថ្មីមួយទៀតរបស់ចិន ពិសេសការដឹកជញ្ជូនប្រេងពីមជ្ឈិមបូព៌ាកាត់តាមមីយ៉ាន់ម៉ា ដែលនឹងសន្សំពេលវេលា និងលុយកាក់សន្ធឹក។
លោក ស៊ី ក៏បានជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ អ៊ុងសាន ស៊ូជី ផងដែរ។ មេដឹកនាំចិន ក៏បានប្រកាសម្ដងទៀតពីជំហររបស់ចិនក្នុងការគាំទ្រមីយ៉ាន់ម៉ាលើការអភិវឌ្ឍរបស់ខ្លួន។ ដោយចាត់ទុកចិនជាមិត្តល្អមីយ៉ាន់ម៉ា អ្នកស្រី ស៊ូជី ជឿថា ដំណើរទស្សនកិច្ចរបស់លោក នឹងជួយជំរុញទំនាក់ទំនងទ្វេភាគដល់កម្រិតកំពូលផងដែរ។
ការបង្ហាញជំហររបស់ចិនបែបនេះ ពិតជាធ្វើឲ្យមីយ៉ាន់ម៉ាពេញចិត្ត ខណៈរងការរិះគន់ខ្លាំងពីលោកខាងលិចទាក់ទងសំណុំរឿងរ៉ូហ៊ីងយ៉ា។ អ្នកស្រី ស៊ូជី ផ្ទាល់ ដែលធ្លាប់ត្រូវបានគេចាត់ទុកវីរនារីសន្តិភាព តំណាងសិទ្ធិមនុស្ស ក៏ត្រូវបាក់មុខលើឆាកអន្តរជាតិ ឯមីយ៉ាន់ម៉ាក៏ត្រូវរដ្ឋអាហ្វ្រិកហ្គំប៊ីប្ដឹងឡើងតុលាការអន្តរជាតិទៅទៀត។ បច្ចុប្បន្ននេះ សំណុំជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅតែមិនទាន់រកច្រកចេញឃើញដដែល។
ចិន គឺជាដៃគូពាណិជ្ជកម្មធំរបស់មីយ៉ាន់ម៉ា ហើយក្នុងឆ្នាំ២០១៩ ពាណិជ្ជកម្មទ្វេភាគីមានទំហំ១៦,៨ពាន់លានដុល្លារ។ ចិន ក៏ជាម្ចាស់បំណុលធំមួយរបស់មីយ៉ាន់ម៉ាផងដែរ។ កំពង់ផែ Kyaukphyu ក្នុងរដ្ឋ Rakhine ជាគម្រោងធំមួយរបស់ចិនតម្លៃ១,៣ពាន់លានដុល្លារ ហើយជាមាត់ច្រកសម្រាប់ចិននៅសមុទ្រឥណ្ឌាផងដែរ៕
Tag:
ចិន
មីយ៉ាន់ម៉ា
ស៊ី ជិនភីង
អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com