ជាតិ
កូនដំរីវង្វេងហ្វូងមួយក្បាល ត្រូវបានសង្គ្រោះនៅដែនជម្រកសត្វព្រៃភ្នំព្រេច មន្ត្រីឧទ្យានុរក្សផ្តល់ទឹក និងចំណីដល់កូនដំរីដែលបែកចេញពីហ្វូង ដែលគេប្រទះឃើញនៅដែនជម្រកសត្វព្រៃភ្នំព្រេច((រូបពីទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន)
× ភ្នំពេញ៖ កូនដំរីមួយក្បាលអាយុប្រហែល១មួយសប្ដាហ៍ និងមានរូបរាងស្គមស្គាំង ត្រូវបានពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១៧ មករា នៅដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កូនដំរី ដែលទំនងរង្វេងចេញពីហ្វូងនេះ ត្រូវបានក្រុមឧទ្យានុរក្ស សង្គ្រោះ និងផ្តល់ចំណីនៅថ្ងៃទី១៨ មករា។
លោក នេត ភាក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១៩នេះថា៖«ពេទ្យសត្វ និងមន្ត្រីឧទ្យានុរក្ស បានមើលថែកូនដំរីយ៉ាងយកចិត្តទុកដាក់ និងរង់ចាំហ្វូងរបស់វាមករកវិញ។ ករណីហ្វូង ឬមេរបស់វាមិនត្រលប់មក ក្រុមឧទ្យានុរក្ស នឹងបន្តមើលថែ ហើយរកកន្លែងសម្រាប់ចិញ្ចឹមកូនដំរីនេះ»។
សូមរំឭកថា កាលពីថ្ងៃទី១៥ មករា គេក៏បានប្រទះឃើញសពកូនដំរី១ក្បាល នៅក្នុងចំណុចអូរលាវ ព្រំប្រទល់រវាងខេត្តរតនគិរី និងមណ្ឌលគិរីផងដែរ។ មន្ត្រីជំនាញក៏មិនដឹងមូលហេតុងាប់របស់វាដែរ ប៉ុន្តែបើតាមអ្នកភូមិ ១០ថ្ងៃមុនប្រទះឃើញសពកូនដំរីនេះ មានដំរីមួយហ្វូងប្រមាណ២០ ទៅ៣០ក្បាល បានចូលមកឧទ្យានជាតិអូរយ៉ាដាវ ហើយបានកាច់ដើមឬស្សី និងមែកឈើ បន្សល់លាមកជាច្រើន ហើយ ឆ្លងទៅទឹកដីខេត្តមណ្ឌលគិរី៕
© រក្សាសិទ្ធិដោយ thmeythmey.com