អន្តរជាតិ
កងទ័ពថៃ ប្រកាសស្វាមីភក្តិឥតងាករេចំពោះមហាក្សត្រ មហាក្សត្រថៃ មហា វជិរាលង្ករណ៍ និងមហេសី សុធិតា នាពិធីរំឭកទិវាកងទ័ពថៃ។ រូបភាព AFP
× កងទ័ព និងប៉ូលិសថៃជិត៧ពាន់នាក់ នៅថ្ងៃទី១៨ ខែមករា បានធ្វើពិធីស្បថស្បែប្រកាសស្វាមីភក្តិចំពោះមហាក្សត្រ មហា វជិរាលង្ករណ៍ ។ ពីពិធីក្នុងខេត្តស្រះបុរីដែលធ្វើឡើងដើម្បីរំឭកទិវាកងទ័ពផងនោះ កងទ័ពថៃទាំងអស់បានប្រកាសពីការគោរព និងក្ដីស្មោះត្រង់ដាច់ខាតចំពោះស្ថាប័នមហាក្សត្រ។ ស្ដេច មហា វជិរាលង្ករណ៍ បានទទួលយកការស្បថសច្ចានេះ ហើយស្នើឲ្យកងទ័ពគោរពពាក្យសន្យារបស់ពួកគេផងដែរ។
មហាក្សត្រថៃ មហា វជិរលង្ករណ៍ នៅថ្ងៃទី១៨ ខែមករា បានយាងជារាជាធិបតីក្នុងពិធីតាំងសច្ចារបស់កងទ័ព និងប៉ូលិសជិត៧ពាន់នាក់ដែលធ្វើឡើងដើម្បីអបអរទិវាកងទ័ពរបស់ថៃ។ កងទ័ពទាំងអស់ បានប្រកាសពីការដង្ហែតាមមហាក្សត្រ និងបម្រើប្រយោជន៍រាស្ត្រ។ នេះជារឿងកម្រមួយដែលមហាក្សត្រថៃចូលរួមក្នុងពិធីរបស់កងទ័ពដែលមានទ្រង់ទ្រាយបែបនេះ ទោះជាស្ថាប័នទាំងពីរមានទំនាក់ទំនងគ្នាខ្លាំងក្លាក៏ដោយចុះ។
«ខ្ញុំសច្ចាយកជីវិតដើម្បីរក្សាតេជានុភាពរបស់មហាក្សត្រ។ ខ្ញុំសច្ចាស្មោះស្ម័គ្រចំពោះមហាក្សត្រ ហើយបម្រើ ការពារមហាក្សត្ររហូតជីវិតចុងក្រោយ។» នេះជាពាក្យសច្ចារបស់កងទ័ព និងប៉ូលិសថៃដែលមានវត្តមានក្នុងពិធី។ អគ្គបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ Pornpipat Benyasri ជាអ្នកដឹកនាំការធ្វើសច្ចាប្រណិធាននេះក្នុងពិធីដែលនៅបន្ទាយយោធា Adisorn ក្នុងខេត្តស្រះបុរី (Saraburi) ភាគកណ្ដាលថៃ។
ស្ដេចរាមាទី១០ នៃសន្តិវង្សចក្រីរបស់ថៃ បានអរគុណការស្បថស្បែរបស់កងទ័ពទាំងអស់ ហើយរំពឹងថាពួកគេនឹងអនុវត្តតាមការស្បថរបស់ខ្លួនដែលបម្រើប្រជាជន និងប្រទេសឲ្យបានល្អ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ។ មហាក្សត្រថៃអង្គនេះ ក៏ស្នើឲ្យកងទ័ពទាំងអស់ហ៊ានពលីជីវិតក្នុងពេលចាំបាច់ផងដែរ។
បើតាមរដ្ឋាភិបាលថៃ ពិធីរំឭកទិវាកងទ័ពដែលមានការដង្ហែក្បួនព្យុហយាត្រាផងនោះ ក៏ជាកម្មវិធីអបអរការឡើងគ្រងរាជ្យសម្បត្តិរបស់មហាក្សត្រ មហា វជិរាលង្ករណ៍ ផងដែរ។ ពិធីឡើងគ្រងរាជ្យនេះ បានធ្វើកាលពីឆ្នាំ២០១៨ កន្លងទៅ។
មហាក្សត្រ និងយោធា គឺជាស្ថាប័នមានអំណាចបំផុតរបស់ថៃ ហើយមានឥទ្ធិពលលើសលប់លើនយោបាយដ៏ផុយស្រួយទៀតផង។ រដ្ឋប្រហារឆ្នាំ២០០៦ និងឆ្នាំ២០១៤ ជាឧទាហរណ៍មួយនៃចំនងស្អិតល្មួតរវាងមហាក្សត្រ និងកងទ័ពដែលស្មោះត្រង់នឹងស្ដេច។ មហាក្សត្រ មហាវជិរាលង្ករណ៍ ផ្ទាល់ក៏មានប្រវត្តិចេញពីកងទ័ពដែរ ដែលការណ៍នេះត្រូវបានគេមើលឃើញថា ជួយពង្រឹងអំណាចរាជវាំងកាន់តែខ្លាំងថែមទៀត៕
Tag:
ថៃ
មហា វជិរាលង្ករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com