ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩កន្លងទៅ ភ្នំឱរ៉ាល់ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ៤,៥១៥នាក់ ក្នុងនោះមានស្ត្រីចំនួន ៤០ភាគរយ។ ដោយឡែកឆ្នាំ២០១៨ ភ្នំខ្ពស់ជាងគេនៅកម្ពុជាមួយនេះ បានទទួលស្វាគមន៍អ្នកទេសចរចំនួន ៣,៨០០នាក់។ នេះបើតាម លោកសុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។
ភ្នំឱរ៉ាល់ បានក្លាយជាកន្លែងទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងឆ្នាំ២០១៩កន្លងទៅ ភ្នំឱរ៉ាល់ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ៤,៥១៥នាក់ កើនជាង១៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលមានទេសចរប្រមាណ៣,៨០០នាក់។ នេះបើតាម លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។
រូបភាព លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ នាភ្នំឱរ៉ាល់
សម្រាប់លោកអភិបាលរងខេត្ត កំណើនភ្ញៀវទេសចរ ឡើងភ្នំឱរ៉ាល់ មិនត្រឹមតែធ្វើឲ្យខេត្តមានមោទកភាពនោះទេ ថែមទាំងបានបង្កើតការងារកាន់តែច្រើនឲ្យអ្នកនាំភ្ញៀវនៅទីនោះ។ បើតាម លោក សុខ ភា បច្ចុប្បន្នអ្នកនាំភ្ញៀវទេសចរឡើងភ្នំ កើនជិត២០នាក់។
លោក សុខ ភា បន្ថែម៖«អ្នកនាំភ្ញៀវទាំងនោះ មិនត្រឹមទទួលបានចំណូលពីការនាំភ្ញៀវឡើងភ្នំទេ គឺបានចំណូលពីការលក់នូវអាហារដូចជា មាន់ និងគ្រឿងបរិភោគមួយចំនួនផងដែរ។ ទាំងនេះជាចំណុចដែលគួរអបអរសាទរ និងជំរុញបន្ថែមលើការងារនេះ ដើម្បីអភិវឌ្ឍតំបន់ឱរ៉ាល់ឲ្យក្លាយជាតំបន់ទេសចរណ៍គោលដៅរបស់ខេត្តកំពង់ស្ពឺ»។
កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើឲ្យ អ្នកនាំភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ លោក ឈឺន ឆីម រីករាយជាពន់ពេក។ លោក ឆីម រៀបរាប់ថា៖ «ខ្ញុំសប្បាយចិត្តមែនទែន ពេលដែលគាត់មកច្រើន (ភ្ញៀវទេសចរ)។ សប្បាយចិត្តត្រង់ថា យើងក៏បានចំណូលច្រើន ជាពិសេសកម្លាំងសហគមន៍យើង ពួកគាត់ក៏បានដោះស្រាយជីវភាពនៅក្នុងគ្រួសារបានធូរស្រាលខ្លះដែរ។ ហើយណាមួយ ពួកគាត់ បានឈប់ពីការកាប់ឈើមកចូលរួមធ្វើជាអ្នកនាំភ្ញៀវ»។
តាមលោក ឈឺន ឆីម ក្នុងខែមករានេះ មានភ្ញៀវទេសចរជិត២០០នាក់ហើយ ដែលបានធ្វើដំណើរឡើងភ្នំឱរ៉ាល់។ លោក ឈឺន ឆីម ក៏បានបេ្តជ្ញាចិត្ត យកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរឡើងភ្នំឱរ៉ាល់ផងដែរ។
ភ្នំឱរ៉ាល់ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្ត ។ ដើម្បីទៅដល់ភ្នំឱរ៉ាល់ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមគោយន្តពីភូមិស្រែកិន៣ ទៅដល់ជើងភ្នំប្រមាណ ១២គីឡូម៉ែត្រ និងធ្វើដំណើរថ្មើរជើងឡើងពីរដំណាក់ទើបដល់កំពូលភ្នំ៕