ជាតិ
លោក ឈុត ឈា​ណា យក​រូប​ត្រី​ច្នៃ​ជា​សន្លឹក​បៀ ដើម្បី​ផ្សព្វផ្សាយ​ត្រី​កម្រ និង​ជិត​ផុត​ពូជ​នៅ​កម្ពុជា​
19, Jan 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ លោក ឈុត ឈា​ណា អ្នកសម្របសម្រួល​ការ​ផ្សព្វផ្សាយ នៃ​គម្រោង​អច្ឆរិយ​ភាព​ទន្លេមេគង្គ បានសម្រេច​ចិត្ត​គូររូប​ត្រី​កម្រៗ និង​ជិត​ផុត​ពូជ​មួយចំនួន​ដាក់​ក្នុង​ក្រដាស ដែលមាន​ទម្រង់​ដូច​ទៅនឹង​សន្លឹក​បៀ ដើម្បី​ផ្សព្វផ្សាយ​ពី​ពពួក​ត្រី​ទាំងនោះ ទៅ​សហគមន៍​នេសាទ និង​តំបន់​ដាច់ស្រយាល​។ បើតាម​លោក ឈុត ឈា​ណា ប្រជាជន​ខ្មែរ​ភាគច្រើន មិនសូវ​ស្គាល់ឈ្មោះ និង​រូបរាង​ត្រី​នៅតាម​ដង​ទន្លេមេគង្គ​ប៉ុន្មាន​ឡើយ​។ មូលហេតុ​នេះហើយ ទើប​លោក ឈុត ឈា​ណា ច្នៃ​រូប​ត្រី​ទាំងនោះ​។​


 
​ជា​អ្នកសម្របសម្រួល​ការផ្សព្វផ្សាយ នៃ​គម្រោង​អច្ឆរិយ​ភាព​ទន្លេមេគង្គ លោក ឈុត ឈា​ណា ធ្លាប់​បានធ្វើ​សៀវភៅ​ផាត់​ពណ៍​រូប​ត្រី និង​ធ្វើ​ប្រតិទិន ដែល​ជ្រើស​រើសយក​ត្រី​កម្រៗ និង​ជិត​ផុត​ពូជ​មួយចំនួន រស់នៅ​តាម​ដង​ទន្លេមេគង្គ​កម្ពុជា​។ ទោះជា​យ៉ាងណា ក្នុង​បំណង​ផ្សព្វផ្សាយ​ពី​ប្រភេទ​ត្រី​កម្រ និង​ជិត​ផុត​ពូជ ឱ្យបាន​កាន់តែ​ទូលាយ និង​ច្រើន​ប្រភេទ លោក ឈុត ឈា​ណា បានជ្រើសរើស​ទម្រង់​សន្លឹក​បៀ ជា​មធ្យោបាយ​។​
 
​គូររូប​ត្រី​ដោយ​ខ្លួនឯង ដោយ​យក​គំរូ​ទាំងស្រុង​ពី​ត្រីពិត លោក ឈា​ណា បញ្ជាក់​ដូច្នេះ​៖«​ត្រី​នៅក្នុង​សន្លឹក​បៀ​នេះ មួយចំនួន​មាន​ច្រើន​ដែរ តែ​ប្រជាជន​ខ្មែរ​យើង​មិនសូវ​ស្គាល់​ឡើយ​។ ហើយ​ត្រី​មួយចំនួនទៀត វា​ជា​ប្រភេទ​ត្រី​កម្រ និង​ជិត​ផុត​ពូជ​។ ខ្ញុំ​ធ្វើ​រូប​ត្រី​នេះ មិនមែន​ដើម្បី​លក់​ទេ គឺ​ដើម្បី​ចែក​ទៅ​តំបន់​ដាច់ស្រយាល និង​តំបន់​សហគមន៍​នេសាទ ដើម្បីឱ្យ​ពួកគាត់​បាន​ស្គាល់​ត្រី​កម្រ និង​ជិត​ផុត​ពូជ​កាន់តែច្រើន និង​បាន​ចូលរួម​រក្សា​ជម្រក​រប​ស់ត្រី​។ ខ្ញុំ​មិនមែនជា​អ្នកជំនាញ​ទេ តែ​ខ្ញុំ​គិតថា​ការនេសាទ​ហួស​កម្រិត ព្រមទាំង​ការបាត់បង់​ទីជម្រក វា​អាចជា​មូលហេតុ​ដែលនាំឱ្យ​ត្រី​ទាំងនោះ​មាន​កាន់តែ​តិច​»៕



Tag:
 ត្រី​
  ឈុត ឈា​ណា​
 ​បៀ​
© រក្សាសិទ្ធិដោយ thmeythmey.com