ជាតិ
បញ្ជូនមន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ២នាក់ ទៅតុលាការ ក្រោយអ្នកជាប់ឃុំម្នាក់ស្លាប់ដោយការប្រើហិង្សា
× ភ្នំពេញ៖ នាយកទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ២នាក់ ត្រូវបានបញ្ជូនទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយជនត្រូវចោទម្នាក់បានស្លាប់ នៅក្នុងពន្ធនាការដោយការប្រើអំពើហិង្សា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩ មករានេះ។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ស្រាវជ្រាវ និងផ្ទៀងផ្ទាត់ករណីស្លាប់របស់អ្នកជាប់ឃុំម្នាក់ ក្រោយមានប្រតិកម្មពីនាយករដ្ឋមន្ត្រី។ នៅថ្ងៃទី១៩ មករានេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលធ្វើអធិការកិច្ចរបស់ខ្លួន ដោយរកឃើញថានាយទាហានកងរាជអាវុធហត្ថ ២នាក់ ពិតជាបានប្រើអំពើហិង្សា លើអ្នកជាប់ឃុំដោយប្រាកដមែន។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ដូច្នេះ៖«ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារកិច្ច ដោយឃាត់ខ្លួនជនសង្ស័យ នៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឲ្យក្មេងទាំងនោះ វាយធ្វើបាបជនសង្ស័យ។ ក្រោយបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ តាមដីកាឃុំខ្លួនបណ្តោះអាសន្ន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់»។
នាយទាហានទាំង២នាក់ មានម្នាក់ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងម្នាក់ទៀត ជាជំនួយការការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
សូមបញ្ជាក់ថា លោក ទុយ ស្រស់ ជាពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ ដែលត្រូវបានចាប់ខ្លួនដោយសារការតវ៉ារឿងដីធ្លី។ លោក បានស្លាប់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ៕
Tag:
អាវុធហត្ថ
អ្នកជាប់ឃុំ
ហិង្សា
ពន្ធនាគារ
ជម្លោះដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com