ជាតិ
បញ្ជូន​មន្ត្រី​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​២​នាក់ ទៅ​តុលាការ ក្រោយ​អ្នក​ជាប់ឃុំ​ម្នាក់​ស្លាប់​ដោយ​ការប្រើ​ហិង្សា​
19, Jan 2020 , 2:25 pm        
រូបភាព
​ភ្នំពេញ​៖ នាយក​ទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ២​នាក់ ត្រូវបាន​បញ្ជូនទៅ​តុលាការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក្រោយ​ជន​ត្រូវ​ចោទ​ម្នា​ក់បាន​ស្លាប់ នៅក្នុង​ពន្ធនាការ​ដោយ​ការប្រើ​អំពើហិង្សា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃទី​១៩ មករា​នេះ​។


 
​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ករណី​ស្លាប់​របស់​អ្នក​ជាប់ឃុំ​ម្នាក់ ក្រោយ​មានប្រតិកម្ម​ពី​នាយករដ្ឋមន្ត្រី​។ នៅ​ថ្ងៃទី​១៩ មករា​នេះ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​ធ្វើ​អធិការកិច្ច​របស់ខ្លួន ដោយ​រកឃើញថា​នាយទាហាន​កងរាជអាវុធហត្ថ ២​នាក់ ពិតជា​បាន​ប្រើ​អំពើហិង្សា លើ​អ្នក​ជាប់ឃុំ​ដោយ​ប្រាកដ​មែន​។ 
 
​សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់​ដូច្នេះ​៖«​ការធ្វេសប្រហែស​ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច ដោយ​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ជាមួយ​ក្រុម​ក្មេង​ដែល​កំពុង​អប់រំ​បន្សាប​គ្រឿងញៀន និង​បណ្តោយ​ឲ្យ​ក្មេង​ទាំងនោះ វាយ​ធ្វើបាប​ជនសង្ស័យ​។ ក្រោយ​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ តាម​ដីកាឃុំខ្លួន​បណ្តោះអាសន្ន របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ជន​ត្រូវ​ចោទ​ឈ្មោះ ទុយ ស្រស់ បាន​ស្លាប់​»​។​
 
​នាយទាហាន​ទាំង​២​នាក់ មាន​ម្នាក់​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​ម្នាក់ទៀត ជា​ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​
 
អត្ថបទទាក់ទង
 
​សូមបញ្ជាក់ថា លោក ទុយ ស្រស់ ជា​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​៥​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ការតវ៉ា​រឿង​ដីធ្លី​។ លោក បាន​ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​៕

Tag:
 អាវុធហត្ថ​
 ​អ្នក​ជាប់ឃុំ​
  ហិង្សា​
 ​ពន្ធនាគារ​
 ​ជម្លោះដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com